Friday, September 20, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ដឹកដៃពេជ្រ ថៃ រកលុយរាប់ពាន់ដុល្លារ ថ្ងៃបុណ្យអុំទូក​

ព្រាប សុវត្ថិ ដឹកដៃពេជ្រ ថៃ រកលុយរាប់ពាន់ដុល្លារ ថ្ងៃបុណ្យអុំទូក​

បើទោះជាមានភាពចម្រូងចម្រាសក្នុងការលើកពាន “The Voice Kids Cambodia” នៅរដូវកាលទី១ ដោយសារតែមានការរិះគន់ច្រើនជាងគាំទ្រទៅលើពេជ្រ ថៃ ក្រោយក្លាយទៅជាម្ចាស់ពាននេះភ្លាមមែន តែពេលនេះ កុមាពេជ្រ ថៃ ចាប់ផ្ដើមចេញរកប្រាក់ចំណូលធំពីអាជីពចម្រៀងតាមឆាកតន្ដ្រីជាលើកដំបូង ហើយដែលចាប់ផ្ដើមនៅថ្ងៃបើកឆាកបុណ្យអុំទូកនៅថ្ងៃទី២, ៣, ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយកវីតូចពេជ្រ ថៃ រូបនេះ ត្រូវប៉ះសិស្សច្បងរបស់ខ្លួនលើឆាកតន្ដ្រីតែមួយ ដូចជាលោកព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ និងទេព បូព្រឹក្ស ជាដើម នៅលើឆាកតន្រ្ដីភេសជ្ជៈ Carabao ។

បើតាមអ្នករៀបចំកម្មវិធីប្រគំតន្ដ្រីបានឲ្យដឹងថា ពេជ្រ ថៃ ហាក់មិនមានការភ័យខ្លាចចំពោះការឡើងច្រៀង Concert ធំៗនោះទេ បើទោះជាមានមនុស្សរាប់ពាន់នាក់នៅចំពោះមុខក្ដី តែថៃ បានទទួលការបណ្ដុះបណ្ដាលច្រើនពីលោកព្រាប សុវត្ថិ អំឡុងពេលដែលប្រលងចម្រៀងនោះ ហេតុនេះហើយធ្វើឲ្យកុមារតូចល្អិតរូបនេះ កាន់តែក្លាហានជាងមុនថែមទៀតផង។ ប៉ុន្ដែអ្នកកាន់ការប្រគំតន្ដ្រីនៅក្រោយឆាកបានឲ្យដឹងថា ពេជ្រ ថៃ មិនទាន់មានបទចម្រៀងរបស់ខ្លួនចេញជាផ្លូវការទេ ហេតុនេះហើយរូបគេគឺត្រូវតែច្រៀងបទដែលល្បីៗរបស់រៀមច្បង អំឡុងពេលដែលគេប្រលងនោះឡើងវិញសិន អីចឹងបទដែលគេធ្លាប់ច្រៀងហើយនោះ នឹងមិនមានការបារម្ភច្រើនសម្រាប់កម្មវិធីផ្សាយផ្ទាល់នោះឡើយ។

ពេជ្រ ថៃ បានក្លាយទៅជាម្ចាស់ពានប្រលងចម្រៀង “The Voice kids Cambodia” នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៤ ខែតុលា ដោយទទួលបានទឹកប្រាក់រង្វាន់សរុបជាង៣ម៉ឺនដុល្លារ។ ការកាន់ពានបានដូចបំណងរបស់កុមារពេជ្រ ថៃ នេះ នាំឲ្យបេក្ខភាពកុមារ៥រូបផ្សេងទៀត ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែរនោះ បានខ្ទាតចេញអស់ទាំងខកចិត្ត មានដូចជា កុមារាឡុង លីគ័ង្គ , កុមារីសុខ សុជាតា, កុមារីរ៉ន ចាន់ឌីន, កុមារីឃុយ មីហៀង និងកុមារីណូ ឈួស៊ីវហេង ។ ភ្លាមៗនេះមានប្រតិកម្មជាច្រើនពីមហាជនដែលជាអ្នកលេងបណ្ដាញសង្គម Facebook ព្រោះតែពួកគេបានបញ្ចេញទស្សនៈថា ក្នុងចំណោមបេក្ខភាពទាំង៦រូប ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រនោះ គឺមានតែពេជ្រ ថៃ ទេ ដែលមានសមត្ថភាពទាបជាងគេ តែបែរជាហង្សមាស ប្រគល់ពានឲ្យពេជ្រ ថៃ ទៅវិញ។ តែការរិះគន់ទាំងនេះត្រូវបានហង្សមាស និងគ្រូបង្វឹកពេជ្រ ថៃ គឺលោកព្រាប សុវត្ថិ អះអាងថា ការដែលពេជ្រ ថៃ ក្លាយទៅជាម្ចាស់ជ័យលាភី “The Voice Kids Cambodia” នោះ ព្រោះតែរូបគេទទួលបានការបោះឆ្នោតច្រើនជាងបេក្ខភាព៥រូបផ្សេងដទៃទៀត។

