នៅព្រឹកថ្ងៃទី២០ តុលា នេះផលិតកម្មក្លាស៊ិកបានក្រុងពលីចេញថតភាពយន្តខ្នាតធំថ្មីមួយទៀតរឿង”ម៉ាដាមអាប២០១៨”ដែលជារឿងបែបភ័យរន្ធត់ ព្រឺព្រួច និងកំប្លែងសើចតាំងពីដើមរហូតដល់ចប់ខណៈដែលមានការរំពឹងថា រឿងនេះនឹងធ្វើឲ្យកក្រើករោងភាពយន្តនៅដើមឆ្នាំ២០១៨ ខាងមុខនេះ។
លោកហួរ សុផល បានថ្លែងឲ្យដឹងនៅក្នុងពិធីក្រុងពលីថា ខណៈដែលរឿង”រាជ បុរី Cameback”ត្រូវប្ដូរចំណងជើងថ្មីថា”នរណា Cameback”ហើយត្រូវលើកពេលទៅដាក់បញ្ចាំងនៅអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ វិញនោះផលិតកម្មក្លាស៊ិក ក៏ត្រូវចេញផលិតថ្មីជាបន្តបន្ទាប់ទៀតដែរដើម្បីបម្រើចំណីចក្ខុទស្សនិកជន។លោកថា រឿង”ម៉ាដាមអាប២០១៨”ជារឿងបែបភ័យរន្ធត់ មានខ្មោច ព្រាយបីសាច លងបន្លាចគួរឲ្យព្រឺព្រួច និងមានលាយឡំជាមួយនឹងឈុតឆាកកំប្លុកកំប្លែកគួរឲ្យចង់ទស្សនា។លោកសុផល បន្ថែមថា រឿងនេះផលិតបន្តពីរឿង”អាបកាលីប០០៩”ដែលទទួលបានជោគជ័យពីប៉ុន្មានឆ្នាំមុន ប៉ុន្តែរឿងនេះមានលក្ខណៈពិសេសជាងរឿងមុនដោយលោកបានដាក់បញ្ចូលវិញ្ញាណខ្មោច៤ សំខាន់ៗឲ្យប៉ះគ្នាដែលធ្វើឲ្យអ្នកទស្សនាកាន់តែប្លែកភ្នែកខណៈដែលរឿងនេះមានការចូលរួមសម្ដែង ដោយតារាសម្ដែង និងតារាកំប្លែងល្បីៗដូចជា រ៉ូលីន នាយព្រែក អ្នកនាងកាតុ នាយចេក កញ្ញា ម៉ានីកា កញ្ញាស៊ីស៊ី លោកសត្យា លោកឈួន បន្លឺ និងតារាសម្ដែងល្បីៗជាច្រើនរូបទៀត។
លោកហួរ សុផល បញ្ជាក់ថា រឿងនេះលោកគ្រោងផលិតរយៈពេលផលិត៤ខែ ដើម្បីត្រៀមដាក់បញ្ចាំងនៅដើមឆ្នាំ២០១៨ ខាងមុខនេះ។លោកសុផល សុំមិនទាន់បញ្ជាក់ពីទំហំនៃការចំណាយនៅឡើយទេត្បិតអីរឿងនេះនិងត្រូវចេញទៅថតនៅតាមបណ្ដាខេត្តឆ្ងាយៗមួយចំនួនផងដែរ។ប៉ុន្តែយ៉ាងណា លោកអះអាងថា និងផលិតដោយផ្ដោតលើគុណភាពដោយមិនឲ្យចាញ់រឿងមុនៗនោះទេ។មិនត្រឹមតែបណ្ណោះលោកបានបង្ហាញពីក្ដីរំពឹងថា រឿងនេះនឹងមិនធ្វើឲ្យទស្សនិកជនខកចិត្តនោះទេគឺរំពឹងថានឹងកក្រើករោងភាពយន្តនៅដើមឆ្នាំ២០១៨ តែម្ដងត្បិតអីក្រៅពីមានសាច់រឿងល្អ មានតួសម្ដែងល្បីៗដែលកំពុងមានប្រជាប្រិយភាពហើយនោះ លោកនិងក្រុមផលិតករនឹងពង្រឹងការផលិតឲ្យបានល្អបំផុត៕