Friday, September 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ប្រកាសក្តែងៗថា រៀបការឆ្នាំក្រោយ មិនឲ្យផុតអាយុ៣១

ឱក សុគន្ធកញ្ញា ប្រកាសក្តែងៗថា រៀបការឆ្នាំក្រោយ មិនឲ្យផុតអាយុ៣១

ភ្នំពេញ ៖ តារាចម្រៀងឱក សុគន្ធកញ្ញា បានប្រកាសថា នាងនឹងចូលរោងការនៅឆ្នាំ២០១៨ ខាងមុខនេះហើយ គឺមិនឱ្យផុតពីអាយុ៣១ឆ្នាំឡើយ ព្រោះថា ពេលនេះនាងមានអាយុ៣០ឆ្នាំហើយ។

ឱក សុគន្ធកញ្ញា បានប្រកាសបែបនេះ នៅពេលនាងចូលរួមក្នុពិធីសម្ពោធក្រុមហ៊ុន ELECTROLUX នៅសណ្ឋាគារហ៊ិម៉ាវ៉ារី កាលពីពេលថ្មីៗនេះ ខណៈដែលនាងបានជជែកជាមួយពិធីការិនី ខៀវ សានសាណា ពីរឿងគូស្រករ ហើយសុគន្ធកញ្ញា ក៏បានសារភាពថា នាងមិនចង់នៅព្រៅយូរទៀតឡើយ គឺចង់រៀបការនៅឆ្នាំក្រោយ២០១៨ កុំឱ្យផុតពីអាយុ៣១ឆ្នាំ។

ការថ្លែងរបស់ឱក សុគន្ធកញ្ញា នៅពេលនោះ ធ្វើឱ្យភ្ញៀវជាច្រើនបានសាទរចំពោះនាង រួមទាំងពិធីការិនីខៀវ សានសាណា ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏សុគន្ធកញ្ញា មិនបានប្រាប់ថា បុរសដែលនាងត្រូវដឹកដៃក្រាបផ្ទឹមជាមួយនៅឆ្នាំ២០១៨នោះ គឺជាអ្នកណាដែរ គឺនាងគ្រាន់តែបង្ហាញអារម្មណ៍ពិតថា មិនចង់ទុកភាពនៅលីវឱ្យអូសបន្លាយទៀតឡើយ។

ទោះជាឱក សុគន្ធកញ្ញា មិនហ៊ាននិយាយប្រាប់គេថា កូនកំលោះរបស់នាង គឺជាបុរសមួយណាក៏ដោយ តែការសារភាពចង់លាភាពក្រមុំរបស់អ្នកចម្រៀងល្បីល្បាញរូបនេះ គឺចំពេលដែលដំណឹងស្នេហារបស់នាងកំពុងតែល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជន រឿងដែលបែកធ្លាយថា សុគន្ធកញ្ញា កំពុងបង្កាត់ភ្លើងស្នេហាជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនរបស់ថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង ឆៃងួន នោះដោយអ្នកចម្រៀងល្បី និងអ្នកដឹកនាំកម្មវិធីល្បីរូបនេះបានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៦ឆ្នាំមកហើយនោះ។

លោកអឹុង សុខលី

ទស្សនិកជនជាច្រើនបាននិយាយថា ការបង្ហើបរឿងរៀបការរបស់តារាចម្រៀងឱក សុគន្ធកញ្ញា នេះជាការឆ្លើយតបទៅនឹងរឿងដែលអ្នកគាំទ្រនាងកំពុងតែនាំគ្នាជជែកថា តើចំណងស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី អាចនឹងឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍បានដែរឬទេ? ព្រោះកន្លងមក ក្រុមគ្រួសារអ្នកជំនួញរូបនេះមិនដែលមានអ្នកណាម្នាក់បានភ្ជាប់សាច់ឈាមជាមួយតារាសិល្បៈណាឡើយ។

អ្នកខ្លះទៀតបានលើកឡើងថា សុគន្ធកញ្ញា ពេលនេះកំពុងឡើងកូដខ្លាំង ដោយវ៉ាដាច់គេ ក្នុងចំណោមតារាស្រីរបស់ផលិតកម្មរស្មីហង្សមាស ហើយប្រាក់ចំណូលតារារូបនេះជាមធ្យម គឺយ៉ាងហោចណាស់ក៏រកបាន៣ម៉ឺនដុល្លារដែរ ក្នុង១ខែនេះ មិនគិតលើស្ពតពាណិជ្ជកម្មផ្សេងៗឡើយ ហេតុនេះហើយប្រសិនបើសុគន្ធកញ្ញា ចង់ប្រថុយរៀបការនៅពេលនេះ ហើយបើធ្លាក់កូដដូចតារាមួយចំនួន ដែលមានប្តីនោះ ច្បាស់ជាសុគន្ធកញ្ញា មានការស្តាយក្រោយជាមិនខាន។ ហេតុនេះហើយ គេជឿថា នាងនឹងមិនហ៊ានរៀបការឡើយ។ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ គឺសុគន្ធកញ្ញា បានប្រកាសចង់រៀបការមិនឱ្យផុតពីវ័យ៣១ឆ្នាំឡើយ ពោលគឺនៅឆ្នាំ២០១៨ នេះតែម្តង។

