តារាចម្រៀងព្រាប សុវត្ថិ ដែលមិនឃើញទៅចូលរួមបុណ្យតារាចម្រៀងសាន ស្រីឡៃ នៅថ្ងៃដង្ហែបូជាសពនៅវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នោះ តារាជួរមុខគេរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ បានលេចមុខចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃ របស់សពអ្នកនាងសាន ស្រីឡៃ ដែលប្រារព្ធធ្វើនៅវត្តទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឈុតខោខ្មៅអាវស តារាចម្រៀងព្រាប សុវត្ថិ មានទឹកមុខស្រងូតស្រងាត់ និងបានអង្គុយរួមតុជាប់សិស្សប្អូនរួមទ្រនំ ថែល ថៃ ហើយបើទោះជាក្រៀមក្រំយ៉ាងណា ក៏មានតារាសិល្បករមួយចំនួនបានទៅឈរថតរូបជាមួយអ្នកចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះដែរ តែព្រាប សុវត្ថិ មិនហ៊ានញញឹមឡើយ ព្រោះជាថ្ងៃកាន់ទុក្ខសិស្សប្អូន សាន ស្រីឡៃ លាចាកទៅនេះ។
គេសង្កេតឃើញថា ក្រៅពីព្រាប សុវត្ថិ ក៏មានតារាហង្សមាស និងក្រៅផលិតកម្មហង្សមាស មួយចំនួនបានទៅចូលរួមផងដែរ ដូចជា សុខ ពិសី , ឡាយ លក្ខិណា, ផន នីដា, ទេព បូព្រឹក្ស, គន់ រៀមរតនៈ, លោកStep, សម សុជាតា, អ៊ុង នីនិច្ច, ងួន ចាន់ដេវីត, ណុប បាយ៉ារិទ្ធ ជាដើម ដែលពួកគេសម្ដែងភាពអាឡោះអាល័យសោកស្ដាយដល់សាន ស្រីឡៃ ដែលលាចាកលោកទៅយ៉ាងអណោចអធម គ្រប់ៗគ្នា។
ដោយឡែកតារាចម្រៀងដែលរត់ខ្វែងដៃ ខ្វែងជើង ហត់នឿយ និងមមាញឹកជាងគេ ព្រមទាំងបានរ៉ាប់រងថ្លៃលើការចំណាយកម្មវិធីបុណ្យ៧ថ្ងៃទាំងមូលនោះ គឺអ្នកនាងពេជ្រ សោភា ដោយថែមទាំងបានខ្នះខ្នែងសុំអាហាររូបករណ៍ពីសាសាអាមេរិកកាំងប្រ៊ីដ ដល់កូនប្រុសស្រីឡៃ បាន១០០%ទៀតផង ទើបធ្វើឲ្យមហាជនជាច្រើនបានសរសើរនូវទឹកចិត្តរបស់ពេជ្រ សោភា ។
