Thursday, November 28, 2024
Homeតារាខ្មែរទេព បូព្រឹក្ស និយាយអ្វីខ្លះ ក្រោយពីមានអ្នកនិយាយដៀមដាមថា នាងនៅពីក្រោយទំនាស់ដេវីត និងពេជ្រ សោភា

ទេព បូព្រឹក្ស និយាយអ្វីខ្លះ ក្រោយពីមានអ្នកនិយាយដៀមដាមថា នាងនៅពីក្រោយទំនាស់ដេវីត និងពេជ្រ សោភា

ទេព បូព្រឹក្ស ដែលជាដៃគូចម្រៀង និងស្នេហ៍ ងួន ចាន់ដេវីត នោះ ត្រូវបានគេចោទថា នាងនៅពីក្រោយរឿងដេវីត តែងនិយាយដៀមដាមឌឺដងដាក់ពេជ្រ សោភា និងទំនាស់ដេវីត និងតារាចម្រៀងរ៉េបមួយចំនួនទៀត ដែលនាំឱ្យមានភាពរញ៉េរញ៉ៃខ្លាំង នាពេលចុងក្រោយនេះ។

ក្នុងជំនួបផ្ទាល់ ទេព បូព្រឹក្ស បានប្រកែក ហើយថា នាងមិនដែលលូកដៃចូលទៅក្នុងរឿងឯកជនរបស់សោភា និងដេវីត ឡើយ តែបើរឿងការធ្វើបទចម្រៀង ទើបនាងត្រូវតែមានការពិភាក្សាគ្នាមែន…។

ងួន ចាន់ដេវីត និងទេព បូព្រឹក្ស

ទេព បូព្រឹក្ស ដែលឆក់ម្ចាស់បទ “រាំញីកែងជើង” ពីពេជ្រ សោភា នោះ ត្រូវបានរងការចោទប្រកាន់ថា នាងជាអ្នកនៅពីក្រោយជុំវិញការនិយាយឌឺដងរបស់ដេវីត ទៅពេជ្រ សោភា កាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យពួកគេកាន់តែមើលមុខគ្នាលែងចំ ហើយចុងក្រោយអ្នកដែលកាន់តែទទួលការិះគន់ខ្លាំងនោះ គឺ G-Devith ព្រោះតែម្ចាស់បទ “រាំញីកែងជើង” រូបនេះបានចូលហង្សមាស និងល្បីឈ្មោះ គឺដោយសារតែពេជ្រ សោភា ជាអ្នកយកចូល។ ប៉ុន្តែ នៅពេលដែលដេវីត កំពុងតែល្បីក្នុងការចាប់ដៃគូជាមួយសោភា នោះ ម្ចាស់បទ “អ្នកចម្រៀងបែកស្លុយ” រូបនេះក៏បានងាករេទៅចាប់ដៃគូជាមួយទេព បូព្រឹក្ស ដែលមិនដែលត្រូវគ្នាទាល់តែសោះ ជាមួយពេជ្រ សោភា នោះទៅវិញ ទើបធ្វើឱ្យមានការលេចឮថា បូព្រឹក្ស ជាអ្នកជំរុញឱ្យដេវីត និយាយដៀមដាមដាក់ពេជ្រ សោភា កាលពីពេលថ្មីៗនេះ។

ក្នុងជំនួបផ្ទាល់ជាមួយទេព បូព្រឹក្ស កាលពីពេលថ្មីនេះ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តារាចម្រៀងលេងក្បាច់រាំរូបនេះបានប្រកែកចំពោះការចោទប្រកាន់នេះ ហើយនាងថា មិនដែលលូកដៃចូលរឿងឯកជនរបស់ងួន ចាន់ដេវីត ឡើយ លើកលែងតែបទចម្រៀង គឺតែងតែមានការពិភាក្សាគ្នាមែន បើត្រូវច្រៀងរួមគ្នានោះ។

ទេព បូព្រឹក្ស បញ្ជាក់ថា “អត់ទេ! ខ្ញុំមិនដែលលូកដៃចូលរឿងគាត់ទេ ហើយមួយរយៈហ្នឹង ក៏ដូចជាគ្មានរឿងអីធ្ងន់ធ្ងរដែរ។ ខ្ញុំអត់ឃើញដេវីត មានរឿងអីអាក្រក់ផង។ បើធ្វើបទចម្រៀងទើបពួកយើងមានការពិភាក្សាគ្នាមែន តែរឿងផ្សេងវិញ ខ្ញុំមិនដែលដឹងរឿងគាត់ទេ”។

ងួន ចាន់ដេវីត

ទេព បូព្រឹក្ស ដែលត្រងយកងួន ចាន់ដេវីត ពីពេជ្រ សោភា ធ្វើឱ្យមានភាពចម្រូងចម្រាសមើលមុខគ្នាលែងចំរវាងតារាចម្រៀងទាំង៣នោះ នាំឱ្យស្រីស្អាតរូបនេះ មិនត្រឹមតែក្លាយទៅជាដៃគូចម្រៀងដ៏ស័ក្តិសមគ្នាជាមួយដេវីត នោះទេ តែស្រីស្រស់ប្រុសសង្ហា១គូនេះ ក៏ជាគូស្នេហ៍ដ៏ស្អិតល្មួតនៅក្រៅឆាកដែរ ហើយពួកគេបានទៅសាងអនុស្សារីយ៍ជាច្រើនជាមួយគ្នានៅក្រៅប្រទេស រហូតដល់លេចឮមុននេះថា គូស្នេហ៍យុវវ័យជ្រកក្រោមដំបូលតែមួយនេះ ត្រៀមភ្ជាប់ពាក្យជាមួយគ្នានោះ។ ប៉ុន្តែយ៉ាងណា ទាំងបូព្រឹក្ស និង G-Devith តែងតែរងការរិះគន់ច្រើនជាងគាំទ្រនៅពេលដែលពួកគេបញ្ចោញរូបភាពផ្អែមល្ហែមស្នេហ៍នោះ ដោយមានអ្នកខ្លះបានហៅពួកគេថា ពស់វែក និងក្រពើទៀតផង ប៉ុន្តែ បូព្រឹក្ស ហាក់មិនខ្វល់ខ្វាយច្រើនឡើយពីរឿងគេប្រមាថនាង និងដេវីត នោះ ដោយនាងថា មានមនុស្សយ៉ាងច្រើនតែ២ទៅ៣នាក់ទេ ដែលមិនពេញចិត្តនាងនិងដេវីត នោះ អ៊ីចឹងគ្មានរឿងអីត្រូវបារម្ភច្រើនឡើយ គឺនាងនៅតែបន្តចាប់ដៃគូជាមួយដេវីត ដដែល។

ពេជ្រ សោភា

ដោយឡែករឿងដែលធ្វើឱ្យមានការលេចឮថា នាងត្រៀមភ្ជាប់ពាក្យជាមួយដេវីត នោះ បូព្រឹក្ស ហាក់យល់ស្របចំពោះចំណងស្នេហ៍នាង និងដេវីត តែនាងថា នឹងត្រូវការស្វែងយល់ចិត្តគ្នាឱ្យបានច្រើនថែមទៀត ម៉្យាងពេលនេះ នាងនៅក្មេងអាយុទើប២១ឆ្នាំ អីចឹងមិនទាន់ចង់ចូលរោងការឆាប់ៗឡើយ៕

RELATED ARTICLES