ក្រោយល្បីឈ្មោះនៅក្នុងពិភពកំប្លែង ហើយបានលែងលះប្ដី ក្លាយជាអ្នកមេម៉ាយចាយសម្រស់ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានប៉ះនឹងព្យុះព័ត៌មានថា បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយនាយពែកមី។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ ស្រាប់តែសែនព្រេនស្ងាត់ៗជាមួយតារាកំប្លែងរួមក្រុម គឺនាយកៃដ ជាគូអនាគត ខណៈដែលនាយកៃដ អះអាងថា នឹងគ្រោងរៀបការទ្រង់ទ្រាយធំនាពេលខាងមុខទៀត និងមិនគិតពីអតីតកាលរបស់ភរិយានោះទេ។
ស្ទើរតែមិនគួរឲ្យជឿ អ្នកនាងខ្ញុង ដែលល្បីថា ព្រមធ្វើប្រពន្ធទី២របស់ពែកមី និងប្រចណ្ឌហួងហែងពែកមី ខ្លាំងផងនោះ ស្រាប់តែសម្រេចចិត្តមកសែនព្រេនជាមួយនាយកៃដ ដែលជាតារាកំប្លែងរួមក្រុម កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដែលពេលនេះពួកគេបានក្លាយជាប្ដីប្រពន្ធកសាងសុភមង្គលរួមគ្នា ស្របពេលដែលនាយកៃដ បានលែងលះប្រពន្ធដើមដាច់ស្រេច។
នាយកៃដ បានសារភាពថា នាយនិងអ្នកនាងខ្ញុង ពិតជាបានសែនព្រេនមរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធមែន បន្ទាប់ពីបានពិសោធន៍ស្នេហ៍ជាង២ឆ្នាំ និងទិញផ្ទះរួមគ្នា។ នាយកៃដ អះអាងថា នាយស្រលាញ់អ្នកនាងខ្ញុង យ៉ាងពិតប្រាកដ ទើបសម្រេចចិត្តចាប់ដៃកសាងសុភមង្គលរួមគ្នា ហើយក៏មិនខ្វល់ពីរឿងអតីតកាលរបស់ភរិយាដែរ ពោលគឺនាយសម្រេចចិត្តសាងសុភមង្គលជាមួយអ្នកនាងខ្ញុង ដោយគិតពីបច្ចុប្បន្ននិងទៅអនាគត។ មិនត្រឹមតែនាយគ្រោងរៀបការជាទ្រង់ទ្រាយធំនាពេលខាងមុខទៀតផង។
នាយកៃដ បន្ថែមថា ”ពួកយើងកំពុងតែប្រឹងរកស៊ីសិន ខណៈដែលមានគម្រោងទៅសម្ដែងរួមគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗផងដែរ។ ដូច្នេះពេលត្រឡប់មកពីអាមេរិក អាចនឹងរៀបចំមង្គលការជាទ្រង់ទ្រាយធំដុំ”។
នាយកៃដ បញ្ជាក់ថា នាយបានជ្រះស្រឡះជាមួយប្រពន្ធដើមហើយ ហើយក្រោយពេលចងសម្ព័ន្ធស្នេហ៍ជាមួយអ្នកនាងខ្ញុង អាជីពសិល្បៈរបស់នាយកាន់តែស្ទុះឡើង មានទីផ្សារកាន់តែជោគជាំ ដែលអាចរកចំណូលបានយ៉ាងច្រើនគួរសម ហើយលោកបានបង្ហាញពីគោលជំហរថា នឹងថែរក្សាចំណងស្នេហ៍នេះជាអមតៈ៕