Friday, September 20, 2024
Homeតារាខ្មែរហង្សមាស រកឃើញតួសម្តែងជំនួសសាន ស្រីឡៃ

ហង្សមាស រកឃើញតួសម្តែងជំនួសសាន ស្រីឡៃ

ភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀង សាន ស្រីឡៃ ត្រូវប្តីបាញ់សម្លាប់យ៉ាងឃោរឃៅរួចមក បានធ្វើឱ្យដំណើរការថតខ្សែភាពយន្តរបស់ផលិតកម្មហង្សមាស កំពុងជួបប្រទះនូវឧបសគ្គ ដោយសារតែតួសម្តែងសំខាន់ គឺអ្នកនាងសាន ស្រីឡៃ ត្រូវបានបាត់បង់ជីវិត ហេតុនេះទើប តម្រូវឱ្យអ្នកដឹកនាំសម្តែងរបស់ផលិតកម្មរស្មី ហង្សមាស សម្រេចជ្រើសរើសតួសម្តែងថ្មី ដែលមានត្រេមុខស្រដៀងសាន ស្រីឡៃ ដើម្បីឱ្យសម្តែងជំនួសស្រីឡៃ ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” និងរឿង “រាជិនីភូមិគ្រឹះ”។

កញ្ញាពុធ រតនា ដែលមានត្រេមុខស្រដៀងសាន ស្រីឡៃ

បន្ទាប់ពីអ្នកដឹកនាំសម្តែងហង្សមាស ប្រកាសរកតួជំនួស សាន ស្រីឡៃ មិនបានប៉ុន្មានថ្ងៃផង ក៏មានដំណឹងថា ហង្សមាសបានរកឃើញតួស្រីដែលមានមុខមាត់ស្រដៀងតារាចម្រៀង សាន ស្រីឡៃ ហើយព្រមទាំងបានណាត់ជួបធ្វើសម្ភាស កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ទៀតផង។

បេក្ខនារីដែលហង្សមាស ចាប់អារម្មណ៍ ចង់យកមកជំនួសតួអង្គសាន ស្រីឡៃ នោះ មានឈ្មោះពុធ រតនា។

កញ្ញាពុធ រតនា ដែលមានទម្រង់មុខស្រដៀងសាន ស្រីឡៃ រហូតត្រូវបានខាងផលិតកម្មហង្សមាស ណាត់ជួបនោះ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ខាងហង្សមាស បានណាត់ជួបនាង ដើម្បីមើលរូបរាង និងមុខមាត់នាងពិតប្រាកដមែន តែខាងផលិតករហង្សមាស អត់បាននិយាយអ្វីច្រើនទេ ហើយនាងក៏មិនអាចនិយាយអ្វីឱ្យលើសពីការជួបនោះដែរ។

កញ្ញាពុធ រតនា បានបន្តថា ការហៅទៅជួបនោះ ព្រោះខាងផលិតករខ្លាចមុខក្នុងរូបថតផ្សេង និងក្រៅផ្សេង ហើយខាងហង្សមាស ក៏បានប្រាប់ថា រង់ចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ចាំជួបគ្នាម្តងទៀត ហើយខាងក្រុមហ៊ុនក៏មិនបាននិយាយអ្វីច្រើនដែរ។

ដោយឡែក លោកកៅ សីហា ជាអ្នកដឹកនាំសម្តែងរឿង “រាជិនីភូមិគ្រឹះ” បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ថា “ជាការពិតហើយ យើងកំពុងតែស្វែងរកតារាណាដែលមានត្រេមុខស្រដៀងស្រីឡៃ ដើម្បីឱ្យគាត់បន្តលេងរ៉ូលដែលស្រីឡៃ នៅសល់នោះ។ មូលហេតុដែលយើងមិនចង់កាត់ចេញឈុត ស្រីឡៃ ដែលលេងហើយ ដោយដាក់ជំនួសតួថ្មីទាំងស្រុងនោះ ព្រោះតែយើងចង់ឱ្យបងប្អូនទស្សនិកជននៅចងចាំស្រីឡៃ អីចឹងយើងមិនកាត់ចេញឈុតដែលគាត់លេងហើយនោះទេ គឺយើងនៅរក្សាទាំងអស់ ដោយគ្រាន់តែរកតួថ្មីដែលមានផ្ទៃមុខប្រហាក់ប្រហែល ដើម្បីលេងបន្តពីស្រីឡៃ ប៉ុណ្ណោះ។ រឿង “រាជិនីភូមិគ្រឹះ” នេះ បានចាប់ផ្តើមថតបន្តទៀតហើយ គឺឈប់តែថ្ងៃដែលបូជាសពស្រីឡៃ ហ្នឹង ហើយពេលនេះ យើងរង់ចាំតារាថ្មីដែលមានមុខស្រដៀង ស្រីឡៃ លេងបន្តពីគាត់…”។