លោករ៉េតធី ដូណា ជាមួយឱក សុគន្ធកញ្ញា និងបងប្អូនរបស់នាង

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានផ្តាច់ស្នេហ៍ពីសង្សារចាស់ លោកតន្ត្រីកររ៉េតធី ដូណា កាលពីឆ្នាំ២០១១ បន្ទាប់ពីពួកគេបានផ្អែមល្ហែមជាង៦ឆ្នាំ ហើយសុគន្ធកញ្ញា ក៏មិនទុកបេះដូងឱ្យនៅទំនេរឡើយ គឺបានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនប្រុសអ្នកជំនួញធំ លោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស។ ចំណងស្នេហ៍សុគន្ធកញ្ញា ជាង៦ឆ្នាំ ដោយមិនដែលបណ្តើរគ្នាជាចំហម្តងណានោះ ត្រូវបានអ្នកខ្លះសម្តែងការអបអរសាទរ និងខ្លះទៀតមានការរិះគន់ទៅលើតារារូបនេះ ព្រោះថា លោកសុខលី គឺជាមិត្តភក្តិរបស់លោកដូណា អីចឹងហើយបានជាអ្នកខ្លះបានពេបជ្រាយទៅលើសុគន្ធកញ្ញា ថា “ចោលសង្សារ ទៅយកពួកម៉ាកសង្សារ”។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនបានសម្តែងការគាំទ្រចំពោះឱក សុគន្ធកញ្ញា ផងដែរ ព្រោះថានាង ជាអ្នកចម្រៀងល្បី ពិតជាស័ក្តិសមជាមួយអ្នកដឹកនាំផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះ លោកសុខលី នោះណាស់ ហើយម៉្យាងទៀតពេលនេះ អ្នកទាំង២ ក៏គ្មានទំនាក់ទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងទៀតដែរ បើទោះជាមុននេះលេចឮថា លោកសុខលី ធ្លាប់ប្រេះឆាជាមួយតារាស្រីស្អាត៥នាក់មកហើយ និងអ្នកខ្លះទៀតថា សុគន្ធកញ្ញា ជាសង្សារទី៦របស់បុរសខ្ពស់ស្រឡះនោះក៏ដោយ។

ប្រភពបានឱ្យដឹងថា ឱក សុគនកញ្ញា បានភ្ជាប់ពាក្យស្ងាត់ជាមួយលោកអ៊ឹង សុខលី តាំងពីដើមឆ្នាំ២០១៧ម៉្លេះ ហើយពេលនេះ អ្នកទាំង២បានទិញវីឡាទ្រនំស្នេហ៍ តម្លៃ២៤ម៉ឺនដុល្លារ នៅបុរីចតុមុខ។ ប៉ុន្តែដំណឹងនេះធ្លាប់ត្រូវបានអ្នកស្រីអ៊ិន ថាច ម្តាយឱក សុគន្ធកញ្ញា និងលោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស ឆ្លើយថា មិនបានដឹងរឿងឡើយ។

តាមរយៈការលេចមុខក្នុងកម្មវិធីរបស់ក្រុមហ៊ុន Electrolux នោះ ឱក សុគន្ធកញ្ញា ត្រូវបានបង្ហើបថា នាងមានតម្លៃខ្លួនច្រៀង១កម្មវិធីនោះ ស៊ីថ្លៃមិនក្រោម៣ពាន់ដុល្លារឡើយ ហើយទាំងសុគន្ធកញ្ញា និងខៀវ សានសាណា ក៏បានផ្សព្វផ្សាយពីផលិតផលរបស់ Electrolux ដែរ ដោយអះអាងថា សម្រាប់ព្រឹត្តិការណ៍សម្ពោធផលិតផលរបស់ក្រុមហ៊ុន Electrolux នេះ ក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ដែលបានក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ខេហ្វ័រ (KFour)ដែលជាអ្នកចែកចាយសម្ភារៈអេឡិចត្រនិកដ៏ល្បីនិងឈានមុខគេ។

គួរបញ្ជាក់ថា ការប្រកាសចង់គ្រងឈុតកូនក្រមុំមែនទែនរបស់អ្នកចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា នៅពេលនេះ គឺចំពេលដែលតារាស្រីរួមដំបូលជាមួយនាង គឺសុគន្ធ និសា នឹងដឹកដៃសង្សារអាណិកជនខ្មែរនៅអាមេរិក លោកសាំបា ចូលរោងការនៅថ្ងៃទី០១ ខែធ្នូ ២០១៧ នេះហើយ ដែលកម្មវិធីជប់លៀងធំ នឹងប្រារឰនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ។ សុគន្ធកញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលសុគន្ធ និសា ហ៊ានរៀបការដោយមិនខ្លាចធ្លាក់កូដនេះ ទើបនាងសម្រេចចិត្តរៀបការនៅឆ្នាំ២០១៨ ដែរហើយគេជឿថា មង្គលការរបស់សុគន្ធកញ្ញា នឹងរៀបចំនៅសណ្ឋាគារប្រណីតជាងសុគន្ធ និសា ជាមិនខានឡើយ ដើម្បីឱ្យស័ក្តិសមទៅនិងកេរ្តិ៍ឈ្មោះរបស់នាង ដែលកំពុងតែល្បីរន្ទឺទាំងស្នេហានិងចម្រៀងព្រមគ្នានៅពេលនេះ៕

RELATED ARTICLES