ស្របពេលដែលតារាសម្ដែងសិចស៊ីនាងឌុច លីដា ទើបត្រូវព្រនង់ផលិតករ៣រូបដែលបានចេញមុខរិះគន់នាងធ្ងន់ៗថា ជាតារាមិនគោរពពេលវេលា និងមានទម្លាប់អាក្រក់ច្រើនយ៉ាង ឡើងផ្អើលសង្គមហ្វេសប៊ុកនោះ លោកហេង នរៈកក្កដា ស្រាប់តែចេញមុខបង្ហោះវីដេអូរិះគន់ពីអត្តចរិតរបស់តារាដែលលោកនិយាយថា អន់ចរិតនៅក្នុងវិថីសិល្បៈផងដែរ។ អ្វីដែលលោកលើកឡើងបើទោះមិនបានបញ្ជាក់ថា សំដៅតារាណា ក៏មិនខុសពីសំដៅលើ ឌុច លីដា នោះដែរដោយសារតែនាងទើបតែទទួលរងការរិះគន់ពីក្រុមផលិតករយ៉ាងចាស់ដៃ។
លោកហេង នរៈកក្កដា បាននិយាយក្នុងវីដេអូឃ្លីបថា លោកពិតជាហួសចិត្តយ៉ាងខ្លាំងដែលក្នុងនាមជាតារាម្នាក់ ជាតួម្នាក់ ប៉ុន្តែសុខចិត្តមកយឺតអោយក្រុមការងារមួយផលិតកម្ម និងអោយតារាជាច្រើនដេកចាំថត និងពេលខ្លះឈានដល់បោកគ្រាប់បែកមិនមកផង ធ្វើអោយតារាសិល្បៈ និងផលិតកម្មខាតបង់។ លោកថាតើជារឿងសមស្របឬទេ ដែលខ្លួនឯងទទួលការងារពីផលិតកររួចហើយ ប៉ុន្តែបែរជាបង្កផលវិបាកអោយគេរង់ចាំ និងអោយគេខាតម៉ោងខាតពេលដោយមិនខ្មាស់ពីអ្វីដែលខ្លួនឯងបានធ្វើ។ លោកបានបន្ទោសតារាដដែលនោះថា បើដឹងថាខ្លួនឯងមានចរឹងអាក្រក់ម្លឹងៗតើគួរឬទេ ដែលខ្លាចផលិតករស្ដីបន្ទោស និងចេញមុខរិះគន់។
គេមិនទាន់ដឹងថាពាក្យសម្ដីធ្ងន់ៗរបស់លោកតើសំដៅទៅកាន់តារាប្រុស តារាស្រី តារាតែម្នាក់ ឬតារាច្រើននាក់នោះទេ ខណៈដែលគេកាត់ស្មានគឺតារាម្នាក់នោះពិតជាតួសំខាន់ក្នុងរឿង និងតួល្បីផង ទើបមានឥទ្ធិពលធ្វើអោយក្រុមផលិតករត្រូវតែផ្អាកថតហើយដេករង់ចាំ ដោយមិនអាចកាត់ប្លង់របស់តារានោះចោល ដើម្បីអោយឆាប់បានចប់រឿង។ ការលើកឡើងរបស់លោក គឺស្របនឹងអត្តចរិតរបស់ ឌុច លីដា តែម្ដង ក្នុងពេលដែលមានផលិតករ៣នាក់បានព្រួតគ្នាបកអាក្រាត។
មុននេះបន្តិច លោក យូអ៊ីន ផលិតកររឿង«លង់ស្នេហ៍អ្នកគ្រូ»ធ្លាប់អះអាងថាឌុច លីដា បានបិទទូរស័ព្ទមិនមកថតក្នុងរឿងរបស់លោកធ្វើអោយក្រុមការងារ និងផលិតកម្មខាតបង់អស់ជិត៣ពាន់ដុល្លារ ដោយសារតែនាងប្រាប់ថារាគមួលមកថតមិនបាន ប៉ុន្តែការពិតនាងរត់ទៅថតអោយខាងផ្សេង។ លោកបានសម្រេចចិត្តកាត់ប្លង់នាងចោល ហើយដាក់បញ្ចាំងរឿង«លង់ស្នេហ៍អ្នកគ្រូ»ទាំងដូរខ្លឹមសារធ្វើអោយផលិតកម្មមិនមានសាច់រឿងមួយល្អ។ ប៉ុន្តែ ឌុច លីដា បានឆ្លើយតបថាបណ្ដាលមកពីផលិតករនោះប្រាប់នាងថាមួយរឿងនោះនាងត្រូវសម្ដែងជាង១០ថ្ងៃ ហើយមកបែរជាថតតែ៣ថ្ងៃធ្វើអោយនាងខាតកម្រៃស៊ីថ្ងៃប៉ុណ្ណោះ ទើបនាងមិនទៅថតអោយបន្ត។