ទស្សនិកជនមិនទាន់ហ៊ានព្យាករណ៍ទៅលើពេជ្រ ថៃ ថាល្បីបានកម្រិតណានៅទ្រនំហង្សមាស ឡើយ ព្រោះបទចម្រៀងផ្ទាល់ខ្លួនគេមិនទាន់ចេញ តែយ៉ាងណា កន្លងមកហង្សមាស ក៏ខកចិត្តដែរនៅពេលដែលម្ចាស់ពាន “Cambodia’s Got talent” រដូវកាលទី១ យឿន ពិសី ល្បីបានតែមួយប្រាវ ក៏បាត់ឈឹងវិញ ខណៈដែលម្ចាស់ពាន “The Voice Cambodia” រដូវកាលទី១ ប៊ុត សីហា ដែលមានសំឡេងខ្លាំងជាងតារាម្ចាស់ពានដែលហង្សមាស បានជ្រើសទាំងអស់នោះ ស្រាប់តែពេលនេះក៏បាត់មុខលោកសីហា ផងដែរ ហើយតាមព័ត៌មានចុងក្រោយថា តារាចម្រៀងហង្សមាស រូបនេះ បានឡើងទៅសម្ងំធ្វើសមាធិនៅលើកំពូលភ្នំមួយនៅខេត្តកំពង់ស្ពឺ ដោយមិនព្រមចុះមកវិញឡើយ។

មហាជនរង់ចាំមើលថា តើលោកព្រាប សុវត្ថិ ដែលធ្លាប់ជោគជ័យខ្លាំងជាមួយអាជីពចម្រៀងជាង២ទសវត្សន៍ ហើយរកប្រាក់ចំណូលបានរាប់លានដុល្លារ ដែលពេលនេះមានវីឡានិងរថយន្ដទំនើប តម្លៃរាប់សិបម៉ឺនដុល្លារ មិនចាញ់សេដ្ឋី ឬឧកញ៉ានោះ អាចនឹងនាំពេជ្រ ថៃ ដែលជាកូនក្រុមរបស់ខ្លួនឲ្យបានលើកពាននេះល្បីឈ្មោះក្នុងអាជីពចម្រៀងនៅទ្រនំធំនេះបានដែរឬទេ? ខណៈដែលកន្លងមក មជ្ឈដ្ឋានមហាជននិយាយថា ពេជ្រ ថៃ មានទឹកដមសំឡេងសាមញ្ញធម្មតា ដូចកូនក្មេងដទៃទៀតដែរ តែបើគេទៅចូលធ្វើជាអ្នកកំប្លែង នឹងល្បីឈ្មោះជាងនេះមិនខាន។

តាមអ្នករៀបចំកម្មវិធីប្រគំតន្ដ្រីបានឲ្យដឹងថា គ្រាន់តែក្លាយទៅជាម្ចាស់ពាន “The Voice Kids Cambodia” ភ្លាម ពេលនេះ ពេជ្រ​ ថៃ មានតម្លៃខ្លួនច្រៀង Concert ធំៗ គឺមិនក្រោម៥០០ដុល្លារឡើយ។ តែពេជ្រ ថៃ មិនសូវត្រូវប៉ាន់ដូចតារាចម្រៀងម្ចាស់ពានដទៃទៀត ក្នុងឈុតធំជ្រើសចេញពីកម្មវិធី “The Voice Cambodia” និង “Cambodian Idol” ឡើយ ហេតុនេះហើយទើបគេមានការបារម្ភថា ខ្លាចតែកវីតូចដែលល្បីឈ្មោះក្រោយច្រៀងបទលោកតាស៊ីនស៊ីសាមុត ”បាត់ដំបងបណ្ដូលចិត្ត” រូបនេះល្បីបានតែមួយប្រាវ ក៏បាត់ស្រមោលទៅវិញដូចយឿន ពិសី ដែរ ព្រោះតាមសមត្ថភាពពេជ្រ ថៃ ទោះជាលោកព្រាប សុវត្ថិ ប្រឹងផ្ដល់កូនសោរឲ្យច្រៀងយ៉ាងណា ក៏មិនអាចប្រែប្រួលជាងនេះដែរ។

លោកវណ្ណា​ អ្នកគ្រប់គ្រងកម្មវិធី “The Voice Kids Cambodia” មិនអាចសុំការបញ្ជាក់ពីតម្លៃខ្លួន និងបទចម្រៀងរបស់ពេជ្រ ថៃ ចេញនៅពេលណាទេ កាលពីថ្ងៃម្សិលមិញនេះ ព្រោះទូរស័ព្ទចូល លោកថា ស្ដាប់មិនសូវច្បាស់ ព្រោះកំពុងសមចម្រៀង។

យ៉ាងណា តាមការអះអាងរបស់ពេជ្រ ថៃ មុននេះលើកញ្ចាក់ទូរទស្សន៍ហង្សមាស បានឲ្យដឹងថា តាំងពីរូបគេចូលប្រលងចម្រៀងនៅហង្សមាស នេះ បានធ្វើឲ្យឪពុកម្ដាយគេដែលទៅធ្វើជាពលករនៅប្រទេសថៃតាំងពីខ្លួនគេនៅក្រហមនោះ ពេលនេះប៉ាម៉ាក់គេបានត្រឡប់មករស់នៅស្រុកខ្មែរ ជុំគ្នាជាមួយគេវិញហើយ ដែលនេះបញ្ជាក់ថា ពេជ្រ ថៃ បានប្រាក់ចំណូលពីពានរង្វាន់ប្រលងចម្រៀងនោះ អាចឲ្យគ្រួសារគេបង្កើតមុខរបរមួយក្នុងស្រុក ឈប់ទៅស៊ីឈ្នួលគេនៅប្រទេសថៃទៀត៕​

RELATED ARTICLES