Friday, September 20, 2024
Homeតារាខ្មែរពេជ្រ សោភា ព្រមានត្រៀមខ្សែតី វ៉ៃអ្នកចោទកិបលុយបច្ច័យបុណ្យសព

ពេជ្រ សោភា ព្រមានត្រៀមខ្សែតី វ៉ៃអ្នកចោទកិបលុយបច្ច័យបុណ្យសព

ភ្នំពេញ ៖ បន្ទាប់ពីពិធីបុណ្យសពតារាចម្រៀងសាន ស្រីឡៃ ដែលត្រូវប្តីចិត្តកំណាចឃោរឃៅបាញ់ប្រហារឱ្យស្លាប់ក្នុងថ្លុកឈាម បានបញ្ចប់ទៅ ដោយសពសាន ស្រីឡៃ ត្រូវបានបូជារួចរាល់តាមប្រពៃណី កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅក្នុងវត្តសែនសុខ តារាចម្រៀងពេជ្រ សោភា ដែលជាអ្នកជិតស្និទ្ធបំផុតនឹងតារាចម្រៀង សាន ស្រីឡៃ បានចេញមុខប្រតិកម្មនឹងអ្នកដែលចោទប្រកាន់ថា ក្រុមហ៊ុនហង្សមាស បានកិបកេងបច្ច័យដែលសប្បុរសជននានា បានចូលរួមចាប់មគ្គផលក្នុងពិធីបុណ្យសព សាន ស្រីឡៃ ដើម្បីយកទៅចំណាយក្នុងការរៀបចំពិធីបុណ្យសពនោះ ដោយពេជ្រ សោភា បានបដិសេធការចោទប្រកាន់មួលបង្កាច់បែបនេះ ព្រមទាំងព្រមានត្រៀមខ្សែតីវ៉ៃអ្នកនិយាយបង្កាច់បង្ខូចនោះទៀត។

ជាមួយគ្នានេះ ពេជ្រ សោភា ក៏បានរំលឹកដល់ប្រវត្តិជីវិតដ៏ជូរចត់របស់តារាចម្រៀង សាន ស្រីឡៃ អតីតកូនក្រុមរបស់នាងក្នុងកម្មវិធីប្រឡងចម្រៀង “The voice cambodia” រដូវកាលទី២ ដែលកាលនៅរស់ជួបតែទុក្ខលំបាកទាំងផ្នែកជីវភាព និងរងគំនាបទាំងផ្លូវកាយ និងផ្លូវចិត្តពីអតីតប្តី ហើយចុងក្រោយ ត្រូវប្តីចិត្តប្ញស្យាបាញ់ប្រហារផ្តាច់ជីវិតឱ្យលាចាកលោកិយ ចោលកូនប្រុស២នាក់ ម្តាយមេម៉ាយ និងបងប្អូនគួរឱ្យស្រណោះអាណោះអាល័យបំផុត។