រឿងដែលកំពុងផ្ទុះឡើងក្ដៅគគុកនោះថ្មីៗនេះលោកគាំ ចន្ធី ម្ចាស់ផលិតកម្ម CFI ផលិតករឿង«ទូកបាត់ច្រវ៉ា»ដែលឌុច លីដា ជាតួឯក បានអះអាងថា ឌុច លីដា ថតកុនជាមួយផលិតកររូបណានាងជាតារាគោរពពេលវេលា និងមានវិន័យ គឺលោកមិនដឹងនោះទេ ប៉ុន្តែលោកមានភស្ដុតាង និងសាកក្សីគ្រប់គ្រាន់ថា លោកជាតារាដែលមានទម្លាប់អាក្រក់ និងមិនខ្វល់ពីការខាតបង់របស់ផលិតករ។ លោកថាតាំងពីបានចេញថតក្នុងរឿង«ទូកបាត់ច្រវ៉ា»នាងជាតារាសំបូរហេតុផលមិនអាចមកថតតាមការស្នើសុំជាងគេ ទើបរឿងមួយនេះត្រូវដាក់ផ្សាយនៅPNN តាំងថ្ងៃទី១៦ ខែ៩ ប៉ុន្តែមកទល់ពេលនេះ គឺថតមិនទាន់ចប់ និងដាក់ផ្សាយអត់បាន ដោយសារតែនាងអោយថតតិចថ្ងៃខុសពីកិច្ចព្រមព្រៀង ហើយក្នុងពេលត្រូវថតម្ដងៗ បើណាត់ម៉ោង៦គឺនាងមកដល់ម៉ោង៨ និងភាគច្រើនម៉ោង១០ ដោយក្នុងពេលខ្លះគឺមកដល់កន្លែងថតហើយក៏សុំសម្រាកទៅទៀតព្រោះតែស្រវឹងពីយប់ និងថាមិនស្រួលខ្លួនជាដើម។លោកគាំ ចន្ធី ប្រកាសប្ដឹងបើក្រោយផ្ទុះរឿងចម្រូងចម្រាស់ហើយនាងមិនព្រមថតរឿងអោយលោកដល់ចប់ ដែលកាន់តែធ្វើអោយលោកមិនអាចដោះស្រាយជាមួយPNN។ លោកថាឌុច លីដា បើរឿងលុយកាក់គឺច្បាស់លាស់ ប៉ុន្តែសម្រាប់ការថតគឺមើលស្រាលចំពោះការបង់ខាតរបស់ផលិតករយ៉ាងខ្លាំង ទើបលោកត្រូវតែចេញមុខហែកហួរក្រោយពេលនាងខឹងបើកលុយពីលោកមិនបានទាន់ចិត្តហើយបង្ហោះវាយប្រហារលោកលើហ្វេសប៊ុក។
ផលិតករមួយរូបដែលសុំមិនទាន់បង្ហាញមុខនៅឡើយ បានអះអាងថា ឌុច លីដា ក៏ក្រឡុកផលិតកម្មរបស់លោកផងដែរ ប៉ុន្តែលោកនៅទ្រាំសិន ដោយអះអាងថាបើនាងនៅតែបន្តលើកថ្ងៃបែបនេះបែបនោះធ្វើអោយផលិតកម្មរបស់លោកខាតបង់បន្តបន្ទាប់ទៀត គឺលោកនឹងចេញមុខទម្លាយដូចលោក គាំ ចន្ធី។ ការទម្លាយរបស់ផលិតករទាំង៣ ធ្វើអោយគេយល់ថាថាពាក្យសម្ដីរបស់ ហេង នរៈកក្កដា ត្រូវនឹងអត្តចរឹករបស់នាងក្រោយការរិះគន់ បើទោះលោកអាចនឹងសំដៅតារាផ្សេង។
យ៉ាងណាពាក់ព័ន្ធនឹងដំណឹងនេះមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកហេង នរះកក្កដា បានទេហើយតារាសិចស៊ី ល្បីឈ្មោះកញ្ញាឌុច លីដា ក៏មិនអាចទាក់ទងសុំការបកស្រាយបានដែរ៕
https://youtu.be/aWVzjCwC_EI