កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀងសាន ស្រីឡៃ ត្រូវអតីតប្តីឈ្មោះជ័យ រិន ចុះពីលើម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FN-5923 បាញ់ប្រហារ៣គ្រាប់ទៅលើរូបនាង បណ្តាលឱ្យនាងដួលលើកម្រាលឥដ្ឋ ហើយជនសង្ស័យបានបាញ់ខ្លួនឯង១គ្រាប់ ធ្វើអត្តឃាតតាមក្រោយផងដែរ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនិងផ្លូវលេខ៥៧ នៅមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្បែរប៉ុស្តិ៍អប្សរា)។
តាមប្រភពថា អតីតប្តីសាន ស្រីឡៃ ចង់រួមស្នេហ៍ជាមួយតារាចម្រៀងរូបនេះសាជាថ្មីឡើងវិញ តែស្រីឡៃ ព្យាយាមគេច ទើបមិនព្រមផ្សះផ្សាស្នេហ៍ ដោយសារខឹងពូកែប្រចណ្ឌពេក ម៉្យាងអតីតប្តីនោះមិននៅទំនេរទេ គឺមានប្រពន្ធកូនដើមផងដែរ ទើបធ្វើឱ្យលោកជ័យ រិន ដែលជាអនុប្រធានគយ នៅត្បូងឃ្មុំ មានស្រុកកំណើតនៅខេត្តព្រៃវែង នោះ សង្ស័យស្រីឡៃ មានថ្មី ក៏តាមបាញ់សម្លាប់តែម្តង។
ពេជ្រ សោភា និយាយទាំងស្រងូតស្រងាត់ថា “តាមខ្ញុំដឹង ស្រីឡៃ គឺគ្មានថ្មីទេ មានម៉ោពីណា? ស្រីឡៃ ធ្លាប់ប្រាប់ខ្ញុំថា គេ (ប្តី) ចង់ជួបវិញ ខ្ញុំមិនដឹងជាធ្វើម៉េចទេ? ខ្ញុំមិនចង់ជួបវិញទេ។ តាមដឹង ប្តីហ្នឹងបែកគ្នាម្តងហើយ ជាមួយស្រីឡៃ ក្រោយមកក៏ចង់ជួបវិញ ហើយនៅពេលស្រីឡៃ គេច គេខឹង ធ្លាប់គំរាមជាច្រើនលើកមកហើយ។ ប្តីហ្នឹងពេលមកស្រលាញ់ស្រីឡៃ កុហកថា អត់មានប្រពន្ធកូនទេ តែពេលបានកូន២ ទើបស្រីឡៃ ដឹងថា គេមានប្រពន្ធកូន៤ទៅហើយ អ៊ីចឹងវាពិបាកណាស់។ គ្នាមានកូន២ ចិញ្ចឹមកូនផង ម្តាយផង នៅផ្ទះជួលទៀត តើពិបាកម៉េចទៅ? ប្តីហ្នឹងធ្លាប់ជួប ជួនកាលឱ្យស្រីឡៃ ២០ម៉ឺនរៀល, ១០ម៉ឺនរៀលអី គឺចិញ្ចឹមកូនផង ផ្ទះជួលផង មិនគ្រាន់ទេ ពិបាកណាស់ ពេលច្រៀងនៅហង្សមាស ម្តង គឺស្រីឡៃ គ្នាអត់មាន គឺទារបើកលុយមុនហើយ។ ខ្ញុំចាំបានថា ពេលដែលស្រីឡៃ ឡើងទៅផ្តាច់ព្រ័ត្រ កម្មវិធី “The Voice Cambodia” នោះ គ្នាមានលុយតែ៥០ដុល្លារគត់ អីចឹងខ្ញុំឱ្យរ៉ូប ស្បែកជើង ទៅគាត់ ហើយស្រីឡៃ នៅប្រើរហូតដល់ចុងក្រោយនេះ។ ស្រីឡៃ ធ្លាប់សួរខ្ញុំថា មានកន្លែងណាទិញស្បែកជើងបង់រំលស់អត់? ខ្ញុំចង់បានថ្មី។ ខ្ញុំប្រាប់វិញថា ស្បែកជើងមានបង់រំលស់អីឯណា? និយាយទៅ គ្រួសារគ្នាលំបាកណាស់ ទោះជាហង្សមាស ទម្លាក់ឱ្យច្រៀងតាម Concert ខ្លះៗក្តី តែនៅមិនគ្រប់គ្រាន់ទេ”។
មិនត្រឹមតែពេជ្រ សោភា ទេ ដែលរន្ធត់ចិត្ត រហូតដល់ធ្លាក់ខ្លួនឈឺ ក្រោយបាត់បង់អតីតកូនក្រុមនេះ តែការស្លាប់របស់តារាចម្រៀងសាន ស្រីឡៃ ដោយអាណោចអាធ័មនេះ ធ្វើឱ្យតារាសិល្បៈជាច្រើនបាន សម្តែងការសោកស្តាយខ្លាំង ស្របពេលដែលស្រីឡៃ មុនរលត់ជីវិតនេះ នាងកំពុងតែសម្រុកថតរឿងភាគ២ ឱ្យប៉ុស្តិ៍ហង្សមាស នៅមិនទាន់ចប់នៅឡើយ គឺរឿង “បិសាចគួរឱ្យស្រលាញ់” និងរឿង “រាជិនីភូមិគ្រឹះ”។
ដោយឡែក តារាសិល្បៈមួយចំនួនទៀត ដែលមានសម្រស់ផូរផង់ស្បែកសាច់សខ្ចីខ្លះ ក៏ភ័យខ្លាចផងដែរ ប្រសិនបើពួកគេបានសាងស្នេហ៍លួចលាក់ជាមួយប្រុសណាម្នាក់ ជាថ្នូរទ្រព្យសម្បត្តិនោះ ហើយបើសិនជានាងចង់បែក ឬដោះដៃពីប្រុសនោះ។
ពេជ្រ សោភា និយាយបន្ថែមថា “ខ្ញុំមិនយល់ថាអីចឹងទេ! នេះគឺជារឿងបុគ្គលទេ មិនពាក់ព័ន្ធតារាទូទៅទេ។ ខ្ញុំដឹងថា ប្រុសនោះ (ជ័យ រិន) ស្រលាញ់ស្រីឡៃ ហ្នឹងខ្លាំងណាស់ ធ្លាប់ជូនមកប្រលងចម្រៀងទៀតផង។ បើមិនស្រលាញ់ខ្លាំងទេ មិនមែនអត់ទៅណា សម្លាប់ហើយ សុខចិត្តសម្លាប់ខ្លួនឯងដែរទេ? ខ្ញុំមិនគិតថា ប៉ះពាល់ទៅតារាណាផ្សេងទេ ព្រោះនេះគឺជារឿងបុគ្គលទេ។ ខ្ញុំស្តាយ គ្មានអីត្រូវនិយាយទេ ព្រោះចុងក្រោយនេះ គាត់មានការងារសិល្បៈច្រើនដែរ ហើយថត២រឿង មិនទាន់ចប់ផង តែឥឡូវគាត់បានទៅចោលយើងទៅហើយ”៕