ពេជ្រ សោភា បានឲ្យដឹងថា ”សម្រាប់បុណ្យ៧ថ្ងៃ សាន ស្រីឡៃ គឺខ្ញុំជាអ្នកចេញថ្លៃការចំណាយទាំងអស់មែន តែខ្ញុំមិនអាចថាទឹកប្រាក់ប៉ុន្មានទេ ហើយចំពោះភ្ញៀវដែលមកនោះ ភាគច្រើនគឺខ្ញុំបានអញ្ជើញតាម facebook ផង តាមទូរស័ព្ទផងដែរ និងទីតាំងវត្តទួលទំពូងនេះ ខ្ញុំបានសុំគណៈកម្មាការដែរ ហើយខាងវត្ត គេស្រួលណាស់ មិនពិបាកទេ និងថាមិនយកលុយទៀតផង តែធម្មតាយើងធ្វើបុណ្យ គឺតែងតែមានការចូលបច្ច័យទៅវត្ត មិនអត់ទេ។ ខ្ញុំស្ងប់ចិត្តបន្ដិច ព្រោះខ្ញុំបានរកអាហាររូបករណ៍ឲ្យកូនប្រុសទាំង២ របស់ស្រីឡៃ ព្រោះខ្ញុំដឹងថា គាត់ខ្វល់ខ្វាយទៅលើកូនគាត់ ឥឡូវខ្ញុំបានបំពេញបំណងជូនគាត់ហើយ គឺសាលាអាមេរិកកាំងប្រ៊ីដ បានផ្ដល់អាហាររូបករណ៍ដល់កូនទាំង២របស់គាត់ ១០០% រហូតរៀនដល់ថ្នាក់ទី១២នេះ។ ចំពោះក្រុមហ៊ុនហង្សមាស ក្រៅពីចេញរ៉ាប់រងទាំងអស់នៅថ្ងៃបុណ្យបូជាសពនោះ បុណ្យ៧ថ្ងៃនោះ ក៏ហង្សមាស ជួយចូលបច្ច័យថែមទៀតដែរ។ ខ្ញុំបានទៅរកគ្រូទាយមើលព្រលឹងរបស់ស្រីឡៃ ហើយហោរាថា ស្រីឡៃ បានដឹងថាខ្លួនគាត់ស្លាប់តាំងពីម៉ោង១២ថ្ងៃ គាត់ស្លាប់ (ថ្ងៃទី១៦ ខែតុលា) ម្ល៉ោះហើយហោរាថា ស្រីឡៃ ស្លាប់មិនមែនតៃហោងទេ គឺស្លាប់ដោយអស់កម្មពៀរ។ ខ្ញុំមិនដែលយល់សប្តិឃើញស្រីឡៃ ទេ តាំងពីថ្ងៃគាត់ស្លាប់នោះ ហើយខ្ញុំគិតថា បើសិនជាគាត់ចង់មក គឺទៅរកកូនគាត់មុនគេហើយ មិនមករកយើងទេ”។
សាន ស្រីឡៃ បានត្រូវអតីតប្ដីមន្ដ្រីគយ លោកជ័យ រិន បាញ់ប្រហារ ៣គ្រាប់ បណ្ដាលឲ្យនាងដេកដួលក្នុងថ្លុកឈាម បន្ទាប់មកប្ដីចាស់រូបនោះក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងដែរ កាលពីល្ងាចថ្ងៃទី១៦ តុលា វេលាម៉ោង៤រសៀល នៅមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្បែរប៉ុស្ដិ៍អប្សារា។ មរណៈភាពរបស់ស្រីឡៃ បានបន្សល់នូវកូនប្រុស២នាក់ គឺកូនទី១ ឈ្មោះរិន ច័ន្ទតារា អាយុ៨ឆ្នាំ និងកូនទី២ ឈ្មោះរិន ច័ន្ទឯករាជ្យ អាយុ៤ឆ្នាំផងដែរ។ នៅថ្ងៃបុណ្យគម្រប់៧ថ្ងៃរបស់សាន ស្រីឡៃ ដែលរៀបចំនៅវត្តទួលទំពូងនេះដែរ សពលោកជ័យ រិន ក៏បានប្រារព្ធធ្វើ៧ថ្ងៃ នៅបរិវេណដីឡូត៍ផ្ទះលោកជ័យ រិន ហៅគយ ម៉ៅ ស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ដោយឡែកនៅកម្មវធីបុណ្យសាន ស្រីឡៃ ៧ថ្ងៃ នៅវត្តទួលទំពូង នេះដែរ គេក៏ឃើញតំណាងក្រុមហ៊ុនហង្សមាស បានយកថវិកា ៥ពាន់ដុល្លារ មកប្រគល់ឲ្យអ្នកស្រីឡុង ចន្ធី ម្ដាយស្រីឡៃ ដែរ។
