កន្លងមក រាល់ពេលចោទសួរពីរឿងស្នេហាតារាចម្រៀងល្បីឈ្មោះ លោកខាន់ ជេមស៍ តែងតែគេចវេស មិនចង់បកស្រាយឡើយ សូម្បីតែរូបភាពក្រុមគ្រួសារ ក៏លោកមិនហ៊ានបង្ហាញជាសាធារណៈដែរ។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឲ្យជឿនោះ ក្រោយពេលលាក់ពីជីវិតគ្រួសារជិត២០ឆ្នាំ ថ្មីៗនេះស្រាប់តែលោកហ៊ានប្រកាសជាសាធារណៈ។
លោកខាន់ ជេមស៍ បានសាយភាយដំណឹងមានប្រពន្ធកូនចាប់តាំងពីល្បីឈ្មោះលើវិថីចម្រៀងពីដំបូងនៅផលិតកម្ម Rock មកម្ល៉េះ ប៉ុន្តែតារាចម្រៀងរូបនេះតែងតែព្យាយាមលាក់បាំងរហូតមក ខណៈដែលមជ្ឈដ្ឋានជាច្រើនចង់ឃើញមុខភរិយា និងចង់ដឹងពីជីវិតគ្រួសាររបស់លោក។ យ៉ាងណាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ ស្រាប់តែលោកជេមស៍ ហ៊ានលាតត្រដាងពីជីវិតគ្រួសារ។
លោកជេមស៍ បានបង្ហោះរូបភាពជាមួយភរិយាដែលមានវ័យរាងចំណាស់បន្តិច ដោយបានភ្ជាប់ជាមួយសំណេរថា ”នារីម្នាក់នេះហើយដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសំលាញ់”។
ក្រោយពេលលោកជេមស៍ បង្ហាញមុខភរិយា ដែលគេស្គាល់ឈ្មោះថា សុខ សុចិន្តា អ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសម្ដែងការអបអរសាទរ និងជូនពរឲ្យជីវិតគ្រួសាររបស់លោកជេមស៍ មានសុភមង្គលជានិច្ចនិរន្ត។
អ្នកខ្លះលើកឡើងថា ទើបតែឃើញភរិយារបស់លោកជេមស៍ គឺពិតជាសមគ្នាណាស់។ អ្នកខ្លះថា ភរិយាលោកជេមស៍ មានវ័យប្រហាក់ប្រហែលគ្នា តែមើលទៅរាងចំណាស់ ដោយសារតែគាត់នឿយហត់មើលថែកូនៗ។ អ្នកដែលដឹងពីជីវិតគ្រួសាររបស់លោកជេមស៍ បានលើកឡើងដែរថា ចំណងស្នេហ៍ជិត២០ឆ្នាំហើយ នៅតែផ្អែមល្ហែមដដែលពិតជាគួរឲ្យសរសើរ។
អ្នកនាងសុខ សុចិន្តា ភរិយារបស់លោកជេមស៍ ក៏បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយសំណេរថា ”មិនដែលគិត ហើយក៏មិនដែលខ្វល់ តែចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្រួសារមួយនេះមានក្ដីសុខបំផុតហើយ”។
មានការលើកឡើងថា ការដែលលោកជេមស៍ ព្យាយាមលាក់ប្រពន្ធជិត២០ឆ្នាំ កន្លងមកនេះក៏ព្រោះតែខ្លាចធ្លាក់ចុះប្រជាប្រិយភាព ខណៈដែលតារាចម្រៀងមួយចំនួនក៏ព្យាយាមលាក់បាំងពីជីវិតគ្រួសារដែរ។ ប៉ុន្តែមានការកត់សម្គាល់ថា ក្រោយពេលខេមរៈ សិរីមន្ត ចាកចេញពីសាន់ដេ រត់ទៅជ្រកនៅហង្សមាស ស្រាប់តែលោកជេមស៍ ហ៊ានបង្ហាញពីជីវិតគ្រួសារ។ ទន្ទឹមនឹងនោះមានការលើកឡើងថា លោកជេមស៍ លែងព្រួយខ្លាចធ្លាក់កូដទៀតហើយ ទើបហ៊ានលាតត្រដាងពីរឿងស្នេហា។
អ្នកគាំទ្រលោកខាន់ ជេមស៍ បានលើកឡើងថា ការដណ្ដើមសន្ទុះគាំទ្រលើវិថីចម្រៀងអាស្រ័យលើសមត្ថភាព និងទឹកដមសំឡេង មិនពាក់ព័ន្ធជាមួយជីវិតគ្រួសារនោះទេ ព្រោះបុគ្គលគ្រប់រូបតែចៀសមិនផុតពីការបង្កើតគ្រួសារនោះឡើយ ហើយបើក្រឡេកមើលពីតារាល្បីៗនៅហូលីវ៉ូដលំដាប់ពិភពលោកវិញ ក្រោយពេលប្រកាសមានគ្រួសារក៏នៅតែដណ្ដើមបានការគាំទ្រដែរ។ ដូច្នេះគេរំពឹងថា លោកជេមស៍ នៅតែរក្សាបានលំនឹងគាំទ្រ បន្ទាប់ពីហ៊ានបង្ហាញមុខភរិយានិងកូនៗក្រោយពេលលាក់លៀមជិត២០ឆ្នាំ៕