ម្ចាស់ពាន Cambodian Idol រដូវកាលទី២ ឈិន ម៉ានិច្ច (ឈិន ស្រីនិច្ច) ហាក់ស្ងប់ស្ងាត់ទៅវិញ ក្រោយល្បីបទ “នារីក្នុងបេះដូងបងជាអ្នកណា?” នោះ ទើបធ្វើឱ្យមានការលើកឡើងថា ម៉ានិច្ច ដែលមានទឹកដមសំនៀងផ្អែមនោះ មិនអាចវាយលុកទីផ្សារចម្រៀងបានឡើយ ព្រោះតែបទចម្រៀងមានតិចតួចពេក មិនដិតដល់លើទីផ្សារ។
ក្នុងជំនួបជាមួយឈិន ម៉ានិច្ច តារាចម្រៀងហង្សមាស រូបនេះ សង្ឃឹមថា នាងនឹងឡើងកូដជាងនេះ នៅពេលដែលបទចម្រៀងរបស់នាងដែលចាប់ដៃជាមួយនី រតនា និងដួង វីរៈសិទ្ធ ចេញនាពេលខាងមុខនេះ ហើយរវាងប្រុសសង្ហាទាំង២នាក់ គឺនាងពេញចិត្តរតនា ហៅម៉ាប់ ជាងវីរៈសិទ្ធ…។
ឈិន ម៉ានិច្ច នៅមិនទាន់អាចធ្វើព្យុះភ្លៀងនៅផលិតកម្មហង្សមាស បានឡើយ បើទោះជានាងមានទឹកដមសំឡេងស្រទន់ផ្អែមគួរឱ្យចង់ស្តាប់ក្តី តែពេលនេះ ម៉ានិច្ច ដែលជ្រកកោននៅហង្សមាស ១ឆ្នាំនោះ ល្បីបានតែ១បទប៉ុណ្ណោះ គឺបទ “នារីម្នាក់ក្នុងបេះដូងបងជាអ្នកណា?” ហើយក៏ស្ងប់ស្ងាត់បាត់ទៅវិញ និងមិនទាន់មានបទចម្រៀងណាល្បីចេញមកទៀតឡើយ។
ទស្សនិកជនជាច្រើនបាននិយាយដោយខកចិត្តថា បទចម្រៀងរបស់ឈិន ម៉ានិច្ច តិចតួចពេកនៅលើទីផ្សារ ដោយហេតុថាតារាចម្រៀងនៅហង្សមាស ឡើងគរជាន់ជើងគ្នា ហេតុនេះហើយ បានជាម៉ានិច្ច ល្បីបានតែមួយប្រាវក៏ស្ងាត់ទៅវិញបែបនេះ។
ឈិន ម៉ានិច្ច បានថ្លែងប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះថា នាងមិនមានការព្រួយបារម្ភច្រើនឡើយ ទាក់ទងបទចម្រៀងនាពេលនេះ ព្រោះនៅចុងឆ្នាំ២០១៧នេះ ហង្សមាស នឹងទម្លាក់ការងារជាច្រើនឱ្យនាងច្រៀង ដែលរំពឹងថា នឹងទទួលបានប្រាក់ចំណូលច្រើនជាងឆ្នាំមុនៗជាមិនខាន។
តារាហង្សមាសរូបនេះ បានរៀបរាប់ថា “បទចម្រៀងខ្ញុំថតបានប្រហែល១៥បទ ហើយមិនជាតិចពេកទេ ហើយនៅពេលខាងមុខនេះ ខ្ញុំនឹងមានត្រៀមចេញបទចម្រៀងថ្មីៗទៀត ដែលមានការចាប់ដៃគូជាមួយបងនី រតនា និងដួង វីរៈសិទ្ធ ហើយជាបទមនោសញ្ចោតនាស្នេហាបែបយុវវ័យ និយាយទៅ ខ្ញុំសង្ឃឹមថា នឹងត្រូវចិត្តយុវវ័យច្រើន។ ចំពោះការច្រៀងតាម Concert វិញ ខាងក្រុមហ៊ុនហង្សមាស គាត់ឱ្យខ្ញុំច្រៀងច្រើននៅឆ្នាំនេះ និយាយទៅ រវល់ចាប់ពីចុង ខែតុលា នេះទៅហើយ មិនមែនតែខ្ញុំម្នាក់ទេ គឺគ្រប់តារាទាំងអស់របស់ហង្សមាស មានការងារធ្វើដូចគ្នា។ ខ្ញុំមិនមានការព្រួយបារម្ភអីច្រើនពីរឿងបទចម្រៀង ខ្លាចមិនបានដិតដល់លើទីផ្សារនោះទេ ព្រោះតារានៅហង្សមាស ច្រើន អីចឹងបទចម្រៀងត្រូវបែងចែកគ្នាច្រៀងដែរ”។
ឆ្លើយតបសំណួរថា តើរវាងតារាចម្រៀងប្រុសសង្ហាទាំង២ នី រតនា និងដួង វីរៈសិទ្ធ ម៉ានិច្ច ពេញចិត្តមួយណាជាង?
