Thursday, December 5, 2024
Homeតារាបរទេសភីងគី បែកបាក់ស្នេហ៍មហាសេដ្ឋី ធ្វើឲ្យភ្ញាក់ផ្អើលពេញប្រទេសថៃ

ភីងគី បែកបាក់ស្នេហ៍មហាសេដ្ឋី ធ្វើឲ្យភ្ញាក់ផ្អើលពេញប្រទេសថៃ

ពេលតារាឯកស្រី ភិងគី សាវិកា ឆៃយដេត ចូលរោងការជាមួយស្វាមីអភិជនលុយម៉ឺនលាន បានក្លាយជាព័ត៌មានគួរឱ្យស្ញប់ស្ញែង និងភ្ញាក់ផ្អើលពេញទាំងប្រទេសថៃ។ លុះដល់បែកបាក់គ្នា ក៏ជាដំណឹងភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដីដូចគ្នា…។

កាលពី៣ឆ្នាំមុន តារាឯកស្រស់ស្អាត នេត្រាមុតស្រួច ភីងគី សាវិកា ឆៃយដេត បានធ្វើឱ្យមហាជនស្ញប់ស្ញែងចំពោះភ័ព្វវាសនារបស់នាង នៅពេលដែលនាងបានចូលរោងការជាមួយអភិជនរូបសង្ហា លុយ វាល់លានបាត ពេជ្រ អ៊ិទ្ធិ ឆវលិតថាំរ៉ុង។ ពិធីរៀបការដែលអធិកអធមជាងគេប្រចាំយុគសម័យនេះ ធ្វើឱ្យមហាជនយល់ថា តារាឯកស្រីម្នាក់នេះ កំពុងទទួលបានមហាសុភមង្គលជាមួយមហាសេដ្ឋីម្នាក់នេះ ប្រាកដណាស់។

ប៉ុន្តែរយៈពេល៣ឆ្នាំកន្លងផុតទៅ ចាប់ផ្តើមលេចឮដំណឹងថា គ្រែស្នេហ៍របស់នាងនិងស្វាមី មានបញ្ហារង្គោះរង្គើដោយ ភិងភី ចុះចេញចាកចោលស្វាមី ទៅរស់នៅជាមួយម្តាយរបស់នាង ដោយពុំព្រមប្រាប់មូលហេតុ។ គេពុំដឹងអ្វីជាដើមហេតុនៃការរស់នៅបែកគ្នា រវាងតារាឯកល្បី និងស្វាមីមានឈ្មោះបោះសំឡេងនេះទេ ព្រោះម្នាក់ៗតែងតែរុញអ្នកសារព័ត៌មានឱ្យទៅសួរភាគីមួយទៀតជាដរាប។

ក្រោយពេលចាកចោលស្វាមី ទៅរស់នៅជាមួយឪពុកម្តាយ ភីងគី បានបង្ហោះចម្រៀង ដែលច្រៀងដោយនាងផ្ទាល់បទ “ខ្ញុំទៅឆ្ងាយ” ដែលមានអត្ថន័យ “ខ្ញុំទៅឆ្ងាយទៅឆ្ងាយខ្លាំងណាស់។ ខ្ញុំធ្វើដំណើរទៅឆ្ងាយសែនឆ្ងាយ ដោយមានរូបអ្នកជាគោលដៅ។ ទោះជាឆ្ងាយបែបណាក៏មិនព្រឺព្រួច ទោះគ្មានកម្លាំងក៏នៅតែឈានទៅមុខ ដួលពេលណាងើបឡើងជាថ្មី អស់កម្លាំងដូចម្តេចត្រូវតែ អត់ធន់ ដើម្បីទៅដួលក្បែរកាយអ្នក”។

បទចម្រៀងរបស់នាងនេះ ទទួលបានការកោតសរសើរពីប្រិយមិត្តថា ច្រៀងពីរោះ និងលើកទឹកចិត្តលួងលោមនាង ក្នុងរឿងមិនសមបំណងចំពោះជីវិតស្នេហា និងក្រុមគ្រួសារ។

មិនបណ្តោយឱ្យប្រិយមិត្តសង្ស័យទៀតទេ ភីងគី ចេញមកសារភាពថា “លែងលះជាមួយបង ពេជ្រ ពិតមែន ដោយមិនមានឈ្លោះប្រកែកអ្វីខ្លាំងទេ។ វាជារឿងធម្មតារបស់ស្វាមីភរិយា ដែលប្រៀបដូចជាអណ្តាតនឹងធ្មេញរមែងប៉ះគ្នាខ្លះមិនខាន។ ខ្ញុំត្រឡប់មកនៅផ្ទះឪពុកម្តាយជាងមួយអាទិត្យហើយ មិនមែនយូរដូចការចុះផ្សាយព័ត៌មានទេ”។

