តារាចម្រៀងសដែលមានសម្រស់លេចធ្លោនៅផលិតកម្មសាន់ដេ គង់ សុកញ្ញា ហៅអែនជី ហាក់មិនសូវខ្វល់ខ្វាយពីភាពប្រកួតប្រជែងលើទីផ្សារច្រៀងដូចតារាមួយចំនួនទៀតឡើយ នៅពេលនេះគឺនាងដកឃ្លាពីអាជីពចាស់បន្ដិចម្ដងៗ តាំងពីបានភ្ជាប់ពាក្យជាមួយលោកឡេង ដែលជាប្អូនប្រុសតារាសម្ដែង លោករ៉ាយុទ្ធ ម្ចាស់ហាងរ៉ាយុទ្ធលក់សម្លៀកបំពាក់នោះ។
តាមព័ត៌មានចុងក្រោយបានឲ្យដឹងដែរថា ពេលនេះ អែនជី កំពុងត្រៀមខ្លួនដើម្បីចូលរោងការជាចំហជាមួយប្រុសស្នេហ៍នៅដើមឆ្នាំ២០១៨ ខាងមុខនេះ ហើយក្រោយមានការរំអុកចង់ក្រាបផ្ទឹមជាច្រើនលើកច្រើនសារពីលោកឡេង ដោយសារតែភ័យព្រួយខ្លាចអែនជី ត្រូវប្រុសអ្នកធំឆក់ស្នេហ៍នោះ ស្របពេលដែលមានដំណឹងថា អែនជី មានមន្ដ្រីមានអំណាចម្នាក់ដែលពាក់ផ្កាយ២ លើស្មាម្នាក់ ព្យាយាមដាក់អន្ទាក់ស្នេហ៍នាងជាច្រើនឆ្នាំមកហើយ។
ក្នុងជំនួបជាមួយអែនជី ក្នុងថ្ងៃឡើងផ្ទះវីឡារបស់ថន លក្ខិណា តម្លៃជាង២០ម៉ឺនដុល្លារនោះ ស្រីស្អាតរូបនេះនិយាយដោយរួសរាយថា នាងពិតជាត្រៀមរៀបការក្នុងពេលដ៏ឆាប់ខាងមុខនេះមែនហើយ គឺជាការរៀបការដោយចំហរ គ្មានអ្វីត្រូវបិទបាំងឡើយ។
តារាចម្រៀងសាន់ដេ រូបនេះថ្លែងថា ”មួយរយៈនេះ ខ្ញុំមិនសូវបានគិតគូរពីការងារសិល្បៈទេ ដោយសារតែជាប់រវល់រកស៊ីខាងក្រៅច្រើន។ ចំពោះដំណឹងល្អរឿងរៀបការនោះ ខ្ញុំនឹងអាចធ្វើនៅពេលឆាប់ៗខាងមុខមែន គឺនឹងរៀបចំនៅខែ៥ (ឧសភា) ឆ្នាំ២០១៨ ហ្នឹងហើយ។ ខ្ញុំគ្មានអ្វីត្រូវបិទបាំង ឬលាក់លៀមទេ ព្រោះខ្ញុំបានភ្ជាប់ពាក្យជាចំហរត្រឹមត្រូវ អីចឹងរៀបការក៏ជាចំហរតាមប្រពៃណីខ្មែរដែរ។ នៅថ្ងៃការខ្ញុំនោះ គឺដើម្បីបញ្ជាក់ថា ខ្ញុំរៀបការដោយចំហរនោះ អីចឹងបងៗអ្នកសារព័ត៌មានទាំងអស់ក៏ខ្ញុំអញ្ជើញដែរ ជួបគ្នានៅថ្ងៃហ្នុងទាំងអស់គ្នាណាបង”។
ការប្រកាសថ្ងៃចូលរោងការជាការបញ្ចប់ភាពនៅលីវរបស់ស្រីស្អាតអែនជី នាពេលនេះ ច្បាស់ណាស់ថា តារាតូចច្រឡឹងនេះនឹងអាចបញ្ចប់អាជីពសិល្បៈនាពេលដ៍ខ្លីខាងមុខនេះហើយ ព្រោះពេលនេះនាងបានបើកហាងផ្ទាល់ខ្លួន គឺជាហាងលក់សម្លៀកបំពាក់អែនជី ហ្វេសសិន ដែលមានទីតាំងនៅផ្លូវផ្ការាំទឹករាំ ជិតវិទ្យាល័យបាក់ទូក។
ទស្សនិកជននិយាយថា តារាស្អាតៗយ៉ាងណាក៏ដោយ ឲ្យតែរៀបការហើយ គឺធ្លាក់កូដពិបាកស្ដារមុខណាស់ អ្នកខ្លះគឺហៅលែងឮតែម្ដង។
