Thursday, November 28, 2024
Homeតារាខ្មែរអ៊ុក សុវណ្ណារី ធ្លាក់នៅហង្សមាស ល្បីជាប់ផលិតកម្មថោន

អ៊ុក សុវណ្ណារី ធ្លាក់នៅហង្សមាស ល្បីជាប់ផលិតកម្មថោន

ភ្នំពេញ ៖ កុមារីអ៊ុក សុវណ្ណារី បេក្ខភាពកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក “The Voice Kids Cambodia” ដែលត្រូវបានជម្រុះចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នោះ បានធ្វើឱ្យទស្សនិកជនជាច្រើនសោកស្តាយជាខ្លាំងថា មិនគួរណាគ្រូបង្វឹក សុគន្ធ និសា មិនជ្រើសយកនាងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែលក្មេងស្រីរូបនេះ មានសំឡេងពីរោះស្ទើរដូចរាជិនីសំឡេងមាស រស់ សេរីសុទ្ធា។ ប៉ុន្តែពេលនេះ មានព័ត៌មានលេចឮថា ផលិតកម្មថោន  កំពុងបើកទ្វាររង់ចាំទទួលស្វាគមន៍កុមារីរូបនេះ។

កុមារី អ៊ុក សុវណ្ណារី ទោះបីបានធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក “The voice kids cambodia” ក៏ពិតមែន ប៉ុន្តែយោងតាមសមត្ថភាព និងទឹកដមសំឡេងរបស់នាង ដែលបានបង្ហាញចេញតាមរយៈការប្រកួតប្រជែងកាលពីប៉ុន្មានវគ្គកន្លងមក បានធ្វើឱ្យមហាជនពោលសរសើរថា សុវណ្ណារី មានសំឡេងពីរោះដូចអតីតរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងមានអ្នកស្រលាញ់គាំទ្រច្រើន រហូតផ្ទុះការរិះគន់ចំពាះគ្រូបង្វឹក (Coach) សុគន្ធ និសា ថា គ្មានសមត្ថភាពវិនិច្ឆ័យសំឡេងកូនក្រុមទៀតផង។

ក្រៅពីអាចបកស្រាយចម្រៀងបុរាណបានយ៉ាងល្អហើយនោះ អ៊ុក សុវណ្ណារី ថែមទាំងអាចបកស្រាយចម្រៀងសម័យ ព្រមទាំងចម្រៀងជាភាសាអង់គ្លេស បានល្អទៀតផង ប៉ុន្តែគួរឱ្យស្តាយ សុវណ្ណារី មិនត្រូវបានគ្រូបង្វឹក (Coach) សុគន្ធ និសា ជ្រើសរើសឱ្យឡើងទៅបន្តក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី “The Voice Kids Cambodia” នោះឡើយ ធ្វើឱ្យមហាជនជាច្រើនបានសម្តែងនូវការសោកស្តាយ និងខកចិត្ត។

ទោះជាយ៉ាងណាក្តី ក្រោយធ្លាក់ចេញពីកម្មវិធី “The Voice Kids Cambodia” នោះមក មានព័ត៌មានលេចឮថាមានផលិតកម្មធំមួយ គឺផលិតកម្មថោន បានទាក់ទងទៅកុមារី អ៊ុក សុវណ្ណារី និងក្រុមគ្រួសារ ដើម្បីបណ្តុះនាងឱ្យក្លាយជាតារាចម្រៀងអាជីព ហើយពេលនេះ ខាងផលិតកម្មកំពុងរង់ចាំចម្លើយពីនាងតូច សុវណ្ណារី ។

យោងតាមប្រភពព័ត៌មានមួយ ដែលស្និទ្ធនឹងកុមារី អ៊ុក សុវណ្ណារី បានឱ្យដឹងថា សុវណ្ណារី កំពុងពិចារណាចំពោះសំណើរបស់ផលិតកម្មនេះ ហើយសូម្បីក្នុងទំព័រហ្វេសប៊ុករបស់នាង ក៏នាងបានសរសេរសារបង្ហាញនូវការពិចារណារបស់នាងក្នុងការចូលទៅផលិតកម្ម ដើម្បីក្លាយជាអ្នកចម្រៀងអាជីពផងដែរ ដោយសុវណ្ណារី ថែមទាំងបានសុំយោបល់មហាជន អ្នកគាំទ្រនាងថា តើនាងគួរទទួលយកសំណើពីផលិតកម្មនោះឬទេ? ព្រោះតែនាងកំពុងតែជាប់កុងត្រាជាមួយខាងផលិតកម្មហង្សមាស រហូតដល់ដំណាច់ឆ្នាំនេះ ទើបផុតកុងត្រា។

ទោះយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ លោកករុណា ពេជ្រ តារាចម្រៀង និងជាអ្នកចាត់ការទូទៅនៅផលិតកម្មថោន (Town) បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ថា ផលិតកម្មថោន មិនបានទាក់ទងទៅកុមារី អ៊ុក សុវណ្ណារី ហើយកុមារី អ៊ុក សុវណ្ណារី ក៏មិនបានទាក់ទងមកផលិតកម្មដែរ ពោលគឺព័ត៌មានដែលថា ថោន ទាក់ទងសុំឱ្យក្មេងស្រីរូបនេះ ចូលផលិតកម្មនោះ គ្រាន់តែជាពាក្យចចាមអារ៉ាមមិនពិតទេ។

អ៊ុក សុវណ្ណារី និងគ្រូបង្វឹក សុគន្ធ និសា

លោកករុណា ពេជ្រ បានបញ្ជាក់បន្ថែមថា ជាគោលការណ៍របស់ផលិតកម្មថោន គឺមិនមានចេតនាណាមួយទៅអូសទាញតារាចម្រៀង ឬបុគ្គលណាដែលជាប់កុងត្រា ឬពាក់ព័ន្ធផលិតកម្មផ្សេងនោះទេ។ ប៉ុន្តែផលិតកម្មស្វាគមន៍តារាចម្រៀងដែលមានសមត្ថភាពក្នុងការចូលរួមជាមួយផលិតកម្ម។

គួរបញ្ជាក់ថា នៅមុនចូលប្រកួតក្នុងកម្មវិធី “The Voice Kids Cambodia” របស់ស្ថានីយទូរទស្សន៍ហង្សមាស កុមារី អ៊ុក សុវណ្ណារី ធ្លាប់ល្បីឈ្មោះរួចទៅហើយ ដោយនាងធ្លាប់ឡើងច្រៀង និងចូលរួមប្រឡងចម្រៀងក្នុងកម្មវិធី របស់ប៉ុស្តិ៍ទូរទស្សន៍នានា ដូចជា CTN, ETV ជាដើម ព្រមទាំងធ្លាប់ទទួលបានពានរង្វាន់ផងដែរ។

សុវណ្ណារី មានទេពកោសល្យតាំងពីកំណើតខាងវិស័យចម្រៀង ពិសេសបទសម័យដើម ដែលជាសំនៀងដើមរបស់អ្នកស្រីរស់ សេរីសុទ្ធា  ហើយនាងតែងលើកយកបទសម័យដើមនេះ ទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រី និងការប្រកួតប្រជែងសមត្ថភាពនៅតាមស្ថានីយទូរទស្សន៍ក្នុងស្រុក៕

RELATED ARTICLES