តាមរយៈវីដេអូផ្សាយផ្ទាល់ (Live video)  រយៈពេល៣២នាទីនិង១១វិនាទី បង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន តារាចម្រៀង ពេជ្រ សោភា បានធ្វើការបកស្រាយបំភ្លឺឆ្លើយតបទៅអ្នកនិយាយចោទប្រកាន់ពីរឿងកិបកេងលុយបច្ច័យបុណ្យសពតារាចម្រៀង សាន ស្រីឡៃ និងឆ្លើយតបទៅនឹងការសាកសួរបញ្ចោញយោបល់ (Comments) ផ្សេងៗថា “ចាស នាងខ្ញុំចង់ប្រាប់ទៅដល់អ្នកដែលមានទស្សនៈនិយាយហ្នឹង ខ្ញុំចង់ប្រាប់ថា កុំប្រើពាក្យថា ហង្សមាស យក លុយដែលគេចូលបុណ្យស្រីឡៃ ហ្នឹង ហង្សមាស យកលុយដែលគេចូលបុណ្យស្រីឡៃ ដែលពួកខ្ញុំ ឬក៏សិល្បករផ្សេងៗ និងសប្បុរសជនផ្សេងៗដែលបានចូលបុណ្យហ្នឹង យកទៅចំណាយទៅលើថ្លៃបុណ្យ។ ខ្ញុំសូមប្រាប់ឱ្យច្បាស់ លុយគេចូលទៅស្រីឡៃ គឺយើងវេរទៅឱ្យម៉ែស្រីឡៃ ដាច់ ហើយលុយធ្វើបុណ្យ គឺខាងហង្សមាស ចេញដាច់ អីចឹងលុយដែលគាត់ទទួលបានថ្ងៃហ្នឹង ដែលគេចូលបុណ្យហ្នឹង គឺខាងលើ ប្រគល់ទៅឱ្យម៉ាក់ស្រីឡៃ ទាំងអស់ហើយ ប៉ុន្តែមានមនុស្សដែលគេហៅថា មនុស្សខួរក្បាលអត់ចេះគ្រប់គ្រងខ្លួនឯង មនុស្សមាត់ចេះតែនិយាយ ការគិតវាអត់ដល់ អាគំនិតបន្តិច ធ្វើឱ្យគេនិយាយប្រមាថបានហ្នឹងថា ហង្សមាស យកលុយដែលគេចូលបុណ្យហ្នឹង យកទៅចំណាយទៅលើការធ្វើបុណ្យ។ ខ្ញុំប្រាប់ឱ្យច្បាស់ ខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងច្បាស់ណាស់ ហើយស្រីឡៃ ទទួលបានថ្ងៃហ្នឹង គឺទទួលលុយដែលគេបានហ្នឹង គឺជាង៣ពាន់ដុល្លារ លុយខ្មែរ៥លាន៨០ម៉ឺនរៀល អង្គុយរាប់ឡើងច្បាស់ក្រឡែត ហើយក៏ឱ្យទៅម៉ាក់ស្រីឡៃ តែម្តង។ ចំពោះអ្នកនិយាយថា ហង្សមាស បានយកលុយហ្នឹងទៅផ្គួបជាមួយនឹងលុយធ្វើបុណ្យហ្នឹង លាងគំនិតហ្នឹងចេញទៅ ខ្ញុំប្រាប់លាងគំនិតហ្នឹងចេញទៅ កុំចូលចិត្តបង្ខូចគេពេក ព្រោះខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងផ្ទាល់ ហើយលុយប៉ុណ្ណឹងអត់ច្រើនទេ ដូចគេនិយាយអីចឹង លុយប៉ុណ្ណឹងអត់ត្រូវច្រើនទេ ធ្វើបុណ្យណោះ ប៉ុន្តែអត់ត្រូវការឱ្យលុយចំណាយទៅជាមួយមនុស្សថោក ហើយមួយទៀត ខ្ញុំអត់ខ្វល់ថា ម៉េចអីម៉េចទេ ខ្ញុំនិយាយអ្វីដែលជាការពិតខ្ញុំ និយាយការពិត ខ្ញុំនិយាយត្រង់”។

