តារាចម្រៀងល្បីស្ថិតក្នុងលំដាប់ជួរមុខគេរបស់ផលិតកម្មរស្មីហង្សមាស សុគន្ធ និសា បានលេចមុខក្នុងកម្មវិធីសម្ពោធទូរស័ព្ទស្មាតហ្វូន VIVO ដែលធ្វើនៅផ្សារទំនើប AEON Mall កាលពីល្ងាចថ្ងៃទី១៣ ខែតុលា នោះ ធ្វើឲ្យភ្ញៀវជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ហើយបានលើកកាមេរ៉ាទូរស័ព្ទព្រោងព្រាតថតស្រីស្អាតរូបនេះនាំឲ្យនិសា ញញឹមបឹទមាត់មិនជិតឡើយ។
សុគន្ធ និសា ច្រៀងបទល្បីរបស់នាងដែលទទួលបានការគាំទ្រខ្លាំងនោះ គឺបទ ”បើស្រលាញ់ម្ដេចទុកអូនចោល?” និងបទ ”មនុស្សគ្មានតម្លៃ” ត្រូវបាន Fan តារាចម្រៀងរូបនេះមានការពេញចិត្តខ្លាំង ហើយនៅពេលដែលតារាចម្រៀងតូចច្រឡឹងរូបនេះ ចុះពីលើឆាកភ្លាមត្រូវបានយុវវ័យទាំងក្មេងៗជាច្រើនចោមរោមថតរូបនិសា រកតែចង់រើខ្លួនចេញមិនចង់រួចឡើយ។
ក្រៅពីសុគន្ធ និសា កម្មវិធីសម្ពោធទូរស័ព្ទ VIVO នេះក៏មានការចូលរួមពីម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោកនី រតនា ផងដែរ ដែលបុរសសង្ហាររូបនេះធ្វើឲ្យក្រមុំៗជាច្រើនជ្រួលជ្រើម ដោយសារតែរតនា បានយកបទល្បីៗរបស់ខ្លួនចុងក្រោយមកបង្ហើរសំនៀងអូសទាញការគាំទ្រកណ្ដាលផ្សារទំនើប AEON Mall នោះ។
សុគន្ធ និសា និងនី រតនា បាននិយាយស្របគ្នាថា ពួកគេមានមោទនភាពនៅពេលដែលមានឱកាសបានច្រៀងក្នុងកម្មវិធីដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ធំ សម្ពោធទូរស័ព្ទ VIVO នេះហើយ តារាហង្សមាសទាំង២ដួងថា នេះជាពេលវេលាមួយដ៏ល្អដែលបានជួប និងបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររៀងដែរ។
ដោយឡែកពិធីករលោករ៉ាស៊ី និងនាងណាណា វិញបានធ្វើអត្ថាធិប្បាយផ្សព្វផ្សាយពីមុខងារ និងលក្ខណៈពិសេសរបស់ទូរស័ព្ទ ViVO ដោយសង្កត់ថា VIVO មានមុខងារបន្ថែមពន្លឺស្រទន់ពេលថតសែលហ្វី មុខងារបន្ថែមសម្រស់ពេលថតសែលហ្វី មុខងារកាមេរ៉ាអាជីព Face Acess ដោះសោដោយស្កេនទម្រង់មុខ, បច្ចេកវិទ្យាតន្ដ្រីHiFi, មុខងារចែកអេក្រង់3.0, មុខងារកម្មវិធីបំបែកខ្លួន, ទប់ស្កាត់ការរំខានពេលលេងហ្គេម, បន្ថែមសម្រស់ពេលសន្ទនាជាវីដេអូ។
លោករ៉ាស៊ី បញ្ជាក់ថា VIVOV7+ មានលក់ទីផ្សារកម្ពុជា ហើយជាមួយនិងតម្លៃពិសេសបំផុត339ដុល្លារ ជាមួយនិងការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។បច្ចុប្បន្ននេះក្រុមហ៊ុន VIVO បានបាននាំចូលផលិតផលក្នុងទីផ្សារកម្ពុជា នូវស្មាតហ្វូនចំនួន៧ម៉ូឌែល ដែលមានដូចជា V7+, V5Plus, V5s, Y69, Y55s, Y51 ដែលមានតម្លៃចាប់ពី១៣៩ដុល្លារអាមេរិក រហូតដល់៣៩៩ដុល្លារអាមេរិក។
ទស្សនិកជនជាច្រើនដែលចោមរោមមើលតារាចម្រៀងសុគន្ធ និសា និងនី រតនា ច្រៀងនៅពីមុខ fan ពួកគេទាំងស្រីទាំងប្រុសនោះ បានមានចម្ងល់ និងលើកឡើងថា ទូរស័ព្ទ VIVO គឺមានតារាចម្រៀងល្បីល្បាញលោកព្រាប សុវត្ថិ គឺជាអ្នកតំណាងឲ្យស្មាតហ្វូនដែលជាប់លំដាប់លេខ៥ លើពិភពលោកនេះ តែនៅថ្ងៃសម្ពោធ VIVO គេបែរជាមិនឃើញ BA ដែលជាតារាហង្សមាសរូបនេះ ទៅបង្ហាញខ្លួនទេ ហើយបែរជាជំនួសដោយនិសា និងរតនា ទៅវិញ។ ប៉ុន្ដែមូលហេតុដែលព្រាប សុវត្ថិ ត្រូវបាត់មុខក្នុងព្រឹត្តិការណ៍នោះត្រូវបានអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ព្រាប សុវត្ថិ គាត់មានភារកិច្ចផ្ទាល់ខ្លួនដែលមិនអាចអាក់ខានបាន ទើបមិនឃើញមុខក្នុងថ្ងៃពិសេសនេះ។ តែក្នុងកម្មវិធីផ្សព្វផ្សាយរបស់ VIVO ក្រោយៗទៀត ព្រាប សុវត្ថិ នឹងចូលរួមជាមិនខានឡើយ ព្រោះថាលោកជាអ្នកតំណាងឲ្យ VIVO សម្រាប់ប្រទេសកម្ពុជា ហើយ VIVO មានតារាល្បីៗជាច្រើនទៀតបានធ្វើជាអ្នកតំណាងសម្រាប់ប្រទេសនីមួយៗរបស់ទូរស័ព្វស្មាតហ្វូននេះ។ ហេតុនេះហើយ ព្រាប សុវត្ថិ ក៏មានមោទនភាពខ្លាំងដែរ នៅពេលដែលក្លាយទៅជាអ្នកផ្សព្វផ្សាយរបស់ VIVO នេះហើយ លោកពេញចិត្តក្នុងការចូលរួមរបស់ VIVO ក្នុងព្រឹត្តិការណ៍ផ្សេងៗលើកក្រោយនេះ។
ដោយឡែកតារាចម្រៀងសុគន្ធ និសា និងនី រតនា វិញ ក្រៅពីបង្ហាញភាពរីករាយក្នុងការច្រៀងសម្ពោធទូរស័ព្ទ VIVO នោះ តារាហង្សមាសទាំង២ ក៏បានផ្ដល់សំណាង តាមរយៈការចាប់ឆ្នោតដល់អតិថិជន VIVO ផងដែរ ហើយនិសា-រតនាបានថតសែលហ្វី យ៉ាងស្និទ្ធស្នាលជាមួយ Fan របស់ពួកគេរៀងៗខ្លួន៕