Thursday, November 28, 2024
Homeតារាខ្មែរខៀវ សានសាណា កាន់ក្បាលមីក្រូ ទឹកភ្នែកស្រក់ជោកថ្ពាល់

ខៀវ សានសាណា កាន់ក្បាលមីក្រូ ទឹកភ្នែកស្រក់ជោកថ្ពាល់

ពិធីការិនីខៀវ សានសាណា បានផ្អាកអាជីពជា MC តាមក្រុមហ៊ុន Agency រយៈពេល១ខែគត់ ដោយខាតលុយអស់ម៉ឺនដុល្លារ ដើម្បីកាន់ទុក្ខបងប្រុសរបស់នាង លោកខៀវ កូណែល ដែលបានធ្វើអត្តឃាត កាលពីចុងខែសីហា ឆ្នាំ២០១៧។

ខៀវ សានសាណា បានឱ្យដឹងថា ពេញ១ខែកញ្ញា នាងមិនបានទទួលការងារជាពិធីការិនីតាមក្រុមហ៊ុនទាំងឡាយឡើយ ព្រោះតែមានពេលខ្លះ ពេលនាងចាប់កាន់ក្បាលមីក្រូ គ្រាន់តែនិយាយ គឺបែរជាទឹកភ្នែកមិនដឹងជាហូរមកពីណាឡើយ ទើបធ្វើឱ្យនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន…។

ខៀវ សានសាណា បានទៅវត្តស្រះចក យកចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃ គម្រប់ខួប49ថ្ងៃ នៃការស្លាប់របស់បងប្រុសរបស់នាង លោកខៀវ កូណែល ដែលបានធ្វើអត្តឃាតក្រោយបាញ់សម្លាប់ភរិយា អ្នកនាងយ៉េង លក្ខិណា អាយុ37ឆ្នាំ កាលពីថ្ងៃទី29 ខែសីហា ឆ្នាំ2017 នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សានសាណា បានស្លៀកឈុតខ្មៅកាន់ទុក្ខជាមួយក្រុមគ្រួសារនាង ដើម្បីទៅវត្តស្រះចក ដើម្បីឧទ្ទិសផលបុណ្យជូនបងប្រុសរបស់នាងឱ្យទៅកាន់សុខគតិភព។

ក្នុងជំនួបផ្ទាល់ ពិធីការិនីតូចច្រឡឹងរូបនេះរៀបរាប់ទាំងស្រងូតស្រងាត់ថា នាងនៅតែមានអារម្មណ៍សោកស្តាយចំពោះការបាត់បង់បងប្រុសនាងជាពន់ពេក គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ តែតាមរយៈបងប្រុសនាងពន្យល់សប្តិថ្មីៗឱ្យឃើញ គឺនាងគិតថា គាត់បានទៅសុខហើយ និងចង់ឱ្យនាងមើលកូនគាត់ទាំងៗឱ្យបានល្អផង។

ពិធីការិនី CTN រូបនេះ រៀបរាប់ថា “តាមប្រពៃណីខ្មែរ គឺយើងធ្វើបុណ្យដល់សព គឺនៅ7ថ្ងៃ 49ថ្ងៃ និង100ថ្ងៃ ជាដើម។ ចំពោះការធ្វើបុណ្យ7ថ្ងៃវិញ ខ្ញុំបានធ្វើជូនគាត់ហើយ អីចឹង49ថ្ងៃ ខ្ញុំនិងក្រុមគ្រួសារទៅវត្តស្រះចក ទីកន្លែងដែលគាត់បូជា។ ខ្ញុំធ្លាប់យល់សប្តិឃើញគាត់ដែរ នាពេលថ្មីៗនេះ ហើយគាត់ចង់ឱ្យខ្ញុំមើលថែកូនគាត់ទាំង2 ឱ្យបានល្អផង។ ខ្ញុំមានកូន2នាក់ អីចឹងកូនគាត់ទាំង2នាក់ ខ្ញុំជាអ្នកទទួលបន្ទុកបំរុងបម្រុងទៀត អីចឹងពេលនេះខ្ញុំមានកូនទាំងអស់4នាក់ មិនមែន2នាក់ទេ”។

ខៀវ សានសាណា ជាពិធីការិនីម្នាក់ដែលអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ ក្នុង1ខែៗ ព្រោះតែមានក្រុមហ៊ុនធំៗ Agency ជាច្រើនត្រូវការនាងធ្វើជាពិធីការិនី  (MC) តាមកម្មវិធីផ្សេងៗ ដោយសារតែនាងអាចអត្ថាធិប្បាយបានល្អទាំងជាភាសាខ្មែរនិងអង់គ្លេស។ ប៉ុន្តែកាលពីខែកញ្ញា សានសាណា មិនចេញធ្វើជា MC តាមកម្មវិធីសម្ពោធផលិតផលទាំងឡាយឡើយ ព្រោះតែនាងកាន់ទុក្ខបងប្រុសនាងដែលស្លាប់ទៅ ដោយសារតែនៅពេលដែលនាងសាកល្បងចាប់កាន់ក្បាលមីក្រូ ទឹកភ្នែកក៏ហូរចេញមកទាំងមិនដឹងខ្លួនឡើយ ទើបធ្វើឱ្យនាងសម្រេចចិត្តត្រូវតែផ្អាកធ្វើការសិន ទោះជាត្រូវខាតលុយអស់ប៉ុន្មានក៏ដោយ។

