កូនៗទាំង៣និងម្ដាយរបស់លោកអិុត សេដ្ឋា មានទឹកមុខរីករាយស្រស់ថ្លាជាខ្លាំង នៅពេលដែលភ្ញៀវអ្នកសិល្បៈ ពិសេសក្រុមតារាកំប្លែង CTN ជាច្រើនរូប បាននាំគ្នាសម្រុកទៅចូលរួមកម្មវិធីឡើងផ្ទះថ្មីរបស់ពួកគេដែលជាផ្ទះល្វែងស្អាតមួយជុង មានតម្លៃ៩២០០០ដុល្លារ។ គេឃើញមានតារាសិល្បៈដែលធ្លាប់តែរាប់អានគ្នាជាមួយអតីតពីធីករល្បីឈ្មោះ លោកអិុត សេដ្ឋា បានសម្ដែងការអបអរសារទរដល់កូនប្រុសស្រីលោត សេដ្ឋា និងម្ដាយរបស់លោកដែលឈរចាំទទួលភ្ញៀវទាំងភ្លៀងរលឹមស្រិចៗ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅពីមុខផ្ទះល្វែងដែលនៅក្នុងបុរីសម្បត្តិមាស ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកនាងយុគ ចិន្ដា ដែលជាអ្នកជិតដិតបំផុតជាមួយលោកអិុត សេដ្ឋា កាលគាត់នៅរស់នោះ ជាអ្នកខ្នះខ្នែងម្នាក់ដែលនាំឲ្យកូនប្រុសស្រីលោកអិុត សេដ្ឋា មានផ្ទះនៅពេលនេះ ព្រោះអ្នកនាងចិន្ដា បានប្រមូលថវិកា៤០៦១ដុល្លារ ពីសប្បុរសជននៅអាមេរិក មកជូនក្រុមគ្រូសារលោកអិុត សេដ្ឋា។
ពិធីការិនី CTN អ្នកនាងយុគ ចិន្ដា ដែលបណ្ដើរកូនស្រីស្អាតឈ្មោះយុគ ដាពេជ្រ (ហៅអម) ទៅចូលរួមនោះ បានថ្លែងដោយទឹកមុខរីករាយថា ”តាំងពីបានផ្ទះថ្មីនេះមក ក្រុមគ្រូសារលោកអិុតសេដ្ឋា មួយថ្ងៃៗ គាត់សប្បាយចិត្តណាស់ ហើយកម្មវិធីនេះ ខ្ញុំផ្ទាល់និងថ្នាក់ដឹកនាំរបស់ CTN ជាអ្នករៀបចំ ហើយយើងបានធ្វើ៣០តុ។ ក្រោយមានផ្ទះនេះហើយ យើងក៍នៅតែគិតគូរពីជីវភាពគាត់ក្នុងការចំណាយជាប្រចាំថ្ងៃដែរ បន្ទាប់ពីចំណាយលុយទិញផ្ទះនេះតម្លៃ៩២០០០ដុល្លារនោះ គឺយើងនៅសល់ថវិកាខ្លះសម្រាប់គាត់ផងដែរ។ កម្មវិធីនេះយើងហៅតារាប្រហែលជា២០តុ ហើយយើងនឹងយកថវិការភ្ញៀវដែលចូលរួមចំណាយលើកម្មវិធីនេះ។ ក្រៅពីទិញផ្ទះឲ្យគាត់ហើយនោះថវិកាដែលនៅសល់ យើងគ្រោងឲ្យគាត់ចាយវាយប្រចាំថ្ងៃ ក្នុង១ខែ ៣៥០ដុល្លារ។ ខ្ញុំគិតថា ការមានផ្ទះឲ្យកូនៗនិងម្ដាយគាត់នៅពេលនេះ គឺជាបំណងធំរបស់លោកអិុត សេដ្ឋា ដូចនេះខ្ញុំនិងថ្នាក់ដឹកនាំ CTN ទាំងអស់ រួមទាំងសប្បុរសជននានា គឺបានធ្វើនូវបំណងធំរបស់លោកសេដ្ឋាហើយ”។
ក្រៅពីមានតារាសិល្បះធ្លាប់រួមអាជីពជាមួយលោកអិុត សេដ្ឋា ទៅចូលរួមអបអរសាទរចំពោះផ្ទះថ្មីរបស់កូននិងម្ដាយលោកអិុត សេដ្ឋា នោះ ការឡើងផ្ទះនេះគឺផ្គួបជាមួយការធ្វើខួបកំណើតកូនប្រុសលោកអិុត សេដ្ឋា ឈ្មោះអិុត មនោរម្យ គម្រប់អាយុ១៦ឆ្នាំផងដែរ។