ចំណែកការលេចឮ ដែលថាអាចមានបាតដៃទី៣ បំបែកស្នេហ៍ ត្រូវបាន ភីងគី បដិសេធថា “អត់មានទេ វាជារឿងរបស់យើងពីរនាក់ប៉ុណ្ណោះ។ អស់រយៈពេលដែលខ្ញុំរស់នៅជាមួយបង ពេជ្រ ពុំមែនរឿងស្រីញីទេ។ បងពេជ្រ ជាមនុស្សវក់នឹងការងារ។ តទៅមុខទៀត បងពេជ្រ ចង់មាន នរណាទៀត គឺជារឿងរបស់គាត់”។

អ្នកសារព័ត៌មានឈ្លេចសួរបន្តទៀតថា អ្វីជាមូលហេតុពិតនៃការបែកបាក់គ្នានេះហើយត្រូវបាន ភីងគី ផ្តល់ចម្លើយថា “ការពិតពុំមានរឿងអ្វីធំដុំទេ គឺជាបញ្ហាដដែលៗ នៃជីវិតគូស្រករ។ មនុស្សពីរនាក់ នៅជាមួយគ្នាចង់ឱ្យចុះសម្រុងគ្នា ពុំមែនជារឿងងាយទេ។ សម្រាប់គូរបស់យើង មានការខុសប្លែកគ្នាខ្លាំងណាស់។ ម្នាក់ជាអ្នកសិល្បៈ មានជីវិតនៅក្នុងសិល្បៈតាំងពីក្មេងៗ។ បង ពេជ្រ ចង់ឱ្យរកស៊ី។ ខ្ញុំមិនថ្នឹក តែក៏ព្យាយាម។ បង ពេជ្រ មានបំណងល្អ គ្រាន់តែវាពុំមែនជារូបរាងពិតរបស់ខ្ញុំ។ វាក្លាយជាសម្ពាធ។ នេះជាមូលហេតុមួយដ៏សំខាន់។ លុះពេលបានត្រឡប់មកជួបជុំឪពុកម្តាយ បានជួបបរិយាកាសពីមុន បានទទួលក្តីស្រលាញ់ ភាពកក់ក្តៅ”។ កាលបើសាមីខ្លួនពុំព្រមបកស្រាយ អ្នកសារព័ត៌មាន ក៏ព្យាយាមរាវរកចម្លើយដោយខ្លួនឯង មុននឹងឈានទៅរកការសន្និដ្ឋានថា បាតដៃទី៣ គឺជាដើមហេតុនៃការបែកបាក់គូស្នេហ៍នេះ។

សម្រាប់ ភីងគី ក៏ប្រហែលជាតឹងទ្រូងណាស់ដែរ ក្នុងការលាក់ទុករឿងរ៉ាវប្រេះស្រាំនេះ។ ទីបំផុត នាងយល់ព្រមចេញមកសារភាពថា ស្នេហានាងឈានដល់ចំណុចប្រេះឆាមែន ដោយមូលហេតុនៃការរង្គោះរង្គើគ្រែស្នេហ៍ពុំមែនដោយសារបាតដៃទី៣ទេ ហើយក៏ពុំបានឈ្លោះប្រកែកគ្នាដែរ។
គ្មានអ្នកបំបែកបំបាក់ និងគ្មានជម្លោះវិវាទ ហេតុអ្វីក៏បែកបាក់គ្នាទៅហ្ន៎? បញ្ហានេះ ភីងគី ទម្លាក់ទៅលើ “ទស្សនគតិ” មិនដូចគ្នា! ស្វាមីចង់ឱ្យនាងប្រកបមុខរបរជំនួញ ខណៈដែលនាងមិនថ្នឹកក្នុងវិស័យនេះ ហើយដក់ចិត្តជាមួយការងារក្នុងវិស័យសិល្បៈច្រើនជាង។ នេះជាមូលហេតុធ្វើឱ្យនាងវិលត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយវិញ ដើម្បីស្រណុកស្រួលចិត្ត។ នាងអះអាងថា នៅតែស្រលាញ់ស្វាមី តែក៏ពេញចិត្តបើកសិទ្ធិសេរីឱ្យគេ ប្រសិនបើគេចង់មានអ្នកថ្មីទៀត។ ពីឪពុកម្តាយ ធ្វើឱ្យ ខ្ញុំបានធូររសាយចិត្ត។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថា បើវិលត្រឡប់ទៅរស់នៅជាមួយបង ពេជ្រ វិញ វានឹងមិនដូចដើមទៀតឡើយ។ តែខ្ញុំនៅតែស្រលាញ់បង ពេជ្រ ណា៎ គ្រាន់តែនៅត្រង់នេះ វាធ្វើឱ្យខ្ញុំសប្បាយចិត្តប៉ុណ្ណោះ។ វាល្អទាំងអស់គ្នា ទាំងសម្រាប់បង ពេជ្រ និងរូបខ្ញុំ។ យើងនឹងបានដើរទៅកាន់គោលដៅរៀងខ្លួន”។

បើទោះជាមូលហេតុអ្វីក៏ដោយ ពេលអ្នកទាំងពីរបានឈានដល់ផ្លូវបំបែក និងបន្តដំណើរទៅមុខឆ្ពោះ ទៅរកគោលដៅរៀងខ្លួនហើយ?៕​

RELATED ARTICLES