ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ដែលស្អិតល្មួតស្នេហ៍ជាមួយប្រុសសង្ហាកូនអ្នកមាន ជិះរថយន្តទំនើប Range Rover ពណ៌ខ្មៅ ដើរកម្សាន្តជាមួយគ្នារៀងរាល់ថ្ងៃនោះ នៅតែស្ងាត់សូន្យឈឹងរឿងរៀបការតែម្តង មកដល់ពេលនេះ ស្របពេលដែលមន្ត្រីធំៗនៅតែតាមឆ្វែលស្រីស្អាតរូបនេះដដែល ទើបធ្វើឱ្យលេចឮថា អតីត Freshie Girl លេខ១ កាលពីឆ្នាំ២០០៧រូបនេះ មិនព្រមក្រាបផ្ទឹម ព្រោះនាងមានជម្រើសស្នេហ៍ច្រើន។
តាមព័ត៌មានថា នៅពេលនេះ នីរ័ត្ន កាន់តែមានសម្រស់ស្អាតទៅៗ ស្បែកសខ្ចីរលោងម៉ដ្ឋខៃ ធ្វើឱ្យសង្សារនាងកាន់តែស្រលាញ់ហួងហែងនាងគ្រប់ពេល ខ្លាចប្រុសផ្សេងឆក់បាត់…។
តាមរយៈការតែងខ្លួនកាន់តែស្រស់ស្អាតឆើតឆាយពីមួយថ្ងៃទៅមួយថ្ងៃ តារាដ៏មានមន្តស្នេហ៍ដាច់គេ នៅប៉ុស្តិ៍បាយ័ន នារីតូចតន់ធ្មេញច្រពើសគួរឱ្យក្នាញ់ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យសង្សារថ្មីរបស់នាងស្រឡាញ់ងប់ងុលកាន់តែខ្លាំង និងព្យាយាមថ្នមចិត្តស្រីស្អាតរូបនេះខ្លាំងណាស់ ដូចជាការអង្គុយក្នុងឡានចាំនីរ័ត្ន ថតកម្មវិធីរាប់ម៉ោងក៏មានដែរ ហើយមើលទៅពួកគេចុះសម្រុង និងស្រលាញ់គ្នាខ្លាំង ដូចជាការជិះរថយន្តតែ២នាក់ ប្រលែងគ្នាលេងយ៉ាងសប្បាយក្អាកក្អាយជាដើម ដែលធ្វើឱ្យអ្នកសិល្បៈមិនតិចឡើយ ដែលច្រណែននឹងគូស្នេហ៍ស្រីស្អាតតារាល្បី និងប្រុសសង្ហាជាកូនអ្នកមានទ្រព្យស្តុកនេះ។
យ៉ាងណា ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលហ៊ានបណ្តើរប្រុសស្នេហ៍ថ្មីនេះជាចំហ ទៅចូលរួមក្នុងកម្មវិធីអ្នកសិល្បៈ ដូចគូស្នេហ៍តារាដទៃឡើយ ហើយរាល់លើក ឱ្យតែសួររឿងនេះ នាងបែរជានិយាយថាបុរសនោះ (សង្សារ) ជាបុគ្គលិកធ្វើការជាមួយគ្នានៅទូរទស្សន៍បាយ័ន ទៅវិញ។
ការព្យាយាមលាក់បាំងម្ចាស់ចិត្តថ្មីរបស់ច័ន្ទនីរ័ត្ន នាពេលនេះ គឺរឹតតែធ្វើឱ្យមន្ត្រីធំៗកាន់តែច្រើនចង់ឆ្មក់ស្នេហ៍នារីតូចច្រឡឹងរូបនេះ ដោយមិនខ្វល់ពីសង្សារថ្មីនាងឡើយ។
