Sunday, December 22, 2024
Homeបរិយាយឈ្លោះ​នឹង​ខ្មោច អសោច​កេរ្តិ៍

ឈ្លោះ​នឹង​ខ្មោច អសោច​កេរ្តិ៍

បណ្ឌិត បញ្ញវន្តគ្រប់មុខវិជ្ជា ជាពិសេសផ្នែកវិទ្យាសាស្ត្រនយោបាយ ឬវិទ្យាសាស្ត្រសង្គម លុះត្រាតែចេះការពារនិក្ខេប បទ របស់ខ្លួនបានល្អ ដោយរៀបចំពាក្យពេចន៍ សំណេរប្រកបដោយគុណធម៌ សុជីវធម៌ ទើបបានសញ្ញាបត្រជាន់ខ្ពស់នោះ។ មានតែគ្រូធ្មប់ ឬគ្រូចាប់ខ្មោច ទើបអាចឈ្លោះតតាំងនឹងខ្មោចបាន ប៉ុន្តែ សម្រាប់បណ្ឌិត បញ្ញវន្ត បើហ៊ាន “ឈ្លោះនឹងខ្មោច ច្បាស់ ជាអសោចកេរ្តិ៍” ដែល “នគរធំ” សូមលើករឿងខ្មោច មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ខ្មោច សំដៅដល់មនុស្ស ឬសត្វដែលអស់ជីវិត រលត់ខ្យល់អស្សាសប្បស្សាសៈ អាចហៅថា សព ក៏បាន។ ន័យមួយទៀត សំដៅដល់អមនុស្សដែលមើលរូបមិនឃើញ តែងលងបន្លាចមនុស្សឱ្យភ័យរន្ធត់ មានការប្រែកាឡាជាស្រីច្រៀងបំពេកូនលើ ដើមឈើជាដើម។ “ខ្មោច” ដែលយើងយកមកបរិយាយនៅពេលនេះ គឺសំដៅដល់មនុស្សល្បីឈ្មោះ ត្រូវស្លាប់ដោយការធ្វើ ឃាត ឬធ្វើពលិកម្មក្នុងសមរភូមិ ជាដើម។ មនុស្សល្បីទាំងនោះ កាលនៅរស់តែងមានឆាកជីវិតជូរចត់ និងផ្អែមល្ហែម មាន ភាពសាមញ្ញ ដូចជាវីរជន វីរនារី វីរកីឡាករខ្លះ មានប្រពន្ធ៤-៥ ឬប្តូរប្តី២-៣នាក់ ប៉ុន្តែ នៅពេលគាត់ស្លាប់ទៅ ភាពអាស្រូវ ទាំងនោះ ត្រូវកប់បាត់ទៅក្នុងផ្នូរជាមួយសពគាត់។ បើបណ្ឌិត បញ្ញវន្ត ឬអ្នកនយោបាយគាស់កកាយរឿងអាស្រូវនោះ មក ហែកកេរ្តិ៍សព ឈ្មោះថា បាន “ឈ្លោះនឹងខ្មោច”  ដែលនាំឱ្យ “អសោចកេរ្តិ៍ឈ្មោះអ្នកបរិហារនោះ”។ ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៅពេលមិនទាន់សាងព្រះផ្នួស មានព្រះនាមថា “ព្រះសិទ្ធាថ៌” ត្រូវបានស្តេចចំណុះយកខត្តិយកញ្ញាចំនួន៤ម៉ឺនអង្គ មកថ្វាយ ជាបាទបរិចារិកា (ស្រីបម្រើកាមគុណ) ព្រះអង្គមិនត្រេកត្រអាលនឹងស្រីស្អាតទាំងនោះទេ ព្រោះស្រឡាញ់ពោធិញ្ញាណ។ រីឯព្រះ មហា ក្សត្រ នៅដែនជម្ពូទ្វីបសម័យនោះ បើគ្មានស្រីស្នំ១៦.០០០នាក់ ជាបាទបរិចារិកា គឺមិនអាចរៀបរាជាភិសេក បានឡើយ។ ព្រះមហាក្សត្រអេហ្ស៊ីប ១អង្គ មានព្រះរាជបុត្រដល់ទៅ១.០០០អង្គឯណោះ ដោយមិននិយាយពីមហេសី ប៉ុន្តែ ពេលស្តេចទាំងនោះសោយទិវង្គតទៅ គេមិនដែលនិយាយពីរឿងស្រីបម្រើដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ដោយលើកតែ ពីគុណសម្បត្តិរបស់ព្រះអង្គ។

