Thursday, November 28, 2024
Homeតារាខ្មែរលី ម៉ារីណា ហុឺហាឡានថ្មី Lexus LX570 ពេលប្តីកំពុងនៅអាមេរិក

លី ម៉ារីណា ហុឺហាឡានថ្មី Lexus LX570 ពេលប្តីកំពុងនៅអាមេរិក

លី ម៉ារីណា បានធ្វើខួបកំណើតឱ្យកូនប្រុស សាត ថៃសាន់ គម្រប់អាយុ៣ឆ្នាំ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយគ្មានប្តីនាង លោកសាត ចាន់ថន ចូលរួមឡើយ ទើបធ្វើឱ្យមានការសង្ស័យថា ស្នេហាឆ្លងទ្វីបរបស់តារាកូន១រូបនេះ មានភាពប្រែប្រួលខុសពីមុន។ អ្វីដែលធ្វើឱ្យមានការរំជើបរំជួលពេញចង្កោមអ្នកសិល្បៈ និងមហាជន នៅពេលនេះដែរ គឺស្រាប់តែលី ម៉ារីណា បានបង្អួតរថយន្តថ្មីសន្លាង ម៉ាក Lexus LX570 តម្លៃជិត២០ម៉ឺនដុល្លារ ចំពេលដែលប្តីមិននៅក្បែរខ្លួន…។

រថយន្ត Lexus LX570 ពណ៌ស ស៊េរីឆ្នាំ២០១៥ ដែលមានតម្លៃជាង១៨ម៉ឺនដុល្លារ ទើបបកចេញពីស្រោម ត្រូវបានតារាកូន១ ប្តីមិននៅ លី ម៉ារីណា ជិះយ៉ាងហ៊ឺហា កាលពីពេលថ្មីៗនេះ បង្កឱ្យអ្នកសិល្បៈ និងមហាជនមិនតិចឡើយ បានស្ញប់ស្ញែងពីតារាទើបវិលចូលសង្វៀនសិល្បៈសាជាថ្មីនេះ ដោយពួកគេលាន់មាត់ថា ទើបតែថតបាន១រឿងវិញសោះ លី ម៉ារីណា មានប្រាក់ចំណូលជិត២០ម៉ឺនដុល្លារ ជិះឡានផ្អើលមេឃទៅហើយ គិតទៅតារាសាច់សខ្ចីរូបនេះ បើទោះជាវ័យ៣៧ឆ្នាំក្តី តែនៅតែត្រូវប៉ាន់ជាងស្រីស្អាតក្មេងៗក្នុងសិល្បៈទៅទៀត គឺពិតជាមិនធម្មតាមែន។ ប៉ុន្តែ ទន្ទឹមនឹងមានការជជែកគ្នាពីការមានទ្រព្យយ៉ាងរហ័សរបស់អ្នកនាងលី ម៉ារីណា នេះ ក៏មានតារាជាច្រើនមានចម្ងល់ដូចគ្នាថា ហេតុអីបានជាម៉ារីណា មានលុយដុល្លារទាំងដុំៗ ប្តូរឡានទំនើបជាញឹកញាប់បែបនេះ? ខណៈដែលមុននេះ នាងជិះរថយន្តឡាន Land Cruiser V8 តម្លៃជិត១០ម៉ឺនដុល្លារផងដែរ។ អ្នកខ្លះទៀតបានលើកជាសំណួរថា ម៉េចបានលី ម៉ារីណា ទិញរថយន្តថ្មីនេះ គឺចំពេលដែលប្តីនាង លោកសាត ចាន់ថន មិននៅក្បែរខ្លួនបែបនេះ គឺហាក់ដូចជាមានអាថ៌កំបាំងខ្លាំងណាស់ពេលនេះ…?”។

រថយន្តថមីរបស់លី ម៉ារីណា

ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងលី ម៉ារីណា កាលពីពេលថ្មីៗនេះ តារាសាច់ចាំរូបនេះហាក់ផ្អើលៗជាមួយអ្នកកាសែត ហើយនាងថា ប្តីនាងមិនបាននៅជាមួយនាងនៅពេលនេះ គឺព្រោះតែជាប់រវល់នៅអាមេរិក តែនៅខែក្រោយនេះនឹងមកលេងប្រពន្ធកូនទៀតហើយ។ ចំណែកការធ្វើខួបកំណើតកូនប្រុស កាលពីថ្ងៃមុននោះ ប្តីនាងបានផ្ញើថវិកាឱ្យមួយចំនួនដែរ។