ពេជ្រ សោភា បន្តថា “ហើយព្រឹកមិញ ខ្ញុំទៅតាំងពីម៉ោងជិត៩ ខ្ញុំទៅរហូតដល់ម៉ោងជិត២ បានខ្ញុំមកផ្ទះវិញ រហូតដល់កម្មវិធីចប់ បានខ្ញុំមកវិញ អង្គុយរាប់ ជួយគិតគាត់ពីនោះ ជួយគិតពីនេះ ព្រោះយើងដឹងហើយថា គាត់កូនខូច គាត់ពិបាកចិត្ត គាត់គិតច្រើន ហើយខ្ញុំប្រាប់លុយុ ដែលគាត់ទទួលបានហ្នឹង ពួកខ្ញុំបានឱ្យគាត់ទាំងអស់ ហើយសូម្បីតែបុណ្យ៧ថ្ងៃ ក៏ពួកខ្ញុំបាននិយាយហើយ គឺឱ្យគាត់ធ្វើបុណ្យធ្វើបបរ ធ្វើអីមិនចាំបាច់ធ្វើច្រើនទេមីង ធ្វើតែ៥តុទៅបានហើយ ហើយមិនបាច់ដាក់ម្ហូបស្អីទេ ធ្វើបបរ១តុ ដាក់១ឆ្នាំងៗតូចទៅ អីចឹងបានន័យថា ធ្វើតែប៉ុណ្ណឹងទៅបាន ហើយទុកលុយហ្នឹងឱ្យចៅ ទុកលុយហ្នឹងឱ្យកូនស្រីឡៃ ទៅឱ្យគ្នា បានទិញនេះ ទិញនោះទៅ មិនបាច់ចំណាយច្រើនទេ បើអ្នកទៅភាគច្រើនគេមិនទៅរកបបរទេ គេទៅចង់ចូលបុណ្យចូលអីតែប៉ុណ្ណឹងឯង ហើយនៅក្នុងហេតុការណ៍ដែលពួកខ្ញុំរាប់លុយ មានបងកៅ សីហា បងស្រីខ្ញុំ មានខ្ញុំ មានម្តាយស្រីឡៃ មានបងស្រីឡៃ មានមុខនៅក្នុងហ្នឹងទាំងអស់ គឺពួកខ្ញុំមានរូបថតត្រឹមត្រូវ ពួកខ្ញុំអត់មានត្រូវការប៉ះពាល់លុយដែលគេចូលបុណ្យស្រីឡៃ ហ្នឹង មកផ្គួបជាមួយនឹងលុយធ្វើបុណ្យហ្នឹងទេ ជួយអត់បានទេ លុយចែកគ្នាដាច់ខ្លាំងណាស់ លុយដែលគេចូលបុណ្យ យើងឱ្យទៅគាត់ លុយដែលចំណាយ គឺហង្សមាស អ្នកចេញផ្សេង គឺពីរហ្នឹង ខណ្ឌចែកគ្នាដាច់តែម្តង…។ មិនខ្វល់ គឺមិនបានទេ ព្រោះពួកគាត់បានយកពាក្យទាំងអស់ហ្នឹងទៅ និយាយថា ពួកខ្ញុំហ្នឹងយកលុយហ្នឹងទៅចំណាយជាមួយលុយធ្វើបុណ្យ អ្នកនិយាយបានតែនិយាយ ខ្ញុំតាំងពីថ្ងៃដំបូងមក ហែកភ្នែកអង្គុយមើល ហើយអ្នកខ្លះកុំនិយាយយករួចខ្លួន គេមានវីដេអូត្រឹមត្រូវ ខ្ញុំអត់បានទេ កុំមករញ៉េរញ៉ៃជាមួយខ្ញុំ ពួកខ្ញុំបានប្រគល់ឱ្យម៉ាក់ស្រីឡៃ អស់ហើយ ហើយបានប្រាប់គាត់ថា បុណ្យ៧ថ្ងៃ មិនបាច់ធ្វើច្រើនទេ ទុកលុយឱ្យកូនស្រីឡៃ ទៅ ព្រោះការជួយរបស់មនុស្សម្នាក់ៗមិនអាចជួយបានច្រើននោះ ទេ សុទ្ធតែមានកំណត់ មានកម្រិត។ ចំណែកអ្នកដែលចង់ចូលបុណ្យ អាចចូលបានតាមខ្ញុំក៏បាន ដាក់ឈ្មោះឱ្យទៀត ដាក់ថតបង្ហោះតាមហ្វេសប៊ុកឱ្យទៀត អ្នកដែលចូលបុណ្យ បើចង់ចូលបុណ្យ ស្រុកណាក៏ចូលបានដែរ តេមកលេខ ០១៥ ៩០០ ០០៩ មក វេរតាមណាក៏បាន ប្រមូលសរុបយកទៅឱ្យគាត់តែម្តង”។