លោកកៅ សីហា បានបញ្ជាក់បន្ថែម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ថា ខាងហង្សមាស ពិតជាបានណាត់ជួបធ្វើតេស្តនារីវ័យក្មេងម្នាក់ ដែលមានមុខមាត់ស្រដៀងសាន ស្រីឡៃ ប្រាកដមែន នៅថ្ងៃនេះ (២០ តុលា) ហើយលោកទទួលស្គាល់ថា ត្រេមុខនារីរូបនោះពិតជាស្រដៀងនឹងសាន ស្រីឡៃ ព្រមទាំងមានធ្មេញច្រពើសដូចគ្នាទៀតផង ហើយនារីរូបនោះក៏ធ្លាប់សម្តែងបទចម្រៀងខារ៉ាអូខេឱ្យផលិតកម្មមួយផងដែរ កន្លងមក។ លទ្ធផលយ៉ាងណា លោកនៅមិនទាន់អាចប្រាប់បាននៅឡើយ ព្រោះទាមទារការសម្រេចចិត្តពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនហង្សមាស ជាមុនសិន ហើយលទ្ធផលនឹងសម្រេចនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧ ខាងមុខ ពោលគឺស្របពេល នឹងការចេញថតបន្តខ្សែភាពយន្តរឿង “រាជិនីភូមិគ្រឹះ” តែម្តង។

លោកកៅ សីហា បានបង្ហើបប្រាប់ផងដែរថា តាមពិតគំនិតរបស់លោកផ្ទាល់ គឺចង់បានប្អូនស្រីបង្កើតរបស់សាន ស្រីឡៃ មកសម្តែងជាតួជំនួសសាន ស្រីឡៃ តែម្តង ព្រោះប្អូនស្រីនាងមានទម្រង់មុខដូចគ្នា គ្រាន់តែមិនមានធ្មេញច្រពើសប៉ុណ្ណោះ ប៉ុន្តែការសម្រេចចិត្តយ៉ាងណា គឺស្ថិតនៅលើថ្នាក់ដឹកនាំរបស់ហង្សមាស ឯណោះទេ។

ប្អូនស្រីសាន ស្រីឡៃ

គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ទោះបីមិនបានលើកពាន តែនាងក៏បានក្លាយជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាស។ សាន ស្រីឡៃ ត្រូវបានបុរសជាប្តីឈ្មោះជ័យ រិន (ឈ្មោះដើម ខៀវ ម៉ៅ) ជាមន្ត្រីគយបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ក្នុងបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតា ឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាប្តីក៏បានបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រាគ្មានទីពឹង។

លោកកៅ សីហា

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតារាចម្រៀង សាន ស្រីឡៃ បានបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0836 ចូលទៅក្នុងគ្លីនិកកែសម្រស់ខាងលើ។ លុះគ្រាន់តែចុះពីលើរថយន្ត ដើរចូលក្នុងគ្លីនិក ទើបនឹងបើកទ្វារកញ្ចក់ដើរចូលបានប្រមាណ២ជំហាន ស្រាប់តែលេចមុខជនសង្ស័យជាខ្មាន់កាំភ្លើង បើកម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5923 ដែលទំនងជាតាមរថយន្តសាន ស្រីឡៃ តាំងពីណាមកមិនដឹង បានដើរចូលមកតាមពីក្រោយ រួចក៏ដកកាំភ្លើងខ្លី ម៉ាករ៉ូឡូ បាញ់ប្រហារទៅលើសាន ស្រីឡៃ ១គ្រាប់ បណ្តាលឱ្យដួលទៅលើកម្រាលឥដ្ឋ។ ភ្លាមៗនោះ ជនសង្ស័យបានបាញ់បន្ថែម២គ្រាប់ទៀត បណ្តាលឱ្យសាន ស្រីឡៃ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ គួរឱ្យរន្ធត់។ បន្ទាប់ពីបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ រួចហើយ ជនសង្ស័យជាខ្មាន់កាំភ្លើងបានយកកាំភ្លើងបាញ់ខ្លួនឯង១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យដេកដួលស្លាប់ទន្ទឹមនឹងសាន ស្រីឡៃ តែម្តង៕

RELATED ARTICLES