លី ម៉ារីណា និយាយថា “ប្តីខ្ញុំមិននៅស្រុកខ្មែរទេ គាត់នៅអាមេរិក កំពុងជាប់រវល់ការងារគាត់ខ្លាំង តែខែក្រោយ គាត់នឹងមកលេងប្រពន្ធកូនដូចមុនទៀតហើយ។ ថ្ងៃមុន ខួបកូនប្រុសខ្ញុំ សាត ថៃសាន់ គម្រប់អាយុ៣ឆ្នាំនោះ ប្តីខ្ញុំបានផ្ញើលុយឱ្យខ្លះដែរ តែខ្ញុំមិនប្រាប់ថាប៉ុន្មានទេ”។

លី ម៉ារីណា បានរៀបការលើកទី២ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ជាមួយប្តីអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន ដែលជាអតីតបុគ្គលិកកាស៊ីណូ គឺចំអំឡុងពេលដែលនាងត្រូវបានគេចោទថា មានទំនាក់ទំនងស្នេហាជាមួយលោកពោះម៉ាយកូន២ ផ្កាយ៣ម្នាក់ ដែលផ្អើលពេញផ្ទៃប្រទេសតែម្តង ទើបអ្នកខ្លះសង្ស័យថា មង្គលការនោះក្លែងក្លាយ។ គ្រាន់តែរៀបការហើយភ្លាម ម៉ារីណា បានចេញបាត់ពីស្រុកខ្មែរ៣ឆ្នាំ ទៅរស់នៅជាមួយប្តីនៅអាមេរិក ហើយទើបតែនៅឆ្នាំ២០១៦ទេ ដែលរឿងអាស្រូវស្នេហានាងចាស់បានស្ងប់ស្ងាត់ ទើបម៉ារីណា វិលចូលស្រុកខ្មែរវិញ ដោយទទួលបានចំណងដៃស្នេហ៍ជាកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ ពេលនេះមានអាយុ៣ឆ្នាំ។ តាមព័ត៌មានបានឱ្យដឹងថា ទោះជាពេលនេះ ម៉ារីណា មានកូន១ក្តី តែលោកធំផ្កាយ៣នោះ នៅតែចិញ្ចឹមចិត្តស្នេហាលើរូបនាងដដែល ទើបធ្វើឱ្យប្តីនាងដែលនៅអាមេរិកនោះ ភ័យបុកពោះ ហើយក៏បានចុះឡើងមកស្រុកខ្មែរ ញឹកញាប់ផងដែរ តែចុងក្រោយនេះ បែរជាលោក ចាន់ថន មិននៅ ម៉ារីណា ឡើងកូដជិះ Lexus LX570 ផ្អើលតារារួមអាជីពតែម្តង។

ប្រភពបានឱ្យដឹងថា មុនម៉ារីណា ឡើងកាលីពជិះរថយន្តតម្លៃជិត២០ម៉ឺនដុល្លារនេះ នាងត្រូវបានលោកធំៗ និងឧកញ៉ាមិនតិចនាក់ឡើយ ចង់ជ្រួលជ្រើមស្នេហាតារាកូន១រូបនេះ គឺហាក់ដូចជាមិនខ្វល់ថា នាងមានប្តីនិងកូនទៅហើយឡើយ ជាពិសេស គឺលោកពោះម៉ាយផ្កាយ៣នោះ បាននិយាយប្រាប់មិត្តភក្តិលោក ដោយសរសើរតែម៉ារីណា ថា នៅតែស្អាតដដែលដូចមុនទៀតផង ទើបធ្វើឱ្យតារាដែលជិតស្និទ្ធលោកផ្កាយ៣នោះ អះអាងថា លោកផ្កាយ៣នៅតែស្រលាញ់ម៉ារីណា ដូចមុនអីចឹង ហើយបើសិនជានាងព្រមស្នេហ៍មន្ត្រីមានអំណាចនោះ ចង់បានលុយឡានវីឡាពេលណា ក៏លោកធំនោះនឹងប្រគល់ឱ្យភ្លាម តែពេលនេះ និយាយមិនទាន់ផុតមាត់ផង លី ម៉ារីណា ក៏បញ្ចោញឡានទំនើប Lexus LX570 តម្លៃជិត២០ម៉ឺនដុល្លារនោះទៅហើយ គឺធ្វើឱ្យតារាមួយចំនួនដែលកំពុងមានការងារសិល្បៈ យ៉ាងជោកជាំនោះ មិនអាចប្រជែងរឿងឡានទំនើប ដូចម៉ារីណា ឡើយ៕

RELATED ARTICLES