ពេជ្រ សោភា បន្តថា បុណ្យ៧ថ្ងៃគាត់ ថ្ងៃសៅរ៍ ហើយឱ្យគ្នាខូចទៅហ្នឹង ឱ្យគ្នាទៅដោយស្កប់ស្កល់ទៅ ពីព្រោះក្នុងឆាកជីវិតរបស់គ្នា រស់នៅយ៉ាប់ទាំងចិត្ត យ៉ាប់ទាំងកាយ យ៉ាប់១ចប់ អីចឹងគ្នាខូចទៅហើយ សូមកុំឱ្យមានអាចឹងតទៅទៀត ឱ្យគ្នាទៅដោយមានសេចក្តីសុខទៅ ព្រោះរស់នៅរាល់ថ្ងៃ ដែលគាត់រស់នៅពីមុនមក ការរស់នៅរបស់គាត់ នៅលើផែនដីមួយទាំងមូលនេះ ជីវិតអាប់អួរខ្លាំងណាស់ អ្នកទាំងអស់គ្នាអត់ជួបដូចខ្ញុំទេ អ្នកទាំងអស់គ្នា អត់ស្និទ្ធដូចខ្ញុំស្និទ្ធទេ ឱ្យគ្នាទៅៗ ឱ្យគ្នាទៅឱ្យបានសុខទៅ ឥឡូវគ្នាទៅដល់កន្លែងមួយដែលគ្មានអ្នកធ្វើបាបចិត្តទៅដល់កន្លែងមួយ ដែលគ្មានការគាបសង្កត់ ទៅដល់កន្លែងមួយ ដែលអស់ការគិតទៅដល់កន្លែងស្ងប់របស់គ្នាហើយ ឱ្យគ្នាទៅៗ”។

ពេជ្រ សោភា បញ្ជាក់បន្តទៀតថា “ហើយខ្ញុំប្រាប់ លុយចូលបុណ្យបាន គឺខ្ញុំឱ្យទៅមីង ម្តាយគាត់តែម្តង បើសិនអត់ច្បាស់ទេ ចាំបុណ្យ៧ថ្ងៃ ខ្ញុំឡាយវីដអេឱ្យូមើលទៀត ខ្ញុំឡាយគាត់ផ្ទាល់ឱ្យមើល រួចលុយចំណាយធ្វើបុណ្យ គឺផ្សេងទៀត អត់មានពាក់ព័ន្ធគ្នាទេ លុយដែលបានទាំងប៉ុន្មាន គឺឱ្យទៅកូនស្រីឡៃ ឱ្យទៅបងស្រីឡៃ និងម៉ាក់ស្រីឡៃ ទាំងអស់ ហើយអ្នកនិយាយ បើយើងអត់ឃើញ ឬអ្នកនិយាយហ្នឹងធ្លាប់ធ្វើទង្វើយកលុយដែលគេចូលបុណ្យហ្នឹងយកទៅចាយ អាហ្នឹងចេញពីគំនិតខ្លួនឯង មានខ្ញុំមានបងសីហា មានបងស្រីរបស់ខ្ញុំ និងមានអ្នកធ្វើការនៅក្នុងហ្នឹងច្រើនណាស់ អ្នកកាសែត២នាក់នៅហ្នឹងទៀត ការដែលនិយាយបែបនេះ គឺធ្វើឱ្យខូចឈ្មោះ។ ខ្ញុំមិនខ្វល់មិនបានទេ គាត់សុទ្ធតែថាយើងយកលុយហ្នឹងទៅ ដើម្បីចំណាយទៅលើបុណ្យហ្នឹងដែរ ខ្ញុំប្រាប់លុយដែលទទួលបានទាំងអស់ប៉ុន្មានពាន់ហ្នឹង គឺយើងប្រគល់ឱ្យម៉ាក់ស្រីឡៃ អស់ហើយ ឱ្យគាត់ចាត់ចែងទៅ អត់មានប៉ះពាល់ទេ ហើយខ្ញុំទៅ គឺទៅដោយចិត្តរបស់ខ្ញុំតែម្តង ខ្ញុំចូលបុណ្យដែរ តែខ្ញុំចូលបុណ្យក្រោយខ្នងទេ ខ្ញុំអត់ចូលទៅមុខទេ ហើយអ្នកឯង អ្នកដែលនិយាយហ្នឹង ធ្លាប់យក ធ្លាប់លួចលុយបុណ្យគេតែម្តង ខ្ញុំកំពុងតែស្វែងរកអ្នកណាគេផុស (Post) ឱ្យពិតប្រាកដ បើខ្លាំង កុំថោកណា៎! ខ្ញុំប្រាប់ បើខ្ញុំរកមុខឃើញ ខ្ញុំវាត់១ខ្សែតី ចំគល់ចង្កេះ ខ្ញុំប្រាប់…។ យី! គំនិតអីវាក៏អាក្រក់ម៉្លេះ…”។

