នៅក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំ របស់ឪពុកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះនៅផ្ទះម្ដុំរង្វង់មូលចោមចៅ តារារូបស្រស់កញ្ញាបេប៊ី បានថ្លែងឲ្យដឹងថា នាងពិតសោកស្ដាយដែលលោកឪពុករបស់នាងពុំបាននៅមើលឃើញពីភាពជោគជ័យរបស់នាងនៅលើវិថីសិល្បៈហើយនាងតែងតែរំជួលចិត្តស្រក់ទឹកភ្នែកនៅពេលនឹកដល់លោកឪពុកដែលបានចែកឋានទៅចោលនាងដោយសារដាច់សរសៃឈាមខួរក្បាល។
បេប៊ី បានថ្លែងឲ្យដឹងថា នៅក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធលោកជុំ អែម ដែលជាឪពុករបស់នាង នាងនឹងក្រុមគ្រួសារបានរៀបចំទៅតាមប្រពៃណីខ្មែរនិងបានអញ្ជើញភ្ញៀវចំនួន២០០នាក់(២០តុ)ដែលមានមិត្តភក្តិនៅក្នុងសិល្បៈខ្ទង់១០០នាក់ ហើយនេះពុំមែនជាពិធីបុណ្យចុងក្រោយសម្រាប់វិញ្ញាណក្ខ័ន្ធឪពុករបស់នាងនោះទេគឺនាងនិងក្រុមគ្រួសារនិងធ្វើជាបន្តបន្ទាប់ទៀត។
បេប៊ី បានថ្លែងឲ្យដឹងថានាងពិតជាអាឡោះអាល័យលោកឪពុកយ៉ាងក្រៃលែងជាពិសេសនៅពេលដែលអាជីពសិល្បៈរបស់នាងចាប់ផ្ដើមរីកចំរើនខ្លាំងនាពេលចុងក្រោយនេះ។បេប៊ី បន្ថែមថា”ខ្ញុំតែងតែស្រក់ទឹកភ្នែកនៅពេកនឹកដល់ប៉ា ហើយខ្ញុំតែងយំម្នាក់ឯង គឺខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលគាត់ពុំបាននៅមើលឃើញពីភាពជោគជ័យរបស់ខ្ញុំ”។
តារាឆោមស្រស់កំពុងឡើងកូដរូបនេះបានឲ្យដឹងដែរថា ឪពុករបស់នាងជាអ្នកជម្រុញនិងជ្រោមជ្រែងឲ្យនាងប្រឡូកនៅលើនាវាសិល្បៈគឺតែងតែផ្ដល់កម្លាំងចិត្តឲ្យនាង ចេះតស៊ូជំនៈរាល់ឧបសគ្គទាំងឡាយ ដែលអាចនិយាយបានថា នាងមានឈ្មោះបោះសំឡេងនៅក្នុងសង្គមសិល្បៈរហូតមកទល់ពេលនេះគឺដោយសារតែមានការជួយផ្ចុងផ្ដើមពីលោកឪពុកនិងរៀមច្បងមួយចំនួននៅក្នុងសិល្បៈ ក្នុងនោះលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ក៏ជាអ្នកជាជួយយិតយោងនាងដ៏សំខាន់ម្នាក់ផងដែរ។
ក្រៅពីការងារជាពិធីការិនីនៅក្នុងកម្មវិធីមួយចំនួនរបស់CTN បច្ចុប្បន្ននេះបេប៊ី ជាតារាភាពយន្ត តារាស្ពតពានិជ្ជកម្ម និងជាតារាចម្រៀងដែលមានបទចម្រៀងផ្ទាល់ខ្លួនផងដែរដែលនាងអាចរកចំណូលបានយ៉ាងច្រើនគួរសមខណៈដែលនាងជិះរថយន្តទំនើបនិងទើបទិញវិឡាតម្លៃខ្ទង់២០ម៉ឺនដុល្លារ នៅបុរីប៉េងហួតជាដើម។
បេប៊ី បានថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងពិធីបុណ្យខួប៣ឆ្នាំ ឪពុករបស់នាងនិងសូមឲ្យវិញ្ញាណក្ខ័ន្ធលោកឪពុករបស់នាងបានសោយសុខទៅកាន់សុគតិភព៕