Thursday, November 28, 2024
Homeតារាខ្មែរហ្វេសប៊ុកសាន ស្រីឡៃ បង្ហោះសារមួយឃ្លាថា "ទំនេរៗ នឹកដល់នារីកម្សត់ម្នាក់នេះផង" ខណៈប្អូនស្រីពៅ ចង់ក្លាយជាតារាចម្រៀងបន្ត

ហ្វេសប៊ុកសាន ស្រីឡៃ បង្ហោះសារមួយឃ្លាថា “ទំនេរៗ នឹកដល់នារីកម្សត់ម្នាក់នេះផង” ខណៈប្អូនស្រីពៅ ចង់ក្លាយជាតារាចម្រៀងបន្ត

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានប្រទះឃើញនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង សាន ស្រីឡៃ ដែលត្រូវស្វាមីបាញ់សម្លាប់តាំងពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ហើយបើគិតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ មានរយៈពេល១៥ថ្ងៃទៅហើយ ស្រាប់តែនៅសុខៗទំព័រហ្វេសប៊ុករបស់សាន ស្រីឡៃ បែរជាបង្ហោះសារមួយបង្ហាញពីបំណងចង់ឱ្យមហាជននឹកនា និងចងចាំរូបនាង (សាន ស្រីឡៃ) ទុកក្នុងបេះដូងផង។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ San SreyLai ដែលគេដឹងថាជារបស់តារាចម្រៀង សាន ស្រីឡៃ បានប្រើប្រាស់ផ្ទល្ទា់ខ្លួន កាលពីពេលដែលនាងនៅមានជីវិត បានបង្ហោះសារខ្លីមួយួ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ថា “ទំនេរៗ នឹកដល់នារីដ៏កម្សត់ម្នាក់នេះផង បានអត់ សូមចុចស៊ែរម្នាក់មួយទៅ ដើម្បីចងចាំរូបនារីម្នាក់នេះទុកក្នុងបេះដូងកូនខ្មែរផង…”។

ទាក់ទងទៅនឹងការបង្ហោះសារមួយឃ្លាខ្លីខាងលើនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិសេសអ្នកគាំទ្រ សាន ស្រីឡៃ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនឹកឆ្ងល់ថា ហេតុអ្វី សាន ស្រីឡៃ ស្លាប់ទៅអស់រយៈ ពេល១៥ថ្ងៃទៅហើយ បែរជាមានការបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់នាងទៅវិញ។ យ៉ាងណា ក្រោយត្រូវស្វាមីបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅរួចមក ទំព័រហ្វេសប៊ុករបស់សាន ស្រីឡៃ នៅតែដំណើរការ ដែលទំនងជាប្អូនស្រីរបស់នាង ជាអ្នកប្រើបន្ត និងបង្ហោះសារ ព្រមទាំងរូបភាព និងវីដេអូចម្រៀងរបស់សាន ស្រីឡៃ ជាច្រើន ជាការបង្ហាញពីការនឹករលឹកដល់បងស្រីជាទីស្រលាញ់ ព្រមទាំងចង់ឱ្យមហាជននឹកនា និងចងចាំរូបបងស្រីរបស់នាងម្នាក់នេះ ទុកក្នុងបេះដូងផង។

ដោយឡែក ប្អូនស្រីពៅរបស់សាន ស្រីឡៃ ម្នាក់ ឈ្មោះសាន ម៉ីនាង ទើបនឹងមានអាយុ១០ឆ្នាំ បាននឹងកំពុងធ្វើឱ្យមហាជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍ជាមួយនឹងសម្តីសំដៅកាយវិការក្រមិចក្រមើម ព្រមទាំងទឹកដមសំឡេងដែលនាងបានបកស្រាយចម្រៀងចំនួន២បទ តាមបណ្តាញសង្គមហ្វេសប៊ុក គឺបទ “កូនក្រមុំអ្នកនេសាទ” និងបទ “ស្ទឹងសែនប៉ារីស” ដោយធ្វើឱ្យមានការកោតសរសើរថា ប្អូនពៅរបស់សាន ស្រីឡៃ រូបនេះ មានទឹកដមសំឡេងមិនធម្មតា ពីរោះមិនចាញ់បងស្រីឡើយ។

តាមរយៈការ Live Video របស់កំពូលតារាចម្រៀង ពេជ្រ សោភា ដែលជាអតីតគ្រូបង្វឹកផ្ទាល់របស់សាន ស្រីឡៃ គេឃើញមុខមាត់របស់ប្អូនស្រីពៅរបស់សាន ស្រីឡៃ ដែលមានឈ្មោះសាន ម៉ីនាង ពិតជាក្មេងស្រីដ៏ស្រស់ស្អាត និងមានសម្តីហូរដូចទឹក ព្រមទាំងមានកាយវិការរួសរាយ ពូកែលេងសើច មិនខុសពីបងស្រីរបស់នាងប៉ុន្មានឡើយ។

ក្នុងនោះនាងតូច សាន ម៉ីនាង បានអះអាងថា ចំណូលចិត្តទៅថ្ងៃអនាគតរបស់នាង ក្រៅពីខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ហើយនោះ នាងក៏ចង់ចូលសិល្បៈដូចបងស្រីបង្កើតដែរ ព្រោះនាងចូលចិត្ត និងចង់រកចំណូល សម្រាប់ជួយក្រុមគ្រួសារ។ ក្រៅពីចង់ក្លាយជាតារាចម្រៀងដ៏ល្បី នាងតូច ម៉ីនាង ក៏ចង់ធ្វើជាតារាសម្តែងផងដែរ ហើយនាងតូចក៏បានបង្ហាញទេពកោសល្យការសម្តែងរបស់នាងតាមរយៈ ការ Live Video នោះផងដែរ។

សាន ស្រីឡៃ និងកូនប្រុសទាំង២

ជាចុងក្រោយនាងតូច សាន ម៉ីនាង ក៏បានលើកដៃសំពះអំពាវនាវថា នាងអាចទទួលថតបានគ្រប់យ៉ាង ដូចជា ផ្សាយពាណិជ្ជកម្ម MV ឬថតរឿងជាដើម នាងអាចធ្វើបានគ្រប់យ៉ាង សូមបងៗជួយហៅនាងថតផង ព្រោះនាងចង់បានលុយទៅរៀន និងជួយផ្គត់ផ្គង់គ្រួសារ។ ដូច្នេះបើសិនជាបណ្តាក្រុមហ៊ុន ឬផលិតកម្មណាអាចផ្តល់ឱកាសឱ្យនាងថត សូមធ្វើការទាក់ទងទៅលេខទូរស័ព្ទ ០១៥ ៩០០ ០០៩។

សូមរំលឹកថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាស នោះ ត្រូវបានបុរសជាស្វាមីបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាស្វាមីបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកនូវកូនប្រុសតូចៗ ចំនួន២នាក់ រស់នៅកំព្រាឯកាគ្មានទីពឹង៕

ប្អូនស្រីពៅ សាន ស្រីឡៃ ឈ្មោះ សាន មុីណាង
RELATED ARTICLES