អ្នកស្រីឡុង ចន្ធី បានឲ្យដឹងថា ”ខ្ញុំអរគុណហង្សមាស ដែលបានជួយថវិកាធ្វើបុណ្យសពដល់កូនស្រីខ្ញុំ។ កាលថ្ងៃធ្វើបុណ្យនៅវត្តសែនសុខ នោះ ចំណាយថវិកាទាំងអស់ជាង៦ពាន់ដុល្លារ ហើយថ្ងៃបុណ្យគម្រប់៧ថ្ងៃនេះ គឺខ្ញុំអរគុណផងដែរដល់ពេជ្រ សោភា ដែលគាត់ជាអ្នករ៉ាប់រ៉ងការចំណាយទាំងអស់។ ខ្ញុំសូមបញ្ជាក់ថា កូនស្រីខ្ញុំសាន ស្រីឡៃ គ្នាគ្មានសល់ទ្រព្យសម្បត្តិអីទេ មុនពេលដែលមានរឿងនេះ គេមករស់នៅជាមួយខ្ញុំលើដីសហគមន៍សែនសុខ ហើយឡាន Lexus Rx300 នោះ គឺស្រីឡៃ ទិញដោយបង់រំលស់ ជាការចងការប្រាក់គេ។ ស្រីឡៃ កាលជួបលោកជ័យ រិន នោះ គឺពួកគេស្រលាញ់គ្នា ដោយលោកជ័យ រិន ហ្នឹងបានឲ្យលុយខ្លះៗដែរដំបូង ដោយសារតែយើងគ្មានអីលុយតិចតួច ក៏ទៅជាអីចឹងទៅ។ កូនខ្ញុំមិនដឹងថា គយហ្នឹងមានប្រពន្ធទេមុនដំបូង តែពេលគេមានកូនហើយ ទើបដឹងថា គេមានប្រពន្ធដើម តែស្រីឡៃ និងប្រពន្ធដើមហ្នុង មិនដែលមានបញ្ហាអីជាមួយគ្នាទេ។ ខ្ញុំសូមបដិសេធទាំងស្រុងរឿងគេថាកូនស្រីខ្ញុំធ្លាប់បានទទួលលុយច្រើនពីប្ដីគេហ្នឹងបានជាមានរឿងបែបនេះ គឺលុយគេឲ្យតែតិចតួចៗទេ ហើយប្ដីគេបង់ថ្លៃសាលាឲ្យកូនទាំង២ដែរ។ កាលពីមុនឮថា ប្ដីស្រីឡៃ ហ្នឹងបានទិញដី២ឡូត៍ឲ្យកូនប្រុសគេទាំង២ នៅប៉ោយប៉ែតដែរ តែដីហ្នឹងរហូតដល់ពេលនេះ គឺអត់មានទៀត អីចឹងគឺគ្មានអ្វីទាំងអស់។ ចំពោះសប្បុរសជនដែលចូលបុណ្យសព សល់ប្រាក់ខ្លះនេះ ខ្ញុំទុកសម្រាប់ទំនុកបម្រុងចិញ្ចឹមកូនស្រីឡៃ ទាំង២ ឲ្យបានល្អ ហើយខ្ញុំចង់ប្ដូរការរកស៊ីលក់បបរទៅផ្សារណាមួយ គ្រាន់បើជាងពេលនេះ តែប្រាក់ទាំងអស់ហ្នឹង គឺបើយកមកទិញដីធ្វើផ្ទះអី ក៏មិនគ្រប់ដែរ អីចឹងខ្ញុំចង់ពង្រឹងមុខរបរលក់បបរឲ្យបានគ្រាន់បើជាងពេលនេះ”។
មរណៈភាពរបស់តារាចម្រៀងសាន ស្រីឡៃ គឺបានធ្វើឲ្យតារាស្រីស្អាតមួយចំនួនមានការរំជើបរំជួលពេញចង្កោមអ្នកសិល្បៈផងដែរ ព្រោះថាប្ដីនាងបានលាក់រឿងធ្លាប់មានប្រពន្ធនិងកូន៤នាក់នោះជិត ហើយនៅពេលបែកធ្លាយ លោកគយនោះមិនព្រមបែកពីស្រីឡៃ ជាដាច់ខាត គឺចង់យកទាំង២ គឺប្រពន្ធដើម និងស្រីឡៃ ហើយទីបំផុត ដោយសារតែស្រីឡៃ ចង់បែក តែលោកគយមិនព្រមបែក ក៏មានរឿងហេតុការណ៍អាក្រក់បែបនេះកើតឡើង ហើយអ្នកដែលរងទុក្ខសោក គឺកូនរបស់ពួកគេទាំងសងខាង។
