Thursday, November 28, 2024
Homeតារាខ្មែរ១២មុឺនដុល្លារ!!! នី មុនីនាថ ត្រូវអតីតគូដណ្តឹងប្តឹងទារសំណង

១២មុឺនដុល្លារ!!! នី មុនីនាថ ត្រូវអតីតគូដណ្តឹងប្តឹងទារសំណង

ភ្នំពេញ ៖ តារាសម្តែងស្រីល្បីឈ្មោះ នី មុនីនាថ ដែលមុននេះត្រូវបានអតីតគូដណ្តឹង គឺលោកអ៊ឹង សូឡាង អះអាងថា បានបោកយកលុយរបស់លោកអស់មួយចំនួនធំ រហូតដល់មានការព្រមានថា នឹងប្តឹងផ្តល់ទៀតនោះ ពេលនេះរឿងរ៉ាវបានបែកធ្លាយជាសាធារណៈហើយ ដោយអតីតគូដណ្តឹងរបស់នី មុនីនាថ រូបនេះ ពិតជាបានដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ មែន ដោយបានប្តឹងទាមទារសំណងពីនី មុនីនាថ រហូតដល់ទៅ១២ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៧ នេះ ពាក្យបណ្តឹងរបស់លោកអ៊ឹង សូឡាង ដែលមានកម្មវត្ថុប្តឹងទៅលើកញ្ញានី មុនីនាថ ជាអតីតគូដណ្តឹង ដោយទាមទាមសំណងរហូតដល់ទៅ១២ម៉ឺនដុល្លារនោះត្រូវបានគេបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមពាក្យបណ្តឹងរបស់មេធាវី ការពារក្តីឱ្យភាគីលោកអ៊ឹង សូឡាង មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ពាក្យបណ្តឹង

ដើមចោទ ៖ ឈ្មោះអ៊ឹង សូឡាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មេធាវីតំណាងដោយអាណត្តិ ៖ លោក យិច សមិទ្ធិ អត្តលេខ៣៦០ មានការិយាល័យក្រុមមេធាវីដូនពេញ មានអាសយដ្ឋាន ស្ថិតនៅផ្ទះលេខ១១២B ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចុងចម្លើយ ៖ ឈ្មោះនី មុនីនាថ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ ២៥៥ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមគោរពចូលមក

លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ ៖

-ឱ្យចុងចម្លើយសងប្រាក់៧០០០០ដុល្លារអាមេរិក(ប្រាំពីរម៉ឺន) មកដើមចោទឈ្មោះអ៊ឹង សូឡាង។

-ឱ្យចុងចម្លើយបង់ជំងឺចិត្ត៥០០០០ដុល្លារអាមេរិក (ប្រាំម៉ឺន) ឱ្យដើមចោទ។

-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ។

– សុំឱ្យតុលាការអនុវត្តសាលក្រម ជាបណ្តោះអាសន្ន។

យោង ៖

-មាត្រា៩៤៥ នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា

-លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ ធ្វើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ របស់ឈ្មោះអ៊ឹង សូឡាង

អង្គហេតុជាមូលហេតុចាំបាច់បញ្ជាក់ពីការទាមទារ ៖

ដើមចោទឈ្មោះអ៊ឹង សូឡាង និងចុងចម្លើយឈ្មោះនី មុនីនាថ បានស្គាល់គ្នា និងស្រលាញ់គ្នានៅឆ្នាំ២០១៤ ដោយព្រមព្រៀងយ៉ាងច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងដឹងត្រឹមត្រូវ។ នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារឱ្យកូនក្តីខ្ញុំបាទបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការ ដូចជាខ្សែកពេជ្រ ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃចំនួន៣៧.០០០ (បីម៉ឺនប្រាំពីរពាន់) ដុល្លារអាមេរិក។

អំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ភាគីចុងចម្លើយ បានឱ្យដើមចោទផ្ញើប្រាក់ឱ្យចុងចម្លើយទិញដី និងរថយន្ត ពេលនោះដោយគិតថា ចុងចម្លើយព្រមនឹងធ្វើជាភរិយាស្របច្បាប់របស់ខ្លួននៅថ្ងៃខាងមុខ ទើបដើមចោទបានផ្ញើប្រាក់តាមប្រព័ន្ធ Western Union របស់ធនាគារ អេស៊ីលីដា ប្រហែលជាង២០០០០ដុល្លារអាមេរិក (ពីរម៉ឺន) និងប្រព័ន្ធ Moneygram របស់ធនាគារកាណាឌីយ៉ា ប្រហែលជាង២០០០០ដុល្លារអាមេរិក (ពីរម៉ឺន) ដើម្បីផ្ញើជូនចុងចម្លើយ ទិញដី រថយន្ត និងប្រើប្រាស់ផ្ទាល់ខ្លួន។

ម៉្យាងទៀត ដោយសារដើមចោទអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅឯសហរដ្ឋអាមេរិក។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយ ទទួលបាន Visa ពីស្ថានទូតនៃសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទៅសហរដ្ឋអាមេរិក បែរជាចុងចម្លើយបដិសេធមិនទៅ ថែមទាំងលុបចោលការភ្ជាប់ពាក្យរវាងដើមចោទចោលទៀតផង ដោយលើកហេតុផលដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ។

ដើមចោទជាបុគ្គលដែលមានអត្តចរិតស្លូតបូត មានមុខរបរត្រឹមត្រូវ មានសុខភាព និងកាយសម្បទាមាំមួន សំខាន់ដើមចោទស្រលាញ់ចុងចម្លើយដោយស្មោះស្មគ្រ័ មានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយចុងចម្លើយជាភរិយាស្របច្បាប់ ប៉ុន្តែចុងចម្លើយបានធ្វើឱ្យដើមចោទបាត់បង់សេចក្តីសង្ឃឹម និងការខាតបង់ពេលវេលា រយៈពេលបីឆ្នាំ ក្នុងការរង់ចាំចុងចម្លើយមកធ្វើជាភរិយា ថែមទាំងចំណាយថវិកាអស់ជាច្រើន  ដើម្បីបំពេញឯកសារធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក។

អាស្រ័យហេតុនេះ សូមលោកប្រធាន មេត្តាទទួល និងសម្រេចតាមការទាមទារក្នុងកម្មវត្ថុខាងលើដោយក្តីអនុគ្រោះ…។

ជុំវិញរឿងរ៉ាវបែកធ្លាយបណ្តឹងរបស់លោកអ៊ឹង សូឡាង អតីតគូដណ្តឹងរបស់តារាទឹកភ្នែក នី មុនីនាថ នេះ អ្នកយកព័ត៌មានយើងបានទាក់ទងទូរស័ព្ទទៅកាន់សាមីខ្លួនកញ្ញា នី មុនីនាថ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែត្រូវបានអ្នកស្រី ឌី សុភាលី ត្រូវជាម្តាយបង្កើតរបស់កញ្ញានី មុនីនាថ បានឆ្លើយជំនួសកូនស្រីយ៉ាងខ្លីថា “ខ្ញុំអត់បានដឹងរឿងនេះផង ហើយក៏អត់ទាន់បានឃើញបណ្តឹងអ្វីដែរ” បន្ទាប់មកក៏ចុចបិទទូរស័ព្ទបាត់ទៅ។

គួរបញ្ជាក់ថា ពាក្យបណ្តឹងរបស់មេធាវីតំណាងភាគីដើមបណ្តឹង គឺលោកអ៊ឹង សូឡាង បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ និងត្រូវបានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃដដែលនោះផងដែរ៕

RELATED ARTICLES