ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មថោន មាស សុខសោភា ក្រៅពីកំពុងលេចធ្លោក្នុងវិស័យសិល្បៈចម្រៀងនៅមួយរយៈចុងក្រោយនេះ នាងហាក់កាន់តែលេចធ្លោថែមទៀត ជាមួយការងារអភិរក្សព្រៃឈើ ខណៈដែលនាងតែងមានសេចក្តីស្រលាញ់ និងយកចិត្តទុកដាក់ចំពោះធម្មជាតិខ្លាំងណាស់។
មាស សុខសោភា បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនថែមមួយកម្រិតទៀត បន្ទាប់ពីការចូលរួមក្នុងវេទិកាថ្នាក់ជាតិលើកទីពីរ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនាងថែមទាំងហ៊ានឡើងថ្លែងសំណូមពរនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការចង់បានសួនច្បារក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែច្រើន និងស្នើកុំឱ្យលុបបឹងតាមោក ឬបឹងកប់ស្រូវ ព្រមទាំងស្នើសុំប្រជាពលរដ្ឋកម្ពុជា កុំឱ្យទទួលទានសត្វព្រៃទៀតផង។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាចម្រៀងមាស សុខសោភា បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់នាងក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលពោរពេញទៅដោយធម្មជាតិពណ៌បៃតង និងទេសភាពព្រៃឈើធំៗ ព្រមទាំងសកម្មភាពនៃការបំបួសដើមឈើ ដើម្បីការពារកុំឱ្យមានការកាប់បំផ្លាញពីជនទុច្ចរិត។ ព្រមទាំងមានសរសេរពាក្យពេចន៍យ៉ាងខ្លីរយលានអត្ថន័យ បំផុសគំនិតឱ្យប្រជាជនខ្មែរ ចូលរួមស្រលាញ់ និងការពារធនធានធម្មជាតិឱ្យបានល្អទាំងអស់គ្នា។
តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុក មាស សុខសោភា បានផ្តិតយកទេសភាពព្រៃឈើដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃមេឃខៀវស្រងាត់នៅតំបន់ព្រៃនៃខេត្តកំពង់ធំ។ ការបង្ហាញរបស់តារាចម្រៀងស្រីរូបនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យអ្នកជំនាន់ក្រោយចូលរួមអភិរក្សព្រៃឈើការ ពារព្រៃឈើ និងចេះស្រលាញ់ថែរក្សាព្រៃឈើ ឱ្យនៅគង់វង្សយូរអង្វែង ព្រោះថាព្រៃឈើ មានប្រយោជន៍ច្រើនសម្រាប់សុខភាពមនុស្ស ជាពិសេសវាផ្តល់ខ្យល់អុកស៊ីហ្សែនដ៏ល្អបំផុត សម្រាប់ឱ្យមនុស្ស និងសត្វស្រូបយកខ្យល់ដង្ហើមបានយ៉ាងល្អផងដែរ៕