កំពង់ចាម ៖ សេចក្តីលោភលន់ធ្វើឲ្យមនុស្សខ្វះការពិចារណា ជាក់ស្តែង ស្រីម្នាក់នេះបានចាញ់កលគេ ព្រោះ តែចង់បានមាសមួយកញ្ចប់ ក៏ដោះខ្សែកគ្រឿងអលង្ការ អស់ពីខ្លួន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅចំណុចមុខសាលាអូរដា ស្ថិតនៅភូមិឃ្លោយទី1 ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្រីរងគ្រោះឈ្មោះ ភិន ថន អាយុ៤៤ឆ្នាំ នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានមកលក់ថ្នាំជាមួយប្តី ហើយក៏បែកពីប្តីបានបន្តិច បានជួបស្រី២នាក់ រើសថង់មាសបាននៅមុខខ្លួន (ជនរងគ្រោះ ) ពេលនោះ ស្រ្តីមិនស្គាល់អត្តសញ្ញាណបានប្រាប់ខ្លួនជនរងគ្រោះ ថា កុំមាត់ប្រាប់គេ យើងចែកគ្នាស្ងាត់ៗ កុំឲ្យគេដឹង រួចបាននាំគ្នាទៅចែកនៅអូរដា។ ពេលមកដល់ កន្លែងស្ងាត់ ស្រី២នាក់នោះបានឲ្យថង់មាសរើសបានមកគាត់ ហើយឲ្យគាត់ដោះគ្រឿងអលង្ការទាំងអស់ឲ្យពួកវា។
បន្ទាប់ពីធ្វើសកម្មភាពហើយ ពួកវាបាននាំគ្នាជិះម៉ូតូឌុបគ្នា៣នាក់ ទៅទិសខាងកើតបាត់ ហើយខ្លួនជាជនរងគ្រោះបានយកថង់មាសនោះមកលក់នៅផ្សារព្រៃទទឹងវិញ នឹងបង្ហាញប្តី បើកមើលឃើញសុទ្ធតែគ្រាប់កង់។
ជនរងគ្រោះបញ្ជាក់ថា នៅព្រឹថ្ងៃកើតហេតុនេះ គាត់ជិះរុឺម៉កមកជាមួយប្តី ឈ្មោះហួន ប៑