Thursday, September 12, 2024
Homeតារាខ្មែរស្នងការខេត្តព្រះសីហនុ ចង់ជួបកុមារ ឡុង លីគ័ង្គ

ស្នងការខេត្តព្រះសីហនុ ចង់ជួបកុមារ ឡុង លីគ័ង្គ

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហាញនូវបំណងចង់ជួបជាមួយនឹងកុមារ ឡុង លីគ័ង្គ បេក្ខភាពប្រកួតប្រជែងក្នុងវគ្គ ផ្តាច់ព្រ័ត្រដណ្តើមយកពានរង្វាន់នៃកម្មវិធីប្រឡង ចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” បន្ទាប់ពីលោកបាន ចាប់អារម្មណ៍ឃើញថា លីគ័ង្គ គឺជាក្មេងដែល មានទាំងសំឡេងល្អ ភាពក្លាហាន និងសុភាពរាបសា ព្រមទាំងមានសីលធម៌ល្អទៀតផង។

លោកជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានបង្ហោះសារមួយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់លោកថា “ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើការច្រៀង កាយវិការ និងការនិយាយស្តី របស់ក្មេងម្នាក់ នេះណាស់ អាយុទើបតែ៩ឆ្នាំសោះ ក្លាហាន (ពិតជាគួរឱ្យគោរពស្រឡាញ់ចូលចិត្ត) សុភាព និងមានសីលធម៌ល្អ សូមក្មួយប្រុសខិតខំតស៊ូ បន្តទៀត នឹងបានសម្រេចបំណងរបស់ក្មួយជា មិនខាន អ៊ំសូមជូនពរក្មួយនឹងមានអនាគតល្អ ក្នុងជីវិតជានិច្ច…”។

លោកជួន ណារិន្ទ បានសរសេរ បញ្ចេញយោបល់ (Comment) បន្ថែមថា “ក្មេងម្នាក់ នេះ ខ្ញុំតាមឃ្លាំមើលកាយវិការទន់ភ្លន់សុភាព ចាប់ពីពេលក្លាយជាកូនក្រុមលោកព្រាប សុវត្ថិ មកម៉្លេះ មានការគោរពលោកគ្រូព្រាប សុវត្ថិ គេណាស់ ហើយពេលឡើងប្រលង ក៏ដូចគ្នា ដែរ ខ្ញុំស្រឡាញ់ពេញចិត្តគាត់ តែរឿងប្រលង ចម្រៀង ខ្ញុំមិនមានជំនាញខាងហ្នុងទេ មិនអាច វាយតម្លៃថាយ៉ាងណានោះទេ អរគុណ”។

លោកសរសេរបន្តថា “ខ្ញុំនឹងជួយក្មេង ម្នាក់នេះ ឱ្យក្លាហាន ខិតខំរៀនសូត្របន្ត និង ព្យាយាមតាមជួយគ្នា ក្នុងគោលបំណងមក ប្រលងចម្រៀងឱ្យបានជោគជ័យ។ បើបងប្អូន ណាមានការទាក់ទងបាន ខ្ញុំចង់ឱ្យក្រុមគ្រួសារ របស់ក្មេងម្នាក់នេះ ជូនមកជួបខ្ញុំ នៅស្នងការ នគរបាលខេត្ត នៅថ្ងៃទី១៦-១០-២០១៧   ខ្ញុំរង់ចាំជួបពួកគាត់ ខ្ញុំនឹងចេញសាហ៊ុយធ្វើ ដំណើរទាំងអស់ គឺគណៈស្នងការខេត្តយើងខ្ញុំ រួមគ្នាជួយក្មេងនេះតាមលទ្ធភាពជាក់ស្តែង។ ដូច្នេះសូមបងប្អូននិងក្មួយៗ ជួយតាមរកលំនៅ របស់ក្មួយម្នាក់នេះ ឱ្យបានឃើញ ហើយឆ្លើយតបមកខ្ញុំវិញផង ដើម្បីខ្ញុំទំនាក់ទំនងរក ហើយ ដើម្បីជួយលើកទឹកចិត្តក្នុងការរៀនសូត្រ និង ទំនុកបម្រុងគ្នាក្នុងការព្យាយាមមកប្រលងចម្រៀង ឱ្យបានជោគជ័យ សូមអរគុណជាថ្មីម្តងទៀត ខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់ ដូច្នេះ ចង់ណែនាំឱ្យគ្នាប្រឹងប្រែង និងខិតខំកែខៃបន្ត ទៀត ដែលមានចំណុចខ្វះខាតអ្វីមួយនោះ ឱ្យ វាប្រសើរឡើងបន្ថែមទៀត”។

ទោះជាយ៉ាងណា ក្រោយមក លោកជួន ណារិន្ទ បានឱ្យដឹងថា លោកបានទាក់ទងតាម ទូរស័ព្ទជួបឪពុកបង្កើតរបស់កុមារឡុង លីគ័ង្គ រួចហើយ។ ឪពុករបស់ឡុង លីគ័ង្គ ឈ្មោះឡុច គីង បានសន្យាថា នឹងមកជួបលោកនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧។ ប៉ុន្តែលោកស្នងការ បញ្ជាក់ថា លោកមិនទាន់បានជួបកុមារឡុង លីគ័ង្គ ទេ ដោយសារលីគ័ង្គ កំពុងជាប់រវល់ ហាត់សមជាមួយគ្រូបង្វឹកព្រាប សុវត្ថិ ដើម្បី ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខនេះ។

គួរបញ្ជាក់ថា កុមារឡុង លីគ័ង្គ មាន អាយុ៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ និងមាន លំនៅក្នុងខេត្តតាកែវ។ លីគ័ង្គ មានឪពុកជា អ្នកបើកបររថយន្តដឹកកម្មកររោងចក្រ ចំណែក ម្តាយ គឺជាកម្មការិនីរោងចក្រ។ ឡុង លីគ័ង្គ ជាកូនក្រុមរបស់លោកព្រាប សុវត្ថិ ដែលត្រូវ បានលោកព្រាប សុវត្ថិ ដែលជាគ្រូបង្វឹកជ្រើស យកឱ្យបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប្រជែង ជាមួយបេក្ខភាព៥រូបទៀត រួមមាន១.កុមារ ពេជ្រ ថៃ (កូនក្រុមលោកព្រាប សុវត្ថិ ដែល បានជាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយការបោះ- ឆ្នោតរបស់ទស្សនិកជន) ២.កុមារី សុខ សុជាតា, ៣.កុមារីអ៊ុត ឌីន ហ្ស៊ីរីន (កូនក្រុមកញ្ញាឱក សុគន្ធកញ្ញា), ៤.កុមារី ឃុយ ម៉ីហៀង និង ៥.កុមារី ណូ ឈួស៊ីវហេង (កូនក្រុមសុគន្ធ និសា)៕

RELATED ARTICLES