ចំណែកនៅស្រុកខ្មែរ ក៏គ្មានប្រជារាស្ត្រណាហ៊ានរិះគន់តេជោមាស កំពូលវីរបុរសខ្មែរនោះឡើយ ទោះបីជាលោកមាន ជំទាវស្រែន្យ ជាប្រពន្ធធំ និងនាងម៉ៃ ជាប្រពន្ធតូច ព្រមទាំងស្រីបម្រើឯទៀតរាប់មិនអស់ ដោយសារវីរភាពរបស់លោកធំធេងណាស់ ចំពោះជាតិមាតុភូមិ។ ព្រះបាទស្រីជេដ្ឋាធិរាជ (ស្តេចកន) ដែលមានស្រីស្នំ៥០០នាក់ ក៏គ្មានអ្នកប្រវត្តិសាស្ត្រ ណាហ៊ាន រិះគន់ដែរ ព្រោះដឹងថា ប្រពៃណីក្សត្រ តម្រូវឱ្យមានស្រីស្នំច្រើន ដោយមិនអាចអត់បានឡើយ។ ដូច្នេះមនុស្ស ល្បីដែលធ្លាប់ពាក់ព័ន្ធរឿងស្រី បើក្លាយជាសពបញ្ចុះក្នុងផ្នូរ ឬសល់តែរូបសំណាក គឺទុកសម្រាប់ឱ្យមនុស្សស្រករក្រោយគោរព បូជា ដូចជារូបសំណាក “អ្នកតាក្រហមក” (តេជោមាស) ជាដើម តើមានអ្នកស្រុកណាហ៊ានថា លោកតាមានប្រពន្ធច្រើន? បានន័យថា មនុស្សមិនត្រូវឈ្លោះ ឬបង្កទំនាស់នឹងខ្មោចទេ។