តារាស្រីមួយចំនួនបានឲ្យដឹងថា បើសិនជាតារាស្រីស្អាតម្នាក់សុខចិត្តសាងស្នេហ៍ជាមួយប្ដីគេជាថ្នូរលុយកាក់ ហើយចុងក្រោយទើបដឹងថា ខាងប្រុសមានប្រពន្ធកូន និងចង់ផ្ដាច់ស្នេហ៍វិញ គេមិនព្រម ហើយបែរជាសម្រេចចិត្តធ្វើអត្តឃាតដូចករណីសាន ស្រីឡៃ ត្រូវអតីតប្ដីបាញ់សម្លាប់នេះ វាគឺជារឿងមួយដែលធ្វើឲ្យតារាស្រីមួយចំនួនទៀត មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ព្រោះថាមនុស្សប្រុសដែលមានទ្រព្យភាគច្រើន គឺទៅស្រលាញ់ស្រី មិនដែលប្រាប់ថា រូបគេមានប្រពន្ធកូននោះទេ ហើយបើតារាខ្លះចង់បានលុយ ឡាន វីឡា គឺនឹងជាប់ទ្រុងរបស់គេ មិនអាចរើខ្លួនចេញបានឡើយ។
អ្នកនាងឡាយ លក្ខិណា ថ្លែងថា ”ខ្ញុំមិនគិតថាអីចឹងទាំងអស់ទេ! នោះគឺជារឿងបុគ្គលទេ! ខ្ញុំអាណិតប្អូនស្រីឡៃ ណាស់ គាត់ជាតារាថ្មីម្នាក់ដែលមានទេពកោសល្យពីធម្មជាតិចេញពីក្នុងខ្លួនគាត់ គឺគាត់ស្រលាញ់សិល្បៈ។ ខ្ញុំសូមចូលរូមសោកស្ដាយចំពោះក្រុមគ្រួសារគាត់ផង ហើយសូមឲ្យប្អូនស្រីឡៃ បានទៅសុខគតិភពចុះ។ ខ្ញុំអាណិតកូនគាត់ទាំង២ ដែលគ្នានៅតូចណាស់ ត្រូវកំព្រាឪពុកម្ដាយ អីចឹងហើយថ្ងៃនេះខ្ញុំបានឆ្លៀតមកបុណ្យ៧ថ្ងៃ ស្រីឡៃ ខ្ញុំខ្លោចផ្សារណាស់ពេលឃើញមានរឿងអីចឹង”។
ដោយឡែកស្រីស្អាតទេព បូព្រឹក្ស វិញ ក៏សម្ដែងអារម្មណ៍ក្ដុកក្ដួលមិនខុសពីអ្នកនាងឡាយ លក្ខិណា ប៉ុន្មាននោះទេ ដោយនាងថា ទោះជាមិនដែលបានច្រៀងសម្ដែងជាមួយគ្នាមែន តែក្នុងនាមជាសិល្បករដូចគ្នា នាងមានអារម្មណ៍ឈឺចាប់ និងសោកស្ដាយចំពោះការបាត់បង់សាន ស្រីឡៃ នាពេលនេះ។ បូព្រឹក្ស និយាយទាំងស្រងូតស្រងាត់ថា ”ខ្ញុំមិនគិតថា មរណៈភាពរបស់ស្រីឡៃ ធ្វើឲ្យតារាស្រីមួយចំនួនទៀតខ្លាចរឿងគូស្នេហ៍គាត់ធ្វើអីចឹងទេ មិនជាទូទៅទេ គឺជារឿងដាច់ដោយឡែក ជារឿងបុគ្គលទេ!