ពេជ្រ សោភា បានឆ្លៀតរំលឹកដល់ប្រវត្តិជូរចត់របស់សាន ស្រីឡៃ មុនពេលនាងទទួលមរណភាពដោយសារប្តីបាញ់សម្លាប់នោះថា “ឱ្យស្រីឡៃ ទៅៗ ស្រីឡៃ ផុតទុក្ខហើយ ស្រីឡៃ សើចដោយរីករាយហើយ នៅតែអ្នកនៅរស់ទេ ម្តាយគាត់ទេ ដែលត្រូវពិបាកចិត្តឱ្យគ្នាទៅៗ។ ខ្ញុំប្រាប់ ពេលខ្លះរត់មកផ្ទះខ្ញុំយំគគ្រូក អត់និយាយមួយម៉ាត់ បងខ្ញុំដេកហ្នឹងផង ខ្ញុំប្រាប់ឱ្យច្បាស់ ថ្ងៃប្រឡងផ្តាច់ព្រ័ត្រ យប់ឡើង គ្រាន់តែសមចម្រៀងចប់  មានមនុស្សម្នាក់ ទាញសក់គ្នាបញ្ច្រាសក្បាលចូលក្នុងឡាន  ខ្ញុំប្រាប់ដល់ស្អែកឡើង គេជូនទម្លាក់ពាក់កណ្តាលផ្លូវ ហើយជិះទុកទុក លើករ៉ូបរត់មកប្រឡងថ្ងៃផ្តាច់ព្រ័ត្រ ខ្ញុំប្រាប់រ៉ូបដែលស្រីឡៃ ប្រាថ្នា ចង់ពាក់ហ្នឹង គឺអត់បានពាក់ទេ ដោយសារតែខ្លួនស្រីឡៃ គឺសុទ្ធតែស្នាមវ៉ៃ ថាអត់ចង់និយាយទេ ស្រីឡៃ ត្រូវពាក់រ៉ូបពណ៌ស មិនមែនរ៉ូបពណ៌ខ្មៅនោះទេ ថ្ងៃផ្តាច់ព្រ័ត្រ…។ ស្រីឡៃ គ្មានវ៉ាលិសយួរដូចគេទេ មកប្រឡង ស្រីឡៃ យួរថង់ដូចទៅថៃ ទិញខោអាវ យកមកលក់នៅភ្នំពេញអីចឹង យួរថង់ហ្នឹងរត់មក… នៅក្នុងហ្នឹងអាសូរតែមានស្អីខ្លះ មានស្បែកជើង១គូ ស្បែកជើងដែលខ្ញុំឱ្យហ្នឹង ពាក់ទាល់តែឥឡូវ មានតែ១គូហ្នឹងទេ…”។