ផ្ទុយទៅវិញ យើងឃើញហ្វេសប៊ុកឆ្លើយឆ្លងគ្នា រវាងតារាចម្រៀងគាំទ្របក្សប្រឆាំងម្នាក់ វាយបកទៅលើអ្នកសារព័ត៌មានម្នាក់ ពីរឿងថា សពលោកបណ្ឌិតកែម ឡី មានប្រពន្ធ និងកូនអត់ខាន់ស្លាពីរបីនាក់ ខណៈដែលពិធីបុណ្យសពកំពុង ប្រព្រឹត្តទៅ ដោយមានមនុស្សរាប់លាននាក់ចូលរួមមរណទុក្ខ។ “នគរធំ” ពុំបានដឹងពីប្រវត្តិលោកបណ្ឌិតឱ្យបានក្បោះក្បាយ នោះទេ ប៉ុន្តែ ក៏មានទស្សនៈបែបពុទ្ធនិយមថា “ឈ្លោះនឹងខ្មោច អសោចកេរ្តិ៍”។ ដូចលើកឡើងរួចមកហើយថា គ្មានអ្នកណា ហ៊ានគាស់កកាយរឿងវីរបុរសដែលធ្លាប់មានស្រីបម្រើកាមគុណរាប់ភ្លេចនោះទេ ព្រោះលោកចែកឋានទៅហើយ ចាំបាច់ ត្រូវលើកតែពីគុណសម្បត្តិប៉ុណ្ណោះ។ សូម្បីកាលពីប៉ុន្មានឆ្នាំមុន នៅខេត្តតាកែវ មានស្ត្រីវ័យកណ្តាលម្នាក់ ជាមនុស្សប្រមឹក ជោក ឱ្យតែស្រវឹងម្តងៗ តែងយកវែកសម្លវាយក្បាលប្តីដ៏ស្លូតត្រង់។ ជាអកុសល ស្ត្រីនោះដួលស្លាប់កណ្តាលផ្លូវ ដោយការ ស្រវឹងខ្លាំងភ្លេចហូបបាយ ត្រូវបានក្រុមគ្រួសារលើកសពទៅធ្វើបុណ្យ ដែលកាលនោះតាអាចារ្យសរសេរឈ្មោះសព ភ្ជាប់ ពាក្យ “ឧបាសិកា” បិទនឹងក្តារមឈូស។ តាអាចារ្យបានទាំងសរសេរទង់ព្រលឹង ជាភាសាបាលីថា “ឥមំ ធជ បដាកំ តាវ តិង្សភវនេ ឧយ្យោ ចេ មិ” ថែមទៀត។ កាលនោះក៏មានយុវជន១ក្រុម សួរតាអាចារ្យថា “យាយហ្នឹងប្រមឹកខួបមិន ដែលស្គាល់វត្តវ៉ាអ្វីទេ ហេតុអ្វីតាប្រើពាក្យឧបាសិកា? ព្រោះឧបាសិកា សំដៅដល់ស្រីកាន់សីល៥ចាំសីល៨ តែយាយហ្នឹង នៅតែតៀមស្រា?” ពេលនោះព្រះគ្រូចៅអធិការវត្ត ក៏ឆ្លើយជំនួសថា “ប្រពៃណីខ្មែរ មិនឱ្យឈ្លោះនឹងខ្មោចទេ ទោះជាយាយសំ ប្រមឹកខួប ក៏ត្រូវតែដាក់ឈ្មោះថ្មីឱ្យគាត់ថា ឧបាសិកាដែរ ឯពាក្យបាលីចារដាក់ទង់ព្រលឹងនោះ ចាត់ទុកជាសំបុត្រដើរផ្លូវ ឱ្យ យាយ សំ កាន់ទៅបង្ហាញយមរាជថា គាត់ជាឧបាសិកា ក្រែងមានវាសនាបានទៅឋានសួគ៌” លោកគ្រូចៅអធិការពន្យល់ ជិត១ម៉ោង ទើបយុវជនទាំងនោះភ្ញាក់រលឹក យល់ពីប្រពៃណីខ្មែរ ដែលតម្រូវឱ្យមនុស្សនៅរស់ កុំឈ្លោះនឹងខ្មោច។

យ៉ាងណាមិញ ឃាតកម្មបណ្ឌិតកែម ឡី រកយុត្តិធម៌មិនទាន់ឃើញផង បែរជាមានអ្នកគាស់កកាយគុណវិបត្តិសព ពីរឿង ប្រពន្ធពីរបីនោះ មិនគួរឱ្យមានទេ សូម្បីតែពាក្យសម្តីអសុរោះ អា មឹង អ្ហែង ក៏មិនត្រូវយកមកប្រើជាមួយ សពដែរ។ គួរយល់ ថា ទោះបីហ៊ីត្លែរ នៃប្រទេសអាល្លឺម៉ង់ មូសូលីនី នៃប្រទេសអ៊ីតាលី ប៉ុល ពត នៃកម្ពុជា ឃោរឃៅយ៉ាងណា ក៏ខ្មែរយើង មិនដែលប្រើពាក្យអាហ៊ីត្លែរ អាមូសូលីនី អាប៉ុល ពត នោះទេ នេះសម្រាប់អ្នកចេះដឹងមានគុណធម៌ ព្រោះខ្មោចមានតែ ឈ្មោះនោះ មិនអាចរស់វិញបានឡើយ។ លោកអៀង សារី និងភរិយាអៀង ធីរិទ្ធ ជាជនជាប់ចោទពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម លុះពួកគាត់ស្លាប់ទៅ ត្រូវរលត់បណ្តឹងអាជ្ញា ក៏គ្មានបណ្ឌិតបញ្ញវន្តណារើកកាយរឿងជីវិតអាស្រូវរបស់ ពួកគាត់ទៀតដែរ ព្រោះការសន្សំរឿងជាមួយខ្មោច មិនបានចំណេញអ្វីទេ។