អែនជី បន្ថែមថា ”ខ្ញុំមិនខ្លាចធ្លាក់កូដលែងល្បីក្រោយរៀបការប្ដីអីទេ គឺខ្ញុំនឹងរៀបការជាចំហរ ព្រោះខ្ញុំក៏មិនយកអាជីពសិល្បៈជាមុខរបររបស់ខ្ញុំរហូតបានដែរ។ ពេលនេះខ្ញុំមានហាងលក់សម្លៀកបំពាក់ ហើយការរកស៊ីរបស់ខ្ញុំកាក់កបល្អណាស់ អាចនិយាយបានថា ខ្ញុំជោគជ័យក្នុងការងាកមករកស៊ីនេះ។ ក្នុង១ខែ ខ្ញុំចេញទៅយកអីវ៉ាន់នៅប្រទេសថៃ ឬហុងកុង ម្ដងហើយ នៅពេលទំនិញមកដល់ ខ្ញុំ Live វីដេអូលក់ មានអតិថិជនជាច្រើនបានទិញ តែភាគច្រើនភ្ញៀវទាំងអស់ គឺជាអ្នកក្រៅសិល្បៈ ហើយហាងខ្ញុំនេះមិនរើសភ្ញៀវថា ទាល់តែកាលីពបានចូលបានទេ ព្រោះកាបូបនិងខោអាវនោះ មានតម្លៃចាប់ពី១០ដុល្លារឡើងទៅ អីចឹងភ្ញៀវទូទៅអាចចូលបាន”។
ទោះជាពេលនេះ អែនជី មិនមានបទថ្មីល្បីដូចមុនក្ដី តែអតីតតារាចម្រៀងរបស់ផលិតកម្ម M រូបនេះ នៅតែអះអាងថា នាងនៅមានកុងត្រាជាមួយផលិតកម្មសាន់ដេ នៅឡើយ ហើយខាងផលិតកម្មដឹងថា នាងជាប់រវល់រកស៊ីអីចឹងតែងតែមានការយោគយល់ដល់រូបនាង ព្រោះថានាងចង់ពង្រឹងមុខជំនួញច្រើនជាងការងារសិល្បៈ។
អែនជី បន្ថែមទៀតថា ”អារម្មណ៍ខ្ញុំពេលនេះលើការរកស៊ីដល់ទៅ៨០% ហើយខាងសិល្បៈនៅតែ២០%ទេ អីចឹង ២០%ហ្នឹងខ្ញុំក៏0អាចវិលវិញដែរ ហើយនៅពេលខាងផលិតកម្មត្រូវការឲ្យខ្ញុំច្រៀងបទថ្មី ខ្ញុំនៅតែទៅច្រៀង អីចឹងមិនទាន់ចោលដាច់ទេ។ ប៉ុន្ដែចំពោះរឿងខាងមុខយ៉ាងម៉េចនោះ យើងមើលមិនដឹងអត់ទាន់ហ៊ានថាទេ”។
អែនជី ល្បីល្បាញបទ ”កំដរបងត្រឹមជាតិនេះ” ដែលមានយុវវ័យជាច្រើនស្រលាញ់ចូលចិត្តនាង តែតាំងពីអែនជី បានភ្ជាប់ស្នេហ៍ជាមួយលោកឡេង មក ស្រីស្អាតរូបនេះហាក់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការច្រៀងរាំទៀតឡើយ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា អែនជី ត្រូវបានម្ចាស់ចិត្តហួងហែង តែសុកញ្ញា និយាយការពារបណ្ដូលចិត្តថា មិនបានហាមឃាត់នាងក្នុងការងារសិល្បៈឡើយ គឺនាងពេញចិត្ដខ្លួនឯងនូវការបើកហាងលក់សម្លៀកបំពាក់នេះ។
តាមប្រភពថា តាំងពីអែនជី បានប្រគល់បេះដូងទៅឲ្យលោកឡេង ជាអ្នកឃុំគ្រងមកមានប្រុសមិនតិចនាក់ឡើយ ដែលស្ដាយស្នេហ៍ស្រីស្អាតរូបនេះ ព្រោះអស់ឱកាសតាមប្រជែងស្នេហ៍ ពិសេសគឺលោកធំផ្កាយ២ដ៏ល្បីឈ្មោះម្នាក់នោះ ច្បាស់ជាមានអារម្មណ៍ច្របូកច្របល់ និងស្ដាយស្នេហ៍អែនជី រហូតដល់ដេកមិនលក់បក់មិនល្ហើយឡើយ នៅពេលដែលតារាសំឡេងស្រាលស្រទន់រូបនេះ ដឹកដៃគូដណ្ដឹងរៀបការនៅខែឧសភា ឆ្នាំ២០១៨ ខាងមុខនោះ៕