ពេជ្រ សោភា រៀបរាប់បន្តទៀតថា “ខ្ញុំមិនដែលគិតអាក្រក់ទៅលើអ្នកណាទេ ហើយជីវិតស្រីឡៃ ណា៎ ខ្ញុំប្រាប់ រស់នៅដូចមនុស្សគ្មានសេរីភាព រស់នៅទាំងភ័យ ទាំងខ្លាច… ពេលនេះ គាត់ទៅហើយ ឱ្យគាត់ទៅបានសុខ ទៅឱ្យគាត់ទៅជួបអ្នកថ្មី ជួបមនុស្សថ្មីៗ នៅលើទឹកដីដែលថ្មី ជាកន្លែងដែលគាត់ប្រាថ្នាចង់ទៅ គាត់បាននិយាយហើយៗគាត់ចង់ទៅកន្លែង ដែលស្ងប់ស្ងាត់…។ រួចអ្នកនិយាយមួយទៀត ជ្រុលនិយាយហើយ សុំខមាលទោសអ្នកនិយាយ មួយទៀត ខ្ញុំប្រាប់ស្រីឡៃ ស្រលាញ់ប្តីខ្លាំងណាស់ ខ្ញុំនេះអ្នកអង្គុយទល់មុខ នាងខលទៅប្តី បងមកយកអូនអត់? អូនចាំ អូនសុខចិត្តចាំ គាត់ក៏មកយកគាត់ ស្រលាញ់គ្នាទៅវិញទៅមក ពេលខ្លះយើងអត់ដឹងរឿងគេទេ កុំចេះតែនិយាយ ជួនកាលមានរឿងផ្ទៃក្នុងអីផ្សេងទៀត ហើយកុំនិយាយថា មកពីចូលសិល្បៈបានអីចឹង ស្រីឡៃ កាលពីមិនទាន់ចូលសិល្បៈ គ្មានអីទាំងអស់ ពឹងលើប្តី គេចង់ឱ្យយ៉ាងម៉េចក៏បានដែរ ព្រោះយើងអត់មានសមត្ថភាពរកទេ ដល់ពេលគ្នាចូលទៅគ្នាច្រៀងតិចតួចៗ បានលុយចាយតិចតួចៗជួយទប់នេះ ទប់នោះទេ។ ដូច្នេះបញ្ឈប់ទៅ អាណិតគ្នា គ្នាទៅហើយ ដូចខ្ញុំនិយាយម្តង ហើយម្តងទៀតថា លុយបុណ្យ គឺលុយបុណ្យ លុយដែលហង្សមាស ជួយគឺជួយហើយៗ ហើយខ្ញុំប្រាប់ម៉ាក់ស្រីឡៃ រួចហើយ កុំបាច់ធ្វើធំអី គេទៅមិនចង់ទៅហូបបបរអីទេ គេគ្រាន់តែមានគម្រោងទៅចូលរួមរំលែកទុក្ខទៅចូលបុណ្យប៉ុណ្ណឹងឯង ទាំងគេទាំងខ្ញុំនោះ ហើយអ្នកទៅ យល់ហើយ ព្រោះគ្រួសារគាត់មិនមែនជាអ្នកមាន ហើយយើងក៏មិនអាចជួយគាត់បានប៉ុន្មានដែរ អីចឹងការជួយរបស់យើង គឺមានកំណត់ មនុស្សយើងមិនមែនចេះតែថា ជួយគឺជួយៗរហូតនោះទេ គឺវាមានកំណត់ អ្នកឯងនិយាយថា គេហ្នឹងយកលុយដែលចូលបុណ្យហ្នឹង ទៅរួមចំណាយលើថ្លៃពិធីហ្នឹង ខ្ញុំសង្ស័យថា អាយុ តែមិនស្រួលចាស់ជាងខ្ញុំផង អ្នកនិយាយហ្នឹង អាយុច្រើនជាងខ្ញុំទៀត ខ្ញុំទើបតែ៣៤ អ្នកនិយាយហ្នឹងសង្ស័យ៦០ រញីរញ័រ និយាយអត់ដឹងអី ខ្ញុំនិយាយត្រង់ ពេជ្រ សោភា អត់ចេះ និយាយអេនអនទេ…”។

តារាចម្រៀងពេជ្រ សោភា បន្តថា “ហើយនិយាយមួយទៀត រឿងជាមួយសិទ្ធ នេះ អ្នកណាមិនស្គាល់ អត់ស្រលាញ់ទេ វាមិនអាចទៅរួចទេ ជាមួយបញ្ញា សិទ្ធ នេះរួច មកនិយាយថា គេថតរូបស្វីតៗអី ខ្ញុំនិយាយតែមួយម៉ាត់ទេ អ្នកយល់បានយល់ ស្រីឡៃ ឯណា ទៅស្រលាញ់គ្នាជាមួយសិទ្ធ ហ្នឹង គ្នាក៏អត់ស្រលាញ់ស្រីឡៃ ទេ។ អ្នកណាក៏ដោយដែលទៅស្រលាញ់ស្រីឡៃ គឺដោយសារគ្នាមានចរិតដូចខ្ញុំអីចឹង ដូចកូនក្មេង អ្នកណាក៏ឱបដែរ តែមិនស្រួលដេញចាប់បងថ្លៃខ្ញុំពេញផ្ទះ ហើយបើប្រពន្ធគាត់ចេះប្រចណ្ឌៗងាប់។ ហើយខ្ញុំនិយាយមួយម៉ាត់ រឿងលុយបុណ្យ គឺលុយបុណ្យ ហើយពួកខ្ញុំមិនទៅក្រអីជាមួយនឹងលុយប៉ុណ្ណឹងទេ ខ្ញុំនិយាយឱ្យច្បាស់ តាំងពីថ្ងៃដំបូង បើគ្នារស់នៅលើផែនដីនេះ លំបាកវេទនាប៉ុណ្ណឹងហើយ យើងក៏អាក្រក់ម៉្លេះ គ្នាខូចទៅហើយ នៅតាមនិយាយនេះ និយាយនោះ…នេះ ខ្ញុំប្រាប់ណា៎ បើឃើញមុខអ្នកនិយាយហ្នឹង ១ខ្សែតី បែកធ្មេញហ្មង…”។

ដោយឡែក ក្រោយបញ្ចប់ពិធីបូជាសព សាន ស្រីឡៃ ភ្លាមៗ នៅថ្ងៃទី១៨ ខែតុលា ដដែលនោះ លោកកៅ សីហា អ្នកដឹកនាំការផលិតប្រចាំផលិតកម្មហង្សមាស ដែលជាអ្នកទទួលខុសត្រូវក្នុងពិធីបុណ្យសព សាន ស្រីឡៃ បានបង្ហោះរូបថតប៉ុន្មានសន្លឹកក្នុងគណនីហ្វេសប៊ុករបស់លោក បង្ហាញពីសកម្មភាពប្រគល់បច្ច័យ ដែលទទួលបានពីការចូលបុណ្យរបស់សប្បុរសជននានា ជូនទៅដល់ក្រុមគ្រួសារសាន ស្រីឡៃ ដែលក្នុងនោះមានទាំងបងស្រី និងម្តាយរបស់សាន ស្រីឡៃ ផងដែរ។

ជាមួយនេះ លោកកៅ សីហា បានសរសេរបន្ថែមថា “សូមជម្រាបថា ថវិកាទូទាត់សរុបការចំណាយបុណ្យសពស្រីឡៃ អស់ជាង៥ពាន់ដុល្លារ ខាងហង្សមាស យើងខ្ញុំជាអ្នកចេញថ្លៃចំណាយទាំងស្រុង។ ដោយឡែក បច្ច័យដែលបានមកពីការចូលបុណ្យផ្ទាល់ជាមួយម្តាយស្រីឡៃ និងជាមួយតុបច្ច័យ គឺសរុបបាន៣៤៣១ដុល្លារ ហើយលុយខ្មែរបាន៥លាន៨០ម៉ឺនរៀល។ សូមបញ្ជាក់ថា បច្ច័យទាំងអស់នោះ យើងបានប្រគល់ឱ្យម្តាយស្រីឡៃ ដោយផ្ទាល់មិនបានយកមកបូករួមក្នុងការទូទាត់លើការចំណាយពិធីបុណ្យសពទាំងមូលឡើយ គឺយើងទុកឱ្យគាត់ដោះស្រាយជីវភាព។ សូមបញ្ឈប់ការលាបពណ៌ និងការខមិនដោយគ្មានក្រមសីលធម៌ ខណៈដែលមិនបានដឹងការពិត។ មានម្តាយស្រីឡៃ បងប្អូនស្រីឡៃ ក្រុមការងារហង្សមាស និងពេជ្រ សោភា បងស្រីរបស់ពេជ្រ សោភា នៅក្នុងពេលនោះផ្ទាល់។ សូមអរគុណ…”។

ដោយឡែក នៅថ្ងៃទី១៨ តុលា នោះដែរ លោកមាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ជាក់ថា ថវិកាសរុបជិត៦ពាន់ដុល្លារ ត្រូវបានចំណាយទាំងស្រុង សម្រាប់ពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ ដែលធ្វើឡើងនៅក្នុងវត្តសែនសុខ សង្កាត់ឃ្មួញ  ខណ្ឌសែនសុខ និងដែលទើបបញ្ចប់នៅថ្ងៃដដែលនេះផងដែរ។

ជាមួយគ្នានេះ លោកមាស រិទ្ធី បានបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៏សូមបញ្ចប់រឿងនៅត្រឹមនេះទៅចុះ ដែលបានកើតឡើងដ៏ចម្រូងចម្រាស់ ពាក់ព័ន្ធនឹងអាចារ្យ មាស សំណាង ជាមួយការទារថ្លៃច្រើនហួសហេតុ សម្រាប់រៀបចំពិធីបុណ្យសពតារាចម្រៀងរូប នេះ។