ពិធីការិនី CTN រូបនេះបន្ថែមថា “តាមពិតនៅខែកញ្ញា ហ្នុង ខ្ញុំបានទទួលកម្មវិធីគេមួយដែរ ក្នុងការធ្វើជា MC ហ្នឹង! ប៉ុន្តែខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ គឺពេលកាន់ក្បាលមីក្រូ ទឹកភ្នែកខ្ញុំក៏ហូរចុះមក នៅពេលដែលខ្ញុំបានឃើញមិត្តភក្តិរបស់បងខ្ញុំគាត់មកចូលរួមកម្មវិធី។ និយាយទៅ ខ្ញុំមិនអាចទប់អារម្មណ៍បាន ដោយសារតែបងខ្ញុំគាត់ទៅចោលខ្ញុំស្រស់ៗពេក អីចឹងខ្ញុំក៏សម្រេចចិត្តថា ផ្អាក1ខែកញ្ញាតែម្តង តែពេលហ្នុងកម្មវិធីនៅ CTN ខ្ញុំនៅតែទៅធ្វើជាធម្មតាទេ គ្រាន់តែមិនទទួល Event នៅខាងក្រៅ”។

ខៀវ សានសាណា ធ្លាប់បានប្រាប់ថា ក្នុង1ខែ នាងអាចរកប្រាក់ចំណូលបានពី1500ទៅ20000ដុល្លារ ដោយកម្មវិធីនៅភ្នំពេញ ស៊ីថ្លៃពី500ទៅ700 ដុល្លារ ហើយតាមខេត្ត 1កម្មវិធី ស៊ីថ្លៃ1500ទៅ2000ដុល្លារ។ ដូចនេះ រយៈពេលដែលសានសាណា កាន់ទុក្ខបងប្រុស1ខែនេះ នាងបាត់បង់ប្រាក់ចំណូលជិត2ម៉ឺនដុល្លារឯណោះ។

ទោះជាយ៉ាងណា ពិធីការិនីខៀវ សានសាណា ដែលជាកូនស្រីរបស់លោក ខៀវ កូឡា ជាអ្នកកាសែតជើងចាស់ និងត្រូវជាក្មួយរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ខៀវ សុភ័គ នោះ បានតាំងចិត្តថា ចាប់ពីខែតុលា ឆ្នាំ2017 នាងវិលត្រឡប់មករកការធ្វើជាពិធីការិនីពេញទំហឹងដូចមុនវិញហើយ ដោយទទួលគ្រប់កម្មវិធីផ្សេងៗ ដើម្បីរកប្រាក់មកចិញ្ចឹមកូនប្រុសស្រីទាំង4របស់នាង ឱ្យពួកគេបានរៀនសូត្រឱ្យបានល្អ។

ខៀវ សានសាណា បន្ថែមថា “ចាប់ពីខែហ្នឹង (តុលា) ទៅ ខ្ញុំទទួលយកការធ្វើជា MC ដូចមុនវិញហើយ អីចឹង Agency ទាំងឡាយដែលគាត់យោគយល់ថា មុនហ្នឹង ខ្ញុំកាន់ទុក្ខនោះ ចាប់ផ្តើមហៅខ្ញុំដូចមុនវិញបាន។ ខ្ញុំប្រឹងធ្វើការដើម្បីរកលុយឱ្យកូនទាំង4 បានរៀនសូត្រឱ្យបានល្អ។ ខ្ញុំគិតថា ខ្ញុំអាចធ្វើការបានវិញហើយ តែសម្រាប់អារម្មណ៍គឺនៅតែស្តាយបងប្រុសអីចឹង។ ខ្ញុំបានទៅបន្ធូរអារម្មណ៍ ដើរកម្សាន្តនៅប្រទេសវៀតណាម ជាមួយក្រុមគ្រួសារ ១សប្តាហ៍ និងបានទៅជាមួយប្តី នៅប្រទេសឡាវ ១សប្តាហ៍ដែរ អីចឹងខ្ញុំមានអារម្មណ៍ល្អឡើងវិញខ្លះដែរ”។

ខៀវ សានសាណា បានផ្តាច់ស្នេហ៍ពីប្តីទី1 ជាសាស្ត្រាចារ្យនៅប្រទេសកាណាដា ដោយបន្សល់កូន2នាក់ (ស្រី1) ហើយនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសអ្នកជំនួញជនជាតិអូស្ត្រាលី លោកសេរ៉ាច សាត់ធឺន (Seraj Sutton) កាលពីថ្ងៃទី08 ខែតុលា ឆ្នាំ2016 ដោយនាងមានគម្រោងយកកូនថែមទៀតភ្លាមៗ តែពេលនេះ សាណា នៅមិនទាន់ពពោះកូនទី3ឡើយ។

សានសាណា គឺជាអ្នកសិល្បៈម្នាក់ដែលស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើន ព្រោះពេលនេះនាងមានទ្រព្យរាប់លានដុល្លារ ជាមួយស្វាមីដែលជាប្រធានក្រុមហ៊ុន Herbalife នៅកម្ពុជា។ សានសាណា មានផ្ទះវីឡា ខុនដូ និងជិះរថយន្តទំនើបៗ ដែលតារាមួយចំនួនមិនអាចធ្វើបានដូចនាងឡើយ ហើយពេលនេះ នាងនិងស្វាមីក៏ងាកមកផ្តោតលើការរកស៊ីផ្នែកអចលនទ្រព្យផងដែរ៕

RELATED ARTICLES