Friday, September 20, 2024
Homeតារាខ្មែរពេជ្រ សោភា និងគូស្នេហ៍ រួមគ្នាធ្វើ Original Song បំបែកទីផ្សារ

ពេជ្រ សោភា និងគូស្នេហ៍ រួមគ្នាធ្វើ Original Song បំបែកទីផ្សារ

រហូតមកទល់ពេលនេះ បើទោះបីមជ្ឈដ្ឋានជាច្រើន រួមទាំងអ្នកសិល្បៈផងនៅតែគិតថា ទំនាក់ទំនងរវាងអ្នកនាងពេជ្រ សោភា ជាមួយលោកឆឹម សក្កដា ជាស្នេហាក្លែងក្លាយក្ដី ពួកគេនៅតែបង្ហាញសកម្មភាពផ្អែមល្ហែមដូចគូស្នេហ៍ ស្របពេលដែលលោកសក្កដា បង្ហើបថា លោកចង់ច្រៀងឆ្លងឆ្លើយជាមួយម្ចាស់ស្នេហ៍ដើម្បីបំបែកទីផ្សារ។

ចាប់តាំងពីអ្នកនាងពេជ្រ សោភា ប្រកាសថា រវាងអ្នកនាងជាមួយលោកសក្កដា ពិសោធន៍ចិត្តគ្នាជាគូស្នេហ៍មក គេសង្កេតឃើញទីផ្សារសិល្បៈរបស់សក្កដា បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ទាំងផ្នែកសម្ដែងនិងចម្រៀង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេឃើញលោកសក្កដា ឧស្សាហ៍លេចមុខច្រៀងរួមគ្នាជាមួយអ្នកនាងពេជ្រ សោភា​ នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់។

លោកសក្កដា បានថ្លែងឲ្យដឹងថ្មីៗនេះថា លោកមិនខ្វល់រឿងគេគិតថា រវាងរូបលោកជាមួយអ្នកនាងពេជ្រ សោភា ជាស្នេហាពិតឬក្លែងក្លាយនោះទេ អ្វីដែលសំខាន់ ពេលនេះទំនាក់ទំនងរវាងរូបលោកជាមួយអ្នកនាងពេជ្រ សោភា កាន់តែផ្អែមល្ហែមស្អិតល្មួតទ្វេឡើង គឺកាន់តែយល់ចិត្តគ្នាបានច្បាស់។ ប៉ុន្តែយ៉ាងណា លោកនិងតារាចម្រៀងល្បីឈ្មោះ អ្នកនាងពេជ្រ សោភា មិនទាន់នឹកគិតដល់រឿងរៀបការនោះទេ។ លោកថា លោកត្រូវការពេលវាលាពិសោធន៍ចិត្តម្ចាស់ស្នេហ៍បន្តទៀតសិន នៅមុនពេលក្រាបផ្ទឹម។ ត្បិតអីលោកមិនចង់ជួបរឿងប្រេះឆាក្រោយពេលចូលនឹមអាពាហ៍ពិពាហ៍នោះទេ។

លោកសក្កដា បានទទួលស្គាល់ថា ក្រោយពេលចងសម្ព័ន្ធស្នេហ៍ជាមួយអ្នកនាងពេជ្រ សោភា អាជីពសិល្បៈរបស់លោកពិតជាស្ទុះឡើងល្អប្រសើរជាងមុនមែន។ ប៉ុន្តែទន្ទឹមនោះ លោកក៏ចង់ចាប់ដៃគូច្រៀងជាមួយបណ្ដូលចិត្ត ដើម្បីទាញសំឡេងគាំទ្រផងដែរ ខណៈដែលអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេចេញបទចម្រៀងឆ្លងឆ្លើយរួមគ្នា។ លោកថា បើហង្សមាស បើកភ្លើងខៀវ លោកនឹងអ្នកនាងពេជ្រ សោភា និងធ្វើបទ Original song បំបែកទីផ្សារ ហើយលោករំពឹងថា នឹងដណ្ដើមបានការគាំទ្រខ្លាំងទៀតផង។

លោកសក្កដា បន្ថែមថា ចាប់តាំងពីសម្ដែងឈុតខារ៉ាអូខេ ថតភាពយន្ត និងចាប់ដៃគូច្រៀងជាមួយអ្នកនាងសោភា តាមកម្មវិធីមួយចំនួនកន្លងមកនេះ គឺស៊ីចង្វាក់គ្នាល្អ និងទទួលបានគាំទ្រគួរឲ្យកត់សម្គាល់ ដូច្នេះបើបានចេញបទស្នាដៃថ្មីរួមគ្នារួមគ្នាទៀតនោះច្បាស់ជាជួយឲ្យទីផ្សារសិល្បៈរបស់លោកកាន់តែស្ទុះឡើងបន្ថែមទៀត៕

RELATED ARTICLES