លោកសាយ រតនៈ ពិធីករ CTN ដែលធ្លាប់ទទួលបានប្រាក់ពីសប្បុរសជន២២០០ដុល្លារ ជូនគ្រួសារលោកអិុត សេដ្ឋា នោះ បានថ្លែងថា ”កាលបងអិុត សេដ្ឋា នៅរស់រានមានជីវិត គាត់អត់ចង់ឲ្យមហាជនដឹងពីជីវភាពរបស់គាត់ទេ ហើយធាតុពិតចំពោះការរាប់អានរវាងខ្ញុំនិងគាត់ ជិត១០ឆ្នាំចុងក្រោយនេះ គឺមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង។ រាល់ការជួយជ្រោមជ្រែងពីក្រុមការងារ CBS និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាលទ្ធផលជាក់ស្ដែងនៅថ្ងៃនេះ យើងធ្វើពីធីឡើងគេហដ្ឋានថ្មីផ្ទះនេះ ដែលបុរីលក់ឲ្ យគឺចំនួន៩២០០០ដុល្លារ តែដោយសារមានការយោគយល់ដល់ក្រុមគ្រូសារគាត់ ខាងបុរីគេបញ្ចុះតម្លៃ២០០០ដុល្លារ នៅសល់៩០០០០ដុល្លារគត់។ ផ្ទះនេះគ្រូសារគាត់មករស់នៅជាង១ខែហើយ។ ការទិញផ្ទះនេះបាន គឺយើងបានបូកប្រាក់មូលនិធិសរុបទាំងអស់ គឺ១២១០០០ដុល្លារ ហើយក្នុងនោះក៍មានចំណែកថវិកាដ៍ឧត្តុង្គឧត្តមពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ, លោកឧកញ៉ាគិត ម៉េង, លោកឧកញ៉ាគិត ធាង និងឯកឧត្តមមួយចំនួនផ្សេងទៀត រួមទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស”។
ចំណែកលោកសុវណ្ណ រិទ្ធី ហៅតាវិចទ័រ ជាអ្នកដឹកនាំក្រុមកំប្លែង CTN បានឲ្យដឹងដែរថា ”គេហដ្ឋានថ្មីរបស់គ្រួសារលោកអិុត សេដ្ឋា នេះ គឺកើតឡើងដោយសារកម្លាំងសាមគ្គីបងប្អូនអ្នកគាំទ្រខ្មែរយើងទាំងអស់គ្ នាដែលបានជួយបានផ្ទះដ៍ស្អាតនេះ ដើម្បីឲ្យកូនដ៍កម្សត់របស់គាត់។លោកឧកញ៉ាគិត ម៉េង , លោកឧកញ៉ាគិត ធាង គាត់បានយកចិត្តទុកដាក់ខ្លាំងណាស់ដល់ក្រុមគ្រួសារលោកអិុត សេដ្ឋា គឺតាំងពីថ្ងៃដែលលោកសេដ្ឋា ស្លាប់ និងរហូតមកដល់ពេលនេះ”។
លោកអិុត សេដ្ឋា បានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយជំងឺមហារីកថ្លើមដោយបន្សល់នូវកូន៣នាក់ គឺកូនស្រីច្បង ឈ្មោះអិុត សុវណ្ណវចនា អាយុ១៧ឆ្នាំ, កូនប្រុសទី២ ឈ្មោះអិុត មនោរម្យ អាយុ១៦ឆ្នាំ និងកូនស្រីពៅ ឈ្មោះអិុត សុវណ្ណឆដា អាយុ១០ឆ្នាំ។ ការបាត់បង់លោកអិុត សេដ្ឋា បានធ្វើឲ្យទស្សនិកជននិងអ្នកសិល្បៈជាច្រើនបានសម្ដែងការអាណិតអាសូរចំពោះលោក ព្រោះថាមួយជីវិតលោកសេដ្ឋា គឺធ្វើជាអ្នកអត្ថាធិប្បាយរហូតដល់ថ្ងៃស្លាប់ តែលោកសេដ្ឋា មិនមានផ្ទះផ្ទាល់ខ្លួនឡើយ គឺតាំងពីលែងលះភរិយានៅអូស្រ្ដាលី មក លោកសេដ្ឋា បានរស់នៅផ្ទះជួលរហូតទើបកាលនៅរស់ លោកមានបំណងមួយ គឺចង់បានផ្ទះផ្ទាល់ខ្លួនឲ្យកូននិងម្ដាយលោករស់នៅ កុំឲ្យពិបាកជួលផ្ទះទៀត។
អ្នកស្រីយឹម សំអឿន អាយុ៧៥ឆ្នាំ ត្រូវជាម្ដាយរបស់លោកអិុត សេដ្ឋា និយាយទាំងរីករាយលាយក្រៀមក្រំថា ”មុនឡើងផ្ទះថ្មីនេះ១យប់ ខ្ញុំយល់សប្តិឃើញកូន (អិុត សេដ្ឋា) មកយំឱបខ្ញុំ តែ២នាក់ម៉ែនិងកូន។ ខ្ញុំគិតថា កូនខ្ញុំទៅបានសុខហើយ ព្រោះពេលនេះកូនៗគេនិងខ្ញុំជាម្ដាយគេ មានផ្ទះនៅហើយ ដែលជាបំណងកូនចង់បាន។ ខ្ញុំមានតែម្រាបដៃដប់ទេ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយជ្រោមជ្រែងឲ្យខ្ញុំនិងចៅ មានផ្ទះនេះរស់នៅ និងសូមឲ្យពួកគាត់រកស៊ីមានបាន”៕