ភ្នំពេញ ៖ តារាសម្តែងមុខកាច លោកពៅ គីសាន់ ហៅនាយឆើយ បានស្នើដល់ផលិតករ និងអ្នកដឹកនាំរឿង ព្រមទាំងអ្នកផលិតកម្មវិធីទូរទស្សន៍ទូទៅ គួរកុំមើលរំលងតួចាស់ពីមុន ដែលសព្វថ្ងៃកំពុងមានវ័យជ្រេមិនសូវមានកម្លាំង និងមិនអាចធ្វើការងារអ្វីផ្សេងបាន ក្រៅពីសិល្បៈ ដោយគួរផ្តល់ឱកាស និងទទួលយកតួចាស់ៗ ដែលរួមមានលោកម្នាក់ផង ទៅចូលរួមសម្តែង គ្រាន់បានប្រាក់កម្រៃខ្លះទប់ទល់ជីវភាព។
លោកពៅ គីសាន់ ហៅនាយឆើត បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “មនុស្សយើងក្នុងមួយជីវិត តើមានពេលសប្បាយប៉ុន្មានដង? សម្រាប់ខ្ញុំគ្មានពេលសប្បាយដូចអ្នករាល់គ្នាគិតនោះទេ ប្រឡូកក្នុងវិស័យសិល្បៈជិតមួយជិវិតហើយ មិនទាន់មានអ្វីសល់ជាដុំកំភួនដូចគេឡើយ រកបានមួយគ្រប់សម្រាប់រស់រាល់ថ្ងៃ រីឯអ្នកដឹកនាំរឿងមួយចំនួន យកតែតួក្មេងៗជំនាន់ក្រោយថត មើលរំលងតួចាស់ពីមុន ដែលជាតួចាស់ៗមិនមានកម្លាំង រកកាងារផ្សេងធ្វើបាន ក្រៅពីសិល្បៈ បើបងប្អូនជាផលិតករ អ្នកផលិតកម្មវិធីទូរទស្សន៍ ឬម្ចាស់ផលិតកម្មផ្សេងៗ បានឃើញ សូមជួយពួកខ្ញុំផង ជាតួចាស់ៗដូចគ្នាដែរ បានឃើញនេះផង អរគុណបើបងប្អូនបានឃើញ ហើយជួយពួកខ្ញុំដូចនេះ សូមបងប្អូនជួយស៊ែរ ឱ្យពួកគាត់បានឃើញផង អរគុណបងប្អូនទាំងអស់គ្នាផងបាទ ខ្ញុំបាទសូមជូនពរឱ្យបងប្អូនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រកស៊ីមានបានគ្រប់ៗគ្នា…”។
នាយឆើត បានបង្ហោះសារមួយបន្ថែមទៀតថា “ប្អូនខាងសារព័ត៌មាននិយាយត្រូវ តែរឿងខ្ញុំរត់ម៉ូតូឌុបអីនុង គឺខ្ញុំអត់មានធ្វើទេ លក់ទឹកត្រីខ្ញុំធ្លាប់លក់មែន ហើយដើរលក់ពីរនាក់ពួកម៉ាក គឺចាបចៀន លក់នំប៉័ង តែរឿងនោះវាកន្លងហួសយូរណាស់ហើយ ហើយខ្ញុំនិយាយនេះមិនមែនត្អួញត្អែរអីទេ សូមបងប្អូនកុំគិតអាក្រក់មកលើខ្ញុំអី ខ្ញុំគ្រាន់តែសុំឱ្យអ្នកដឹកនាំរឿង ជួយយកតួចាស់ៗដូចខ្ញុំចឹងមកថត ដើម្បីយកលុយនឹងមកដោះស្រាយជីវភាព ចឹងសូមបងប្អូនជួយស៊ែរឱ្យបងប្អូនយើងក្នុងប្រទេស បានដឹងផង អរគុណប្អូនខាងសារព័ត៌មានដែរចុះពីបង តែប្អូនៗសូមចុះរឿងអីដែលល្អៗផង ទៅណាបងសុំ…”។
គួរបញ្ជាក់ថា ក្រោយពីទទួលរងរបួសចង្កេះអំឡុងពេលថតរឿង “សង្គ្រាមបេះដូង” របស់ផលិតកម្មខ្មែរមេគង្គ កាលពីឆ្នាំ២០១៦ រួចមក ទីផ្សារសម្តែងភាពយន្តរបស់តារាសម្តែងមុខកាចនាយឆើត ហាក់មានការធ្លាក់ចុះគួរកត់សម្គាល់ ដោយសារអ្នកដឹកនាំរឿងភាគច្រើនជ្រើសរើសយកតែតួក្មេងៗជំនាន់ក្រោយ ហើយមើលរំលងតួចាស់ៗ ដែលគ្មានកម្លាំងធ្វើអ្វីបាន ក្រៅតែពីការងារសិល្បៈ៕