Thursday, November 28, 2024
Homeតារាខ្មែរម្តាយសាន ស្រីឡៃ ថា កូនប្រសារគំរាមបាញ់ភរិយា២ថ្ងៃមុន ខណៈលោកកៅ សីហា គ្រោងបង្កើតមូលនិធិជួយកូនសាន ស្រីឡៃ

ម្តាយសាន ស្រីឡៃ ថា កូនប្រសារគំរាមបាញ់ភរិយា២ថ្ងៃមុន ខណៈលោកកៅ សីហា គ្រោងបង្កើតមូលនិធិជួយកូនសាន ស្រីឡៃ

សាន ស្រីឡៃ ជាតារាចម្រៀង We Production របស់ក្រុមហ៊ុនហង្សមាស តែតាមព័ត៌មានពីអ្នកនាងពេជ្រ សោភា ដែលជាអតីតគ្រូបង្វឹក (Coach) ស្រីឡៃ បានឲ្យដឹងថា ស្រីឡៃ មុនត្រូវអតីតប្ដីបាញ់ប្រហារនេះ នាងគ្មានសល់ទ្រព្យអ្វីដូចគេឡើយ សូម្បីតែទិញសម្លៀកបំពាក់ស្បែកជើងតាមបែបតារាដូចគេ ក៏ស្រីឡៃ មិនមានលទ្ធភាពដែរ ហើយធ្លាប់ទាំងសុំទិញស្បែកជើងនាង ដោយចង់បង់រំលស់ទៀតផង។

ម្តាយសាន ស្រីឡៃ ស្រែកទ្រហ៊ោយំពេលបូជាសពកូនស្រី

ពេជ្រ សោភា បានបញ្ជាក់ថា នៅពេលដែលស្រីឡៃ ត្រូវរ៉ូវគ្នាជាមួយអតីតប្ដីនាង លោកជ័យ រិន នោះ នាងមានផ្ទះនិងរថយន្ដជិះ តែពេលបែកគ្នា បុរសនោះរឹបអូសទាំងផ្ទះនិងឡានអស់ ទើបធ្វើឲ្យស្រីឡៃ និងកូនទាំង២ ដើរជួលផ្ទះគេនៅ ម្ដងត្រង់នេះ ម្ដងត្រង់នោះ តែនាងលាក់មិនឲ្យអ្នករួមអាជីពដឹងពីផ្ទះដែលនាងជួលឡើយ។

ពេជ្រ សោភា បានឲ្យដឹងផងដែរថា អនុស្សារីយ៍ដែលនាងមិនអាចបំភ្លេចបាននោះ គឺស្រីឡៃ មានពេលខ្លះនាងចូលទៅលសម្លៀកបំពាក់របស់នាង ហើយនាងស្រលាញ់ស្បែកជើងនាង ដោយសុំទិញបង់រំលស់ទៀតផង តែនាងប្រាប់ស្រីឡៃ ថា ទិញបង់រំលស់ម៉េច បើស្រលាញ់យកប្រើចុះ។

ពេជ្រ សោភា បន្ថែមថា ស្បែកជើងនាងពិតជាថ្លៃមែន ដែលឲ្យស្រីឡៃ នោះ តែនាងរំភើប ព្រោះតាំងពីមុនប្រលងចម្រៀង The Voice Cambodia រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្រនោះ រហូតដល់មុនស្លាប់នេះ ស្រីឡៃ បានពាក់ស្បែកជើងនិងរ៉ូបដែលនាងឲ្យនោះ ដោយរក្សាទុករហូត។