។ ខ្ញុំមិនដែលបានថតសម្ដែងច្រៀងជាមួយស្រីឡៃ ទេ តែខ្ញុំរន្ធត់ចិត្តខ្លាំងពេលដែលមានរឿងរ៉ាវនេះ ហើយថ្ងៃដែលគាត់បូជា ខ្ញុំមិនបានទៅ ព្រោះខ្ញុំជាប់រវល់ច្រៀងកម្មវិធីគេ។ បុណ្យ៧ថ្ងៃហ្នឹង ខ្ញុំក៏ជាប់ច្រៀង២កម្មវិធីដែរ តែខ្ញុំត្រូវតែឆ្លៀតមកឲ្យបាន ដើម្បីជាការរំលែកទុក្ខដល់គ្រួសារគាត់”។
ចំណែកតារាចម្រៀងស្រីជួរមុខគេរបស់ផលិតកម្មសាន់ដេ ស្រីស្អាតសុខ ពិសី ក៏បានថ្លែងទាំងក្រៀមក្រំដែរថា ”ទោះជាពួកយើងនៅផលិតកម្មផ្សេងគ្នាមែន តែសិល្បៈគឺតែមួយ។ ខ្ញុំមានការសោកស្ដាយខ្លាំងចំពោះមរណៈភាពបងស្រីឡៃ នៅពេលនេះខ្ញុំសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ផង។ កន្លងមកខ្ញុំមិនដែលបានច្រៀងលើឆាកជាមួយស្រីឡៃ ទេ ហើយក៏គ្មានអនុស្សារីយ៍ជាមួយគ្នាដែរ តែពេលឮដំណឹងនេះភ្លាម ខ្ញុំរន្ធត់ណាស់ សូមឲ្យវិញ្ញាណខណ្ឌស្រីឡៃ ទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ។ ខ្ញុំអាណិតកូនប្រុសគាត់ទាំង២ ដែលកំព្រាម្ដាយ គឺដូចគ្នាទៅនឹងខ្ញុំដែលធ្លាប់ជួបរឿងបាត់បង់ម្ដាយដែរ”។
អ្នកស្រីឡុង ចន្ធី ម្ដាយសាន ស្រីឡៃ បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះកូនប្រុសទាំង២របស់ស្រីឡៃ នៅមិនទាន់ដឹងថា ម្ដាយរបស់គេស្លាប់ទេ គឺពួកគេស្មានតែម្ដាយគេគេងលក់ ហើយពួកគេមកសួរគាត់ថា ម៉េចបានម៉ាក់គេងយូរម្ល៉េះយាយ?
អ្នកស្រីចន្ធី ប្រាប់ដែរថា មុនថ្ងៃបុណ្យ៧ថ្ងៃនេះ ១យប់ (ថ្ងៃទី២១ ខែតុលា) គាត់បានយល់សប្តិឃើញសាន ស្រីឡៃ មកពន្យល់សប្តិគាត់នៅម៉ោង២អាធ្រាត្រ ដោយស្រីឡៃ មកស្រែកប្រាប់គាត់ថា សូមម៉ាក់កុំពិបាកចិត្តពេក ខ្ញុំមិនអីទេ… យំ។ ខ្ញុំឡើងអុថធូបប្រាប់កូនថា មិនឲ្យម៉ាក់ពិបាកចិត្តយ៉ាងម៉េច បើឯងទៅចោលម៉ាក់រហូតហើយ។ ស្រីឡៃ ក៍បានទៅពន្យល់សប្តិដល់អ្នកនៅផ្សាររោងក្លឿ ដែរ គេឃើញថា នាងស្រែកហៅគេ ហើយអ្នកលក់ដូរនៅផ្សាររោងក្លឿនោះ ក៏បានយកបច្ច័យមកចូលបុណ្យដល់ខ្ញុំដែរ ម្សិលមិញនេះ… យំ។ ខ្ញុំនៅតែអាឡោះអាល័យកូនខ្លាំងណាស់ មិនអាចមានអ្វីប្រៀបបានទេ…៕