ការយករឿងស្រីទៅបង្អាប់កាច់កុងគ្នា អាចធ្វើបានតែជាមួយមនុស្សនៅរស់ ដូចករណីលោកកឹម សុខា ពាក់ព័ន្ធនឹង នាងស្រីមុំ សូម្បីតែពួកតារាស្រីស្អាតៗមួយចំនួន ក៏ត្រូវអ្នកកាសែតសរសេរថា មានឧកញ៉ានោះចិញ្ចឹម មានឧត្តមសេនីយ៍ ណានោះទិញឡានទំនើបឱ្យជិះ ជាដើម ពោលគឺវាជារឿងធម្មតារបស់បុថុជ្ជន។ គេអាចយករឿងស្រីវាយទម្លាក់ប្រជាប្រិយ ភាពអ្នកនយោបាយបាន ប៉ុន្តែ បើយករឿងតណ្ហាទៅវាយប្រហារសពក្នុងផ្នូរ ធ្វើឱ្យអ្នកវាយប្រហារខ្មោចនោះស្អុយឈ្មោះ ច្រាសខ្យល់។

ហេតុអ្វីបានជាធនញ្ជ័យ មុនពេលស្លាប់ ផ្តាំប្រពន្ធថា “បើបងស្លាប់ទៅ ចូរអូនធ្វើចម្រូងទៅដាំលើផ្នូរ ឱ្យច្រើនកុំភ្លេចឱ្យ សោះ”? នេះមកពីអ្នកប្រាជ្ញខ្មែរដ៏ល្បីនោះ ស្គាល់ចរិតមនុស្សពាល ចូលចិត្តយកគំនុំសងសឹកមកដាក់មុខនេះឯង។ មកពី ធនញ្ជ័យ ដឹងថា មានមន្ត្រីស្អប់គាត់ច្រើន ទោះជាគាត់ស្លាប់ក៏នៅតែស្អប់ ហើយទីបំផុត មន្ត្រីទាំងនោះបានប្រើទាសីស្រីបម្រើ ឱ្យទៅជុះដាក់ផ្នូរធនញ្ជ័យ ក៏ត្រូវចម្រូងប្ញស្សីមុតគូទ បាក់ស្បាតលែងហ៊ានទៅជិត ទើបមន្ត្រីទាំងនោះភ្ញាក់ខ្លួនថា ការឈ្លោះ នឹងខ្មោច មិនបានចំណេញអ្វីឡើយ។

យ៉ាងណាមិញ ករណីសពលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បី ដែលមានអ្នកសរសេរពីប្រវត្តិស្នេហារបស់លោក និងភរិយាបច្ចុប្បន្ន ជាអតីតក្រមុំលក់ពងទាស្ងោរ នោះធ្វើឱ្យអ្នកអានសរសើរ ព្រោះសំណេរនេះជាការលើកគុណសម្បត្តិសព។ ផ្ទុយទៅវិញ សំណេររឿងប្រពន្ធកូនអត់ខាន់ស្លា គ្មានអ្នកសរសើរទេ ព្រោះហាក់បង្ករឿងជាមួយខ្មោច។

សរុបទៅ “ឈ្លោះនឹងខ្មោច អសោចកេរ្តិ៍” គឺជាទស្សនៈស្របតាមមាគ៌ាពុទ្ធនិយម និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ពុំមែន ជាទស្សនៈបុគ្គលនោះទេ។ ការឈ្លោះនឹងខ្មោច គួរទុកឱ្យខាងផលិតកម្មភាពយន្ត គេចាត់ចែងទៅ ដោយ រកតួគ្រូធ្មប់ ខាប ព្រលឹងខ្មោច ទុកឱ្យទស្សនិកជនទស្សនាកម្សាន្តទៅចុះ ព្រោះវាជាសិល្បៈ។ ផ្ទុយទៅវិញ បើជារឿងពិត គួរបញ្ឈប់ជម្លោះ បង្កហេតុជាមួយខ្មោចទៅ ជាពិសេស បណ្ឌិត បញ្ញវន្ត អ្នកនយោបាយ បើហ៊ានឈ្លោះនឹងខ្មោច ប្រយ័ត្នត្រូវបណ្តាសាខ្មោច ឱ្យបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES