ភ្នំពេញ ៖ កុមារពេជ្រ ថៃ ដែលទើបនឹងក្លាយជាជ័យលាភីកម្មវិធីប្រលងចម្រៀង កុមារលំដាប់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុន ហង្សមាស ដោយបានលើកពានកាលពីរាត្រីថ្ងៃ ទី១៤ ខែតុលា ២០១៧ នោះ បានសារភាពថា នៅមុនពេលបានជាប់ក្នុងកម្មវិធីប្រលងចម្រៀង នេះ រូបគេធ្លាប់បានបន់ស្រន់លោកតាដំបងគ្រញូង ប្រាថ្នាសុំឱ្យបានប្រឡងជាប់លេខ១ក្នុងកម្មវិធី នេះ។
នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ហង្សមាស កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ ដែលមានការចូលរួមពីកុមារឡុង លីគ័ង្គ ជាមិត្តរួមក្រុម និងលោកព្រាប សុវត្ថិ ជាគ្រូបង្វឹកផងដែរនោះ ម្ចាស់ពាន “The Voice Kids Cambodia” កុមារពេជ្រ ថៃ បាននិយាយថា “ខ្ញុំដឹងថា មានអ្នកខ្លះគាំទ្រខ្ញុំ អ្នកខ្លះមិនគាំទ្រ គាំទ្រអ្នកផ្សេង ហើយអ្នកខ្លះទៀតរិះគន់ខ្ញុំ តែ ខ្ញុំមិនខឹងទេ និងសូមអរគុណចំពោះការគាំទ្រ និងលើកទឹកចិត្តពីមហាជនទាំងអស់”។
កុមារពេជ្រ ថៃ បានបន្តថា រូបគេបានចាត់ ទុកគ្រូបង្វឹក (Coach) ទាំង៣រូប គឺលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកញ្ញា សុគន្ធ និសា ប្រៀបបាននឹងឪពុកម្តាយទី២ របស់គេ ហើយរូបគេក៏អរគុណ ចំពោះគ្រូបង្វឹកទាំង៣រូប ពិសេស លោកព្រាប សុវត្ថិ ដែលតែងតែយក ចិត្តទុកដាក់បង្ហាត់បង្រៀន អប់រំណែនាំ ទាំងការ ច្រៀង ការសម្តែង សីលធម៌ និងទំនាក់ទំនង ជាមួយនឹងបេក្ខភាពផ្សេងទៀតជាដើម ហើយ រវាងរូបគេនិងមិត្តភក្តិរួមក្រុម ក៏ដូចជាបេក្ខភាព ដែលចូលរួមប្រឡងទាំងអស់ បានរាប់អាន និង ចាត់ទុកគ្នាដូចបងប្អូនបង្កើត ប្រលែងគ្នាលេង និងមិនដែលឈ្លោះប្រកែកគ្នានោះទេ។
ពេជ្រ ថៃ បានសារភាពថា នៅមុនពេល ប្រឡងជាប់ជាជ័យលាភី “The Voice Kids Cambodia” បានលើកពាននៅវគ្គផ្តាច់ព្រ័ត្រនេះ រូបគេ ក៏ធ្លាប់បានបន់ស្រន់លោកតាដំបងគ្រញូង ដើម្បីសុំសេចក្តីសុខ ធ្វើដំណើរតាមផ្លូវមកប្រលង ឱ្យមានសុវត្ថិភាព ព្រមទាំងសុំឱ្យប្រឡងជាប់លេខ១ ក្នុងកម្មវិធី “The Voice Kids Cambodia” ផងដែរ…។
គួរបញ្ជាក់ថា បន្ទាប់ពីក្លាយជាជ័យលាភី នៃកម្មវិធី “The Voice Kids Cambodia” ទទួលបានប្រាក់រង្វាន់ជាង៣ម៉ឺនដុល្លារ គឺទឹកប្រាក់ ឧបត្ថម្ភរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៣០០០ដុល្លារ, ទឹកប្រាក់១០លានរៀល និង ១៥០០ដុល្លារ ពីក្រុមហ៊ុនស្រាបៀរកម្ពុជា, ទឹកប្រាក់ ១០០លានរៀល ពីក្រុមហ៊ុនហង្សមាស ព្រមទាំងអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ និងដំណើរកម្សាន្តនៅប្រទេសជប៉ុន ផង ដែរ។
ចំណែកបេក្ខភាព៥នាក់ផ្សេងទៀត ដែល មិនបានលើកពាន រួមមាន កុមារីសុខ សុជាតា, រ៉ន ចាន់ឌីន ណូ ឈួស៊ីវហេង, ឃុយ ម៉ីហៀង, និង កុមារឡុង លីគ័ង្គ ម្នាក់ៗទទួលបានរង្វាន់ គឺទឹក ប្រាក់៣០០០ដុល្លារ របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន, ទឹកប្រាក់១៥០០ដុល្លារ របស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា និងទឹកប្រាក់១០០០ដុល្លារ ពីក្រុមហ៊ុន ហង្សមាស ផងដែរ។
ការលើកពាន “The Voice Kids Cambodia” របស់ពេជ្រ ថៃ បានទទួលទាំងការអបអរសាទរ និងរិះគន់ពីទស្សនិកជន ពិសេស តាមបណ្តាញសង្គមហ្វេសប៊ុក។
គ្រាន់តែពិធីករ ជា វិបុល ប្រកាសថា ម្ចាស់ ពាន “The Voice Kids Cambodia” រដូវកាល ទី១ គឺជាកុមារពេជ្រ ថៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក បានផ្ទុះការរិះគន់ វាយប្រហារយ៉ាង ធ្ងន់ទៅលើក្រុមហ៊ុនហង្សមាស ថា ឱ្យពាន ពេជ្រ ថៃ ហាក់ដូចជាមានការរៀបចំទុកជាមុន។
ជាមួយគ្នានេះ ក្រុមអ្នកលេងហ្វេសប៊ុក ជាច្រើន បានលើកឡើងនូវពាក្យដៀមដាមទៅ កាន់មនុស្សមួយួចំនួនដែលមិនគាំទ្រពេជ្រ ថៃ ដែលមុននេះ ខ្លះបានសន្យាថា បើពេជ្រ ថៃ លើកពាន The Voice Kids Cambodia ពួកគេនឹងកាត់ប្រដាប់ភេទចោល, ដើរស្រាត, ទៅបួស ១អាទិត្យ, ឈប់ញាំបាយ៣ថ្ងៃ, ឈប់ ស្រលាញ់ស្រី ទៅស្រលាញ់ប្រុស ឈប់លេង ហ្វេសប៊ុកមួយជីវិត ជាដើមនោះ រហូតមាន អ្នកខ្លះខឹងខ្លាំងពេក បានលើកទូរទស្សន៍ដែល កំពុងមើលកម្មវិធី “The voice kids cambodia” ប៉ុស្តិ៍ហង្សមាសនោះ ទៅបោកកម្ទេច ចោលទៀតផង។
តារាសម្តែងចន ច័ន្ទតារា បាននិយាយថា “ខ្ញុំយល់ថា ប្អូនថៃ សំឡេងនៅមានកម្រិត តែ ការជាប់នេះជាការ Vote របស់មហាជន។ គួរ បន្ទោសអ្នក Vote ទៅ តែសម្រាប់ខ្ញុំ My Idol ឡុង លីគ័ង្គ”។
លោកគង់ ចំរ៉ុង ដែលជាអ្នកសម្តែងដែរ បានបញ្ចោញយោបល់ថា “The Voice Kids Cambodia រដូវកាលទី២ ខ្ញុំនឹងឱ្យក្មួយរបស់ ខ្ញុំ ៣នាក់ ទៅរៀនកំប្លែង ដើម្បីទៅដាក់ពាក្យ ប្រលងច្រៀង។ ហួសចិត្ត ! ឱ The Voice Kids Cambodia អើយ ឯណាថាសមត្ថភាពច្រៀង? លើកទី១ ដែលខ្ញុំឃើញមនុស្សជាច្រើនគេមិន ពេញចិត្ត ចំពោះជ័យលាភី១នេះ ម្នាក់ៗផុស ធាចបៀកៀ ជេរស្ទើរគ្រប់ៗគ្នាអស់និយាយ”។
ចំណែកគណនីឈ្មោះ Mrr Nano Nato បានសរសេរថា “បើអ្នកកំប្លែងពេជ្រ ថៃ លើក ពានយប់នេះ ខ្ញុំសុខចិត្តកាត់ប្រដាប់ភេទបោះ ចោល”។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Raa Zin បានសរសេរថា “បើពេជ្រ ថៃ លើកពាន ខ្ញុំឈប់ ស្រលាញ់ស្រី ១ជីវិត”។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heang Save “បើពេជ្រ ថៃ លើកពាន ខ្ញុំឈប់លេងហ្វេសប៊ុក រហូត”…។