ម្ចាស់ពាន Cambodian Idol រដូវកាលទី២រូបនេះ ឆ្លើយលាយសំណើចថា “គាត់ទាំង២សុទ្ធតែមានសមត្ថភាពខ្ពស់ដូចគ្នា តែសម្រាប់ភាពស្និទ្ធស្នាល និងការច្រៀងជាដៃគូវិញ ខ្ញុំពេញចិត្តបងនី រតនា ជាង ព្រោះគេថា ខ្ញុំនិងបងរតនា សម្តែងសមគ្នា សំឡេងផ្អែមដូចគ្នា និយាយទៅ យើងទាំង២មានការចុះសម្រុងគ្នាល្អ ទាំងច្រៀង និងសម្តែង ហើយខ្ញុំសង្ឃឹមថា បទថ្មីដែលខ្ញុំនិងបងរតនា ច្រៀងឆ្លងឆ្លើយគ្នានោះ នឹងធ្វើឱ្យបងប្អូនពេញចិត្តដែរ។ ចំពោះបងដួង វីរៈសិទ្ធ វិញក៏ខ្ញុំពេញចិត្តក្នុងការធ្វើការជាមួយគាត់ដែរ យើងមានបទចម្រៀងច្រៀងជាមួយគ្នាត្រៀមចេញនាពេលខាងមុខនេះហើយ អីចឹងនឹងឃើញប្លែកៗជាងមុនជាមិនខាន”។
ឈិន ម៉ានិច្ច ក៏ស្ថិតក្នុងចំណោមតារាចម្រៀងស្រីម្នាក់ដែលផលិតកម្មរស្មីហង្សមាស នឹងផ្តល់តំណែងឱ្យនាងសម្តែងជាភាពយន្តផងដែរ នាពេលខាងមុខនេះ ដើម្បីឱ្យតារាសម្បុរស្រអែមស្រស់សំនៀងពីរោះរូបនេះ មានភាពលេចធ្លោជាងនេះបន្តិច ខណៈពេលនេះ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺ រូបនេះ មានភាពមមាញឹកច្រើនទៅលើការចេញឃោសនាការប្រលងចម្រៀង Cambodian Idol រដូវកាលទី២។
ឈិន ម៉ានិច្ច មានឈ្មោះដើមឈិន ស្រីនិច្ច បន្ថែមថា “ខ្ញុំបានចុះទៅឃោសនាកម្មវិធី Cambodian Idol រដូវកាលទី៣ តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយក្រុមការងារផលិតកម្មហង្សមាស ដើម្បីស្វែងរកអ្នកមានសមត្ថភាពថ្មីៗ។ ចំពោះការថតភាពយន្តវិញ ខ្ញុំពេញចិត្តនឹងថតរឿង ប្រសិនបើក្រុមហ៊ុនហង្សមាស គាត់ហៅឱ្យថតនោះ ដោយមិនប្រកាន់ថា ទាល់តែតួឯកអីទេ គឺជាតួអីក៏បានដែរ តែខ្ញុំនៅតែស្រលាញ់អាជីពចម្រៀងជាងសម្តែងដដែលហ្នឹង”។
ឈិន ម៉ានិច្ច ដែលកន្លងមកមានការសង្ស័យថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយនី រតនា ព្រោះតែតារាទាំង២ ច្រើនតែច្រៀងនៅលើឆាកហើយឱបគ្នាដូចគូសង្សារនោះ បានបញ្ជាក់ថា នាងគ្មានទំនាក់ទំនងអ្វីជាពិសេសជាមួយនី រតនា លើសពីមិត្តរួមអាជីពឡើយ។ ម៉ានិច្ច ដែលធ្លាប់សារភាពថា នាងមានម្ចាស់ចិត្តហើយតាំងពីក្លាយទៅជាម្ចាស់ពាន Cambodian Idol នោះ ត្រូវបុរសម្នាក់ដែលគេស្គាល់ថា ជាគូសង្សារនាង ដើរតាមជាប់ស្អិតជានិច្ច៕