លោកមាស រិទ្ធី បានបញ្ជាក់ថា “ជំហររបស់ហង្សមាស ជាមួយអាចារ្យ មាស សំណាង បញ្ចប់ត្រឹមនេះចុះ ព្រោះបុណ្យសពសាន ស្រីឡៃ បានចប់ចុងចប់ដើមហើយដែរ ចំណែកឯលុយដែលតម្រូវឱ្យហង្សមាស ចំណាយទៅវត្ត រហូត២៦០០ដុល្លារ ដែលមិនសមហេតុផល ក៏យើងមិនបានចំណាយដែរ។ គ្រាន់តែចង់ប្រាប់ទៅអាចារ្យវេច អាចារ្យវត្ត អាចារ្យវាំង កុំឱ្យមានមេរៀននេះកើតឡើងនៅតាមទីអារាមវត្តក្នុងប្រទេសយើងតទៅទៀត។ ព្រះចៅអធិការ និងអាចារ្យ ៦រូប នៅវត្តនោះពិតប្រាកដ បានយំអង្វរកុំឱ្យហង្សមាស បន្តទៅទៀត ព្រោះថ្ងៃសុក្រ ចុងសប្តាហ៍នេះ ធ្វើកឋិនផង។ សូមបញ្ជាក់ប្រាប់ប្រិយមិត្តថា រាល់ការចំណាយពិធីបុណ្យសពសាន ស្រីឡៃ ដល់ទីបញ្ចប់នេះ សរុបទឹកប្រាក់ជាង៥០០០ដុល្លារ និងប្រគេនបច្ច័យទៅវត្ត ៤០០ដុល្លារ ជូនតាអាចារ្យ ៦នាក់ អាចារ្យធំ ១៥ម៉ឺនរៀល និងអាចារ្យ ៥នាក់ផ្សេង ទៀត ម្នាក់ៗ១០ម៉ឺនរៀល។ បញ្ចប់បញ្ហា ដើម្បីឱ្យព្រលឹងអ្នកស្លាប់ទៅឱ្យបានសុខ…”។

គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានបុរសជាប្តីបាញ់ប្រហារ ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ក្នុងបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែកខ្មាន់កាំភ្លើងជាប្តី ក៏បានបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រា គ្មានទីពឹង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតារាចម្រៀង សាន ស្រីឡៃ បានបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0836 ចូលទៅក្នុងគ្លីនិកកែសម្រស់ខាងលើ។ លុះគ្រាន់តែចុះពីលើរថយន្ត ដើរចូលក្នុងគ្លីនិក ទើបនឹងបើកទ្វារកញ្ចក់ដើរចូលបានប្រមាណ២ជំហាន ស្រាប់តែលេចមុខជនសង្ស័យជាខ្មាន់កាំភ្លើង បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5923 ដែលទំនងជាតាមរថយន្តសាន ស្រីឡៃ តាំងពីណាមកមិនដឹងបានដើរចូលមកតាមពីក្រោយ រួចក៏ដកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់ប្រហារទៅលើសាន ស្រីឡៃ ១គ្រាប់ បណ្តាលឱ្យដួលទៅលើកម្រាលឥដ្ឋ។ ភ្លាមៗនោះ ជនសង្ស័យបានបាញ់បន្ថែម២គ្រាប់ទៀត បណ្តាលឱ្យសាន ស្រីឡៃ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ គួរឱ្យរន្ធត់។ បន្ទាប់ពីបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ រួចហើយ ខ្មាន់កាំភ្លើងបានយកកាំភ្លើងបាញ់ខ្លួនឯង១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យដេកដួលស្លាប់ ទន្ទឹមនឹងសាន ស្រីឡៃ តែម្តង។

សពតារាចម្រៀងសាន ស្រីឡៃ ត្រូវបានបូជារួចរាល់តាមប្រពៃណី កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រោមសម្រែកទ្រហោយំស្តាយស្រណោះអាឡោះអាល័យ ពីសំណាក់ក្រុមគ្រួសារសាច់ញាតិ និងអ្នកសិល្បៈ ព្រមទាំងភ្ញៀវដែលបានចូលរួមក្នុងពិធី៕

RELATED ARTICLES