ភ្នំពេញ ៖ កុមារីសុខ សុជាតា និងកុមារី ឃុយ ម៉ីហៀង ដែលជាបេក្ខភាពឈានចូលដល់ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ទោះបីមិនបានទទួល ពានពីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកនេះ តែកុមារីដែលទស្សនិកជនភាគច្រើន សរសើរថាមានសំឡេងល្អទាំងពីររូបនេះ ត្រូវ បានសាលាអន្តរជាតិ២ផ្សេងគ្នា សម្រេចផ្តល់ អាហារូបករណ៍១០០% សិក្សាដោយឥតគិតថ្លៃ រហូតដល់ចប់កម្មវិធីសិក្សាថ្នាក់មធ្យមសិក្សា ចំណេះទូទៅ និងកម្មវិធីភាសាអង់គ្លេស ចាប់ ពីឆ្នាំ២០១៧នេះតទៅ។
ពិធីប្រកាសផ្តល់អាហារូបករណ៍ដល់កុមារី ទាំងពីររូបនេះ បានធ្វើឡើង នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៧ នាសាលាអន្តរជាតិទាំងពីរ គឺកុមារីសុខ សុជាតា ត្រូវបានសាលាអន្តរជាតិ អាស៊ានផ្តល់អាហារូបករណ៍១០០% សិក្សា ដោយឥតគិតរហូតដល់ចប់កម្មវិធីសិក្សាថ្នាក់ មធ្យមសិក្សាចំណេះទូទៅទាំងផ្នែកភាសាជាតិ និងកម្មវិធីភាសាអង់គ្លេស។ ចំណែកកុមារី ឃុយ ម៉ីហៀង ត្រូវបានសាលារៀនវ៉េស្ទឡាញន៍ (Westline School) ផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាថ្នាក់មធ្យម សិក្សាចំណេះទូទៅដូចគ្នាដែរ។
លោកហុង លឹម នាយកសាលាអន្តរជាតិ អាស៊ាន (ASEAN INTERNATIONAL SCHOOL) បានថ្លែងក្នុងពិធីប្រកាសផ្តល់ អាហារូបករណ៍ និងសំណេះសំណាលជាមួយ កុមារីសុខ សុជាតា និងក្រុមគ្រួសារ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ថា លោកសូមកោត សរសើរដល់ទេពកោសល្យ និងភាពក្លាហានរបស់ កុមារីសុខ សុជាតា ហើយលោកបានលើកទឹកចិត្តឱ្យក្មួយស្រីខិតខំសិក្សារៀនសូត្រ ដូចជាការ ខិតខំប្រឡងចម្រៀង ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ នោះ ទោះ ជាពេលនេះក្មួយស្រីក្លាយជាចម្រៀងវ័យក្មេង ម្នាក់ ហើយរវល់យ៉ាងណាក្តី ដើម្បីអភិវឌ្ឍន៍ ខ្លួន ជាធនធានដ៏មានតម្លៃ និងជាគំរូល្អដល់សិស្សានុសិស្ស ក៏ដូចជាកុមារដទៃទៀត។
ក្នុងពេលនោះដែរ លោកនាយកសាលា អន្តរជាតិ អាស៊ាន ក៏បានផ្តល់រង្វាន់លើកទឹកចិត្ត និងជំនួយស្មារតីក្នុងការសិក្សា ដល់កុមារីសុខ សុជាតា នូវកុំព្យូទ័រយូរដៃ ១គ្រឿង ផងដែរ។
អ្នកស្រីអ៊ិត ធីតា ម្តាយបង្កើតរបស់កុមារី សុខ សុជាតា បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់នាយកសាលា អន្តរជាតិ អាស៊ាន ដែលបានផ្តល់អាហារូបករណ៍ កុំព្យូទ័រ សៀវភៅសិក្សា និងសម្ភារសិក្សាដល់ កូនស្រីរបស់អ្នកស្រី ហើយអ្នកស្រីសូមជូនពរ លោកនាយកសាលា និងសាលាអន្តរជាតិអាស៊ាន ជួបតែសេចក្តីសុខចម្រើនជារៀងរហូត។