ប្រភពបានឱ្យដឹងថា ច័ន្ទនីរ័ត្ន នៅតែត្រូវបានលោកធំផ្កាយ២ម្នាក់ ដែលខកស្នេហ៍សុគន្ធ និសា នោះ តាមស្នេហ៍ពិធីការិនីរូបនេះដដែល បើទោះជាប្អូនលោកផ្កាយ៤រូបនោះ បានរងភាពអាម៉ាស់ជាច្រើនលើក ដោយសារនីរ័ត្ន បានទាត់ចោលសំណើសុំញ៉ាំបាយមួយភ្លែត ឱ្យលុយធីប២ម៉ឺនដុល្លារ តាមរយៈក្រុមម៉ែយ៉ែម ជាអ្នកចែចង់ឱ្យក៏ដោយ។ ប៉ុន្តែ បុរសដែលជិះរថយន្តទំនើបមិនក្រោម២០គ្រឿង ឆ្លាស់គ្នានោះ មិនបោះបង់ការចង់ថ្នាក់ថ្នមកាយាស្រីស្អាតច័ន្ទនីរ័ត្ន នោះឡើយ ហើយជាញឹកញាប់ លោកតែងតែព្យាយាមដាក់អន្ទាក់ចង់ឃុំគ្រងបេះដូង នីរ័ត្ន តែបំណងនេះត្រូវបរាជ័យជាច្រើនលើកមកហើយ ដោយសារតែនីរ័ត្ន គឺប្រកាន់គោលការណ៍ថា ទោះជាបានលុយប៉ុនណាក៏ដោយ តែបើជាមួយប្រុសដែលនាងមិនស្រលាញ់ គឺនាងមិនព្រមជាដាច់ខាត។ ការមិនទន់ជ្រាយទៅតាមអំណាចទឹកប្រាក់របស់ហ៊ិន ច័ន្ទនីរ័ត្ន នោះ ត្រូវបានអ្នកសិល្បៈដូចគ្នាសរសើរថា កម្រមានតារាណាប្រកាន់ជំហររឹងមាំដូចនីរ័ត្ន។
ហ៊ិន ច័ន្ទនីរ័ត្ន ជាមុខសញ្ញានៃក្រុមម៉ែយ៉ែមទាំងឡាយដែលតាមអន្ទងតារាស្រីស្អាតរូបនេះ សឹងតែមិនបានដេកពួនឡើយ ដើម្បីឱ្យនាងទៅញ៉ាំបាយជាមួយលោកធំៗ ជាថ្នូរលុយធីបម៉ឺនដុល្លារ ទើបធ្វើឱ្យនីរ័ត្ន គេចឡើងវិលក្បុង។
ហ៊ិន ច័ន្ទនីរ័ត្ន មិនសូវស្ទុះស្ទារក្នុងការប្រឡូកអាជីពសម្តែងដូចមុនទៀតឡើយ គឺនាងលែងទទួលការថតកុនខារ៉ាអូខេស្ទើរតែទាំងស្រុង ដោយនៅបន្តអាជីពពិធីការិនីតែមួយមុខប៉ុណ្ណោះ។ ការផ្តាច់ខ្លួនចេញពីអាជីពចាស់ម្តងបន្តិចៗ ដែលឈានទៅរកការឈប់ពីអាជីពសម្តែងទាំងស្រុងនេះហើយ ទើបលេចឮថា ច័ន្ទនីរ័ត្ន ត្រូវសង្សារថ្មីហួងហែងខ្លាំង ព្រោះប្រុសរូបសង្ហានោះ មិនចង់ឱ្យតារាសាច់ដូចបណ្តូលចេករូបនេះ មានតារាប្រុសណាមកឱបថើបនោះទេ ពិសេស គឺបើមានផលិតកម្មណាចង់ឱ្យនីរ័ត្ន ថតឈុតស្នេហារោលរាល ដោះអាវដូចឌុច លីដា នោះ គឺ ប្រុសស្នេហ៍ថ្មី មិនឱ្យនាងថតជាដាច់ខាត បើទោះជាបានតម្លៃខ្លួនប៉ុនណាក៏ដោយ៕