កូនប្រុសទាំង២របស់សាន ស្រីឡៃ

ពេជ្រ សោភា ក៏បានឲ្យដឹងថា មុនពេលស្រីឡៃ ស្លាប់យ៉ាងអណោចអធមនេះ នាងធ្លាប់បានប្រាប់ថា ពិបាកចិត្ត គេ (ជ័យ រិន) ចង់ជួបវិញ តែនាងមិនចង់ជួបជាគ្នាវិញទេ។ ស្រីឡៃ មានការពិបាកណាស់គ្នា ក្រមិនអាចទិញសម្លៀកបំពាក់ល្អៗដូចតារាមួយចំនួនទៀតបានទេ ហើយរឿងនេះសម្រាប់ខ្ញុំជាអ្នកធ្លាប់អត់ ទើបដឹងច្បាស់។ ហង្សមាស បានទម្លាក់ការងារឲ្យស្រីឡៃ ច្រៀងនិងថតរឿងជាហូរហែរដែរ តែគ្រួសារគាត់ខ្វះខាត អីចឹងនៅតែមិនអាចបំពេញតាមតម្រូវការបានទេ។ ស្រីឡៃ ធ្លាប់ប្រាប់ខ្ញុំថា អតីតប្ដីបានឲ្យលុយម្ដងពី២០ម៉ឺនរៀល ឬ១០ម៉ឺនរៀលហ្នឹង សម្រាប់ចិញ្ចឹមកូនទាំង២ ហើយគ្នានៅផ្ទះជួលផង តើម៉េចគ្រប់ទៅ?

មហាជនជាច្រើនបានភ្ញាក់ផ្អើលជាខ្លាំងថា តារាហង្សមាស ភាគច្រើនគឺសុទ្ធតែរកប្រាក់ចំណូលបានច្រើន ដោយមានអ្នកខ្លះរស់នៅវីឡាស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារ និងខ្លះទៀតជិះរថយន្ដ១គ្រឿង តម្លៃជាង១០ម៉ឺនដុល្លាទៀតផង ប៉ុន្តែស្រីឡៃ វិញ គឺរស់នៅផ្ទះជួល និងរកលុយទិញសម្លៀកបំពាក់បែបជាតារាដូចគេមិនបានឡើយ ទើបធ្វើឲ្យមានអ្នកខ្លះបានលើកឡើងថា តារាមានទ្រព្យស្ដុកស្ដម្ភតែអ្នកល្បីខ្លាំងទេ តែអ្នកល្បីល្មមៗ គឺបានតែល្អមើលលើឆាកទេ។

ដោយឡែក ប្រភពដែលស្និទ្ធគ្រួសារសាន ស្រីឡៃ បានឲ្យដឹងថា មុនពេលស្លាប់ ស្រីឡៃ ជិះរថយន្ដLexus Lx300 ពណ៌ស តម្លៃជាង១ម៉ឺនដុល្លារដែរ តែក្រោយពេលបែកប្ដីនាងទៅរស់នៅជាមួយម្ដាយដែលរស់នៅលើដីសហគមន៍នៅខណ្ឌសែនសុខ ប៉ុន្តែ ស្រីឡៃ បានព្យាយាមលាក់រឿងជីវភាពដែលនាងលំបាករស់នៅជាមួយម្ដាយ ចិញ្ចឹមកូនទាំង២នាក់តែម្នាក់ឯងនេះ ដល់អ្នករួមអាជីព។

អ្នកស្រីឡុង ចន្ធី ម្ដាយសាន ស្រីឡៃ បានឲ្យដឹងថា ”កូនខ្ញុំមិនមានលុយទេ ឡានដែលគេជិះហ្នឹង គឺរាប់លុយ (ចងការ) គេទេ។ ហង្សមាស បានឲ្យការងារច្រើនធ្វើដែរ តែយើងពិបាកច្រើនពេក ទើបមិនគ្រប់គ្រាន់តម្រូវការ។ ស្រីឡៃ គ្មានផ្ទះនៅមែន គេមករស់នៅជាមួយខ្ញុំលើដីសហគមន៍នៅសែនសុខ នេះ។ ខ្ញុំសូមអរគុណដល់ហង្សមាស ដែលបានចាត់ចែងធ្វើពិធីបុណ្យសពកូនស្រីគ្រប់បែបយ៉ាងទាំងអស់ សូមឲ្យលោកថៅកែមានអាយុយឺនយូរ។ មូលហេតុដែលកូនស្រីខ្ញុំរងទុក្ខរហូតដល់ស្លាប់នេះ ព្រោះប្ដីវាចង់ជួបគ្នាវិញ តែស្រីឡៃ មិនចង់ ហើយមុនកូនខ្ញុំស្លាប់នេះ ២ថ្ងៃ ប្ដីវាធ្លាប់គម្រាមសម្លាប់ដែរ ហើយខ្ញុំបានប្រាប់កូនឲ្យប្រយ័ត្នដែរ តែពេលវាចេញពីហង្សមាស Live វីដេអូ អត់ដឹងថា អាប្ដីហ្នឹងតាមដានទេ ក៏ជួបរឿងអីចឹងតែម្ដង… យំ។ ប្ដីស្រីឡៃ ហ្នឹងមិនធ្លាប់ឲ្យលុយអីច្រើនចិញ្ចឹមកូនទេ គឺឲ្យតែទិញម្ហូបតិចតួច ហើយពេលគេជូនស្រីឡៃ ទៅប្រលងចម្រៀងហ្នុង គឺគេចង់ឲ្យស្រីឡៃ គ្រាន់តែប្រលង មិនចង់ឲ្យធ្វើជាអ្នកចម្រៀងថតកុនអីទេ តែកូនខ្ញុំចង់ច្រៀង អីចឹងហើយបានជាខ្វែងគំនិតគ្នា កើតរឿងចឹងហ្នឹង”។

គួរបញ្ជាក់ថា សាន ស្រីឡៃ បានដេកដួលក្នុងថ្លុកឈាមក្រោយពេលដែលត្រូវអតីតប្ដី លោកជ័យ រិន មុខរបរជាអនុប្រធានគយ នៅត្បូងឃ្មុំ ស្រុកកំណើតនៅព្រៃវែង បានបាញ់ប្រហារមកលើរូបនាង៣គ្រាប់ និងបានបាញ់១គ្រាប់សម្លាប់ខ្លួនឯងតាមក្រោយដែរ នៅមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ក្បែរប៉ុស្ដិ៍អប្សារា។ សាកសពស្រីឡៃ បានដឹកយកទៅតម្កល់និងធ្វើពិធីបូជានៅវត្តសែនសុខ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ក្រោមសំឡេងយំសោកស្ដាយស្រណោះពីអ្នកសិល្បៈរួមអាជីពជាច្រើននាក់ផងដែរ។ ស្រីឡៃ បានបន្សល់ទុកកូនប្រុស២នាក់ គឺកូនទី១ ឈ្មោះរិន ច័ន្ទតារា អាយុ៨ឆ្នាំ និងកូនទី២ ឈ្មោះរិន ច័ន្ទឯករាជ្យ អាយុ៤ឆ្នាំ ដែលត្រូវអ្នកស្រីចន្ធី ម្ដាយស្រីឡៃ ជាអ្នករ៉ាប់រ៉ងចិញ្ចឹម។ ពិធីបុណ្យសពសាន ស្រីឡៃ គម្រប់៧ថ្ងៃ នឹងរៀបចំនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិសែនសុខទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

តាមព័ត៌មានបានឲ្យដឹងថា ផលិតកម្មរស្មីហង្សមាស បានចំណាយថវិកា៥ពាន់ដុល្លារ សម្រាប់រ៉ាប់រងចំណាយទាំងអស់ដល់បុណ្យសពសាន​ស្រីឡៃ ហើយថវិការដែលប្រមូលបានទាំងអស់ មាន៣៤៣១ដុល្លារ និង៥លាន៨សែនរៀលនោះ គឺត្រូវបង្វិលជូនទៅគ្រួសារសពសម្រាប់តម្រូវការផ្សេងៗ។

មហាជនមួយចំនួនបានលើកឡើងដែរថា ថ្វីត្បិតតែហង្សមាស បានយកចិត្តទុកដាក់ទៅលើការចំណាយទាំងស្រុងទៅលើពិធីបុណ្យសពសាន ស្រីឡៃ​ ក្ដី តែនៅថ្ងៃដង្ហែសពទៅបូជានោះ គេមិនឃើញមានតារាជួរមុខរបស់ហង្សមាស ទៅច្រើនឡើយ គឺមានតែអ្នកនាងពេជ្រ សោភា ដែលយំឡើងហើមភ្នែក លោកងួន ចាន់ដេវីដ,បញ្ញា សិទ្ធ , យក់ ដួងតារា និងកញ្ញាហេង ស្រីពេជ្រ ប៉ុណ្ណោះ គ្រាន់តែបូជាសពស្រីឡៃ ហើយភ្លាម អ្នកដឹកនាំសម្ដែងផលិតកម្មរស្មីហង្សមាស បានប្រកាសជ្រើសរើសយកតួសម្ដែងថ្មីដែលមានត្រេមុខស្រដៀងសាន ស្រីឡៃ ដើម្បីឲ្យលេងបន្ដពីស្រីឡៃ ក្នុងរឿង ”បិសាចគួរឲ្យស្រលាញ់” និងរឿង ”រាជិនីភូមិគ្រឹះ”។

ប្រភពបានឲ្យដឹងថា លោកកៅ សីហា ថែមទាំងមានគម្រោងបង្កើតមូលនិធិមួយ សម្រាប់រៃអង្គាសយកថវិកាជួយដល់កូនប្រុសទាំង២របស់ស្រីឡៃ ផងដែរ គឺដូចគ្នាទៅនឹង CTN ដែលបានបង្កើតមូលនិធិជួយដល់កូនលោកអ៊ិត សេដ្ឋា ផងដែរ។

លោកកៅ សីហា ជាអ្នកដឹកនាំសម្ដែងរឿង ”រាជិនីភូមិគ្រឹះ” បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ថា ”ជាការពិតហើយ យើងកំពុងតែស្វែងរកតារាណាដែលមានត្រេមុខស្រដៀងស្រីឡៃ ដើម្បីឲ្យគាត់បន្ដលេងរ៉ូលដែលស្រីឡៃ នៅសល់នោះ។ មូលហេតុដែលយើងមិនចង់កាត់ចេញឈុតស្រីឡៃ ដែលលេងហើយ ដោយដាក់ជំនួសតួថ្មីទាំងស្រុងនោះ ព្រោះតែយើងចង់ឲ្យបងប្អូនទស្សនិកជននៅចងចាំស្រីឡៃ អីចឹងយើងមិនកាត់ចេញឈុតដែលគាត់លេងហើយនោះទេ គឺយើងនៅរក្សាទាំងអស់ ដោយគ្រាន់តែរកតួថ្មីដែលមានផ្ទៃមុខប្រហាក់ប្រហែលដើម្បីលេងបន្ដពីស្រីឡៃ ប៉ុណ្ណោះ។ រឿង”រាជិនីភូមិគ្រឹះ” នេះបានចាប់ផ្ដើមថតបន្ដទៀតហើយ គឺឈប់តែថ្ងៃដែលបូជាសពស្រីឡៃ ហ្នឹង ហើយពេលនេះយើងរង់ចាំតារាថ្មីដែលមានមុខស្រដៀងស្រីឡៃ លេងបន្ដពីគាត់។ ចំពោះមូលហេតុដែលថាម៉េចថ្ងៃបូជាសពស្រីឡៃ អត់ឃើញតារាល្បីៗរបស់ហង្សមាស ទៅច្រើននោះ ខ្ញុំសូមបញ្ជាក់ថា ថ្ងៃហ្នុងពួកគាត់ជាប់ច្រៀងតាម Concert ច្រើន ខ្លះនៅខេត្តបាត់ដំបង តែពួកគាត់សុទ្ធតែបានផ្ញើលុយចូលបុណ្យទាំងអស់គ្នា អ្នកខ្លះមកពេលយប់ មុនបូជាហ្នឹងដែរ គ្រាន់តែគាត់មិនបានថត Post អីចឹងបានជាមិនឃើញ។ គ្មានតារាណារើសអើងថាមកពីតារាមិនសូវល្បី តួល្បីៗរបស់ហង្សមាស មិនមកអី គឺគ្មានការរើសអើងបែបនេះទេ។ ចំណែករឿងដែលថា ខ្ញុំចង់បង្កើតជាមូលនិធិជួយដល់កូនស្រីឡៃ​ ទាំង២នោះ គឺគ្រាន់តែជាគំនិតរបស់ខ្ញុំទេ ។ ខ្ញុំមិនទាន់បានយករឿងនេះទៅពិភាក្សាជាមួយក្រុមហ៊ុនហង្សមាស ទេ អីចឹងរឿងហ្នឹងខ្ញុំមិនទាន់អាចនិយាយមុនបានទេ ព្រោះអីពេលនេះ ហង្សមាស គាត់កំពុងតែមមាញឹកច្រើនផងដែរ។ សម្រាប់ថ្ងៃបុណ្យ៧ថ្ងៃរបស់ស្រីឡៃ នេះ ខ្ញុំនឹងក្រុមការងារនឹងឆ្លៀតទៅទៀត ប្រសិនបើមានពេល តែបើយើងជាប់ថតនៅឆ្ងាយ ក៏មិនបានទៅដែរមើលទៅ”៕

RELATED ARTICLES