កុមារីសុខ សុជាតា ក៏បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់នាងនៅថ្ងៃនោះដែរថា “ខ្ញុំ សូមអរគុណដល់លោកពូនាយកសាលាអន្តរជាតិអាស៊ាន ដែលបានផ្តល់អាហារូបករណ៍ដល់ រូបខ្ញុំសិក្សាររហូតដល់បញ្ចប់កម្មវិធីសិក្សា ហើយ និងបានផ្តល់រង្វាន់លើកទឹកចិត្ត កុំព្យូទ័រយួរដៃ ១គ្រឿង ដល់រូបខ្ញុំដើម្បីជួយសម្រួលដល់ការសិក្សា។ ជាចុងក្រោយនេះ ខ្ញុំសូមជូនពរលោកពូ ឱ្យមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ ភារកិច្ច ហើយខ្ញុំសូមសន្យាថា នឹងខំប្រឹងប្រែង រៀនសូត្រមិនឱ្យពុកម៉ែបងប្អូនអ៊ំពូមីងខកបំណង ឡើយ”។
គួរបញ្ជាក់ថា កុមារីសុខ សុជាតា មាន អាយុ១២ឆ្នាំ បច្ចុប្បន្នជាសិស្សភាសាអង់គ្លេស កម្មវិធីពេញម៉ោង (Intensive English Program) របស់សាលាអន្តរជាតិអាស៊ាន សាខា បឹងត្របែក ទី២ និងជាសិស្សរៀនថ្នាក់ទី៧ នៅ អនុវិទ្យាល័យវត្តដំបូកខ្ពស់ មានឪពុកឈ្មោះជា សុខ អាយុ៤៩ឆ្នាំ មុខរបរជាងអគ្គិសនី និងម្តាយ ឈ្មោះអ៊ិត ធីតា អាយុ៤២ឆ្នាំ មុខរបរជាស្ត្រី មេផ្ទះ មានលំនៅឋានក្នុងរាជធានីភ្នំពេញ។ កុមារីសុខ សុជាតា ជាបេក្ខភាពឈានចូលដល់ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដែលរៀបចំដោយស្ថានីយ ទូរទស្សន៍ហង្សមាស ទើបតែបញ្ចប់ថ្មីៗនេះ។
ដោយឡែក នៅថ្ងៃដដែលនោះ កុមារី ឃុយ ម៉ីហៀង ដែលជាបេក្ខភាពឈានចូលដល់ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Kids Cambodia រដូវកាលទី១ តែមិនបានលើកពាន ដូច កុមារីសុខ សុជាតា ដែរ ក៏ត្រូវបានសាលារៀន វ៉េស្ទឡាញន៍ ផ្តល់អាហារូបករណ៍ ១០០% រួម ជាមួយឯកសណ្ឋាន និងសម្ភារសិក្សា នៅសាលា រៀនវ៉េស្ទឡាញន៍ សាខាផ្សារតូច ចាប់ពីថ្នាក់ ទី៧ រហូតដល់បញ្ចប់ថ្នាក់ទី១២ ទាំងភាសា អង់គ្លេស និងចំណេះទូទៅភាសាខ្មែរ ដែលគិត ជាទឹកប្រាក់ប្រមាណ១៧០០ដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពីលោកប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី បាន ដឹងពីស្ថានភាពគ្រួសារកុមារីរូបនេះថា សព្វថ្ងៃ កំពុងរស់នៅក្នុងជីវភាពខ្វះខាតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា កុមារី ឃុយ ម៉ីហៀង អាយុ១២ឆ្នាំ ជាបេក្ខភាពឈានចូលដល់វគ្គ ផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស និងជាកូនក្រុមរបស់គ្រូបង្វឹក សុគន្ធ និសា ទោះបីជាពុំបានក្លាយជាជ័យលាភី The Voice Kids Cambodia ដោយសារ កុមារពេជ្រ ថៃ ដណ្តើមយកបាត់ក៏ដោយ ក៏នាងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនចំពោះសមត្ថភាពច្រៀង និងទឹក ដមសំឡេងដ៏ពីរោះរបស់នាង៕