ជុំវិញការរិះគន់ទាំងក្នុងនិងក្រៅស្រុក ទៅ លើម្ចាស់ពាន The Voice kids Cambodia រដូវកាលទី១ ដោយអ្នកខ្លះបានចំអកឱ្យផលិតកម្មរស្មីហង្សមាសថា ដោយសារកម្មវិធីនេះ តម្រូវយកអ្នកមានសំឡេងកូនក្មេង បានជា ឱ្យពេជ្រ ថៃ លើកពាន ចំណែកបេក្ខភាព៥នាក់ ទៀត សុទ្ធតែមានសំឡេងបែបជាមនុស្សចាស់ បានជាគេមិនឱ្យជាប់នោះ ត្រូវបានលោកសាស្ត្រាចារ្យសេង សំអាន មន្ត្រីជាន់ខ្ពស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញចំណាប់ អារម្មណ៍ថា នេះគឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហង្សមាស ធ្វើតាមទីផ្សាររបស់គេ។
លោកសេង សំអាន បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ថា “យើងមិនដឹង គឺចេះតែរិះគន់ទៅ តែតាម ពិត វាគឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហង្សមាស វាជារឿងធម្មតាទេ អ្នកចាញ់ត្រូវខឹង អ្នកជាប់ សប្បាយចិត្ត គ្មានអ្នកណាម្នាក់អាចតម្រូវចិត្ត មនុស្សគ្រប់គ្នាបានទេ សូម្បីតែព្រះ ក៏នៅមាន អ្នកមិនពេញចិត្តដែរ។ ចំពោះខ្ញុំយល់ថា ការឱ្យ ពិន្ទុ កម្មវិធីប្រលងចម្រៀង The Voice kids ហ្នឹង គឺគេឱ្យទៅតាមរបៀបហង្សមាស មិនជាទូទៅ ទេ ហើយអ្នកជាប់ហ្នឹង ក៏នៅមានកម្រិត អ្នក ធ្លាក់ក៏នៅមានកម្រិតដែរ គឺមនុស្សយើងមិន បានទាំងព្រមទេ ហើយធម្មតា កុមារគឺសំឡេង បំពង់កនៅមិនទាន់បើកអស់ទេ គឺទាល់តែពេញវ័យ ទើបបំពង់សំឡេងបើកអស់។ ជាទូទៅ ខ្ញុំយល់ថា កម្មវិធីនេះមានចំណុចល្អ គឺធ្វើឱ្យកុមារ មានភាពក្លាហាន ពុះពារ ហើយតាមខ្ញុំដឹង នៅ ឆ្នាំក្រោយ រដូវកាលទី២ នោះគឺមានអ្នកដាក់ ចូលប្រលងច្រើន ព្រោះគ្រាន់តែនៅផ្ទះជិតខ្ញុំ មានត្រៀម២ទៅ៣នាក់ទៅហើយ ដែលពួក គេមានសំឡេងល្អជាងពេជ្រ ថៃ ផង”។
មានការលើកឡើងផងដែរថា ពេលនេះ ពេជ្រ ថៃ បានក្លាយទៅជាតារាចម្រៀងចុះ កុងត្រាជាមួយហង្សមាស ៥ឆ្នាំទៅហើយ គឺ ច្បាស់ណាស់ថា ពេជ្រ ថៃ នឹងត្រូវប្រជែងទីផ្សារ ជាមួយតារាចម្រៀងរបស់ផលិតកម្មថោន កុមារ ធឿន បូរី ហើយតាមសមត្ថភាពរបស់ពេជ្រ ថៃ ត្រូវបានមហាជនមើលឃើញថា នៅក្រោមបូរី ហើយគេជឿថា ថោន នឹងចេញបទចម្រៀងឱ្យ បូរី មុនពេជ្រ ថៃ ជាមិនខាន។
លោកសេង សំអាន បន្ថែមថា “ខ្ញុំគិតថា ទាំងកុមារពេជ្រ ថៃ និងធឿន បូរី ហ្នឹងល្បី មិនល្បី គឺនៅលើអ្នកដឹកនាំគេធ្វើបទទម្លាក់ឱ្យ ច្រៀង នេះគឺជារឿងសំខាន់ ព្រោះបើធ្វើទៅ ត្រូវ នឹងទៅតាមហ្នឹងដែរ។ ចំពោះកុមារពេជ្រ ថៃ និងធឿន បូរី ខ្ញុំយល់ថា ពួកគេអាចក្លាយ ទៅជាតារាចម្រៀងបាន ជាបែបកុមារហ្នឹងហើយ វាអាស្រ័យទៅលើក្រុមហ៊ុន ធ្វើបទឱ្យច្រៀង ទេ”។
ទោះជាយ៉ាងណា លោកព្រាប សុវត្ថិ ដែល បានដឹកដៃកុមារពេជ្រ ថៃ លើកពាន “The Voice Kids Cambodia” រដូវកាលទី១ នោះ បានបំភ្លឺថា ការសម្រេចឱ្យពេជ្រ ថៃ លើកពាន គឺតាម រយៈការបោះឆ្នោតគាំទ្រ ពីទស្សនិកជនសុទ្ធសាធ។
លោកព្រាប សុវត្ថិ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយលោកមាស រិទ្ធី នៃទូរទស្សន៍ ហង្សមាស នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ ថា “ខ្ញុំគិតថា អ្នកដែលជាប់កម្មវិធី របស់យើង គឺសុទ្ធសឹងតែជាធនធានមួយសម្រាប់ ប្រទេសជាតិយើង។ ខ្ញុំសប្បាយចិត្តក្នុងការ ធ្វើការជាមួយប្អូនៗ ហើយពេជ្រ ថៃ គាត់មាន ទេពកោសល្យពីធម្មជាតិ ក្រមិចក្រមើមច្រើន អ៊ីចឹងកាយវិការគាត់ មានចំណុចល្អច្រើនទាំង លីគ័ង្គ ផងដែរ។ នៅវគ្គផ្តាច់ព្រ័ត្រនេះ ពួកខ្ញុំ មានសិទ្ធិតែបង្ហាត់បទចម្រៀងទៅប្អូនៗ អ៊ីចឹង ការជ្រើសរើស គឺនៅលើទស្សនិកជនទាំងអស់។ កម្មវិធីដំណើរការ៤ខែនេះ គឺបណ្តុះបណ្តាលឱ្យ ក្មេងមានភាពក្លាហាន យល់សីលធម៌ អាកប្ប កិរិយារស់នៅ សីលធម៌សព្វបែបយ៉ាង រហូត ដល់ការសម្តែង។ អ៊ីចឹងការសម្រេចដែលពេជ្រ ថៃ បានទទួលពានហ្នឹង គឺសុទ្ធសឹងតែទស្សនិកជនដែលគាត់ Vote ឲ្យផ្ញើសារឱ្យ ហើយក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងប្ញស្សីមួយសម្រាប់កុមារ កម្ពុជាយើង”។
លោកអ៊ា វណ្ណា អ្នកគ្រប់គ្រងកម្មវិធី “The Voice Kids Cambodia” មិនហ៊ានធ្វើការ បកស្រាយ លើរឿងលេចឭទាំងនោះឡើយ នៅពេលដែលអ្នកយកព័ត៌មាន បានទាក់ទងសុំ យោបល់ ដោយលោកថា កំពុងជាប់រវល់។
លោកវណ្ណា និយាយខ្លីថា “ខ្ញុំសូមទោស ឥឡូវមិនអាចនិយាយបានទេបង ព្រោះខ្ញុំកំពុង ជាប់រវល់ជ្រើសរើសបេក្ខជនថ្មី កម្មវិធី Cambodian Idol…”។
គួរបញ្ជាក់ដែរថា កុមារពេជ្រ ថៃ ជ័យលាភីកម្មវិធី “The voice kids cambodia” រដូវកាលទី១ មានអាយុ១២ឆ្នាំ មានស្រុក កំណើតនៅឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដោយរូបគេបានរស់នៅជាមួយជីដូនឈ្មោះ ហូ ហុម អាយុ៧៧ឆ្នាំ តាំងពីម្តាយគេសម្រាល បាន១០ថ្ងៃម៉្លេះ ព្រោះឪពុកម្តាយរបស់គេ បាន ចេញទៅធ្វើជាពលករចំណាកស្រុក នៅប្រទេស ថៃ។ លោកយាយហូ ហុម ធ្លាប់ប្រាប់អ្នកយក ព័ត៌មានយើងថា ពេជ្រ ថៃ មានឪពុកឈ្មោះ ពេជ្រ ហើយដោយសារឪពុកគេទៅធ្វើការនៅ ថៃ ទើបដាក់ឈ្មោះឱ្យថា “ពេជ្រ ថៃ” ហើយ កុមារនេះ មានទេពកោសល្យសិល្បៈចម្រៀង តាំងពីតូចម៉្លេះ និងពេលម្តាយទៅធ្វើការនៅ ប្រទេសថៃបាត់ ពេជ្រ ថៃ បៅដោះគាត់ ហើយ ចៅម្នាក់នេះបានហៅគាត់ថា “ម៉ែចាស់”។
ពេជ្រ ថៃ ដែលមានទឹកដមសំឡេងច្រៀង ធម្មតាដូចក្មេងទូទៅនោះ បានសម្តែងភាពក្លាហាន និងក្រមិចក្រមើម ទាក់ទាញទស្សនិកជន និងគ្រូបង្វឹកទាំង៣ នៃកម្មវិធី “The voice kids cambodia” នៅពេលច្រៀងបទ “បាត់ដំបងបណ្តូលចិត្ត” ក្នុងវគ្គ “Blind Audition” ហើយពេជ្រ ថៃ បានជ្រើសនិងរើសយកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក Coach និងបានជាប់ នៅវគ្គបន្តបន្ទាប់ រហូតមកដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៤ ខែតុលា កុមារពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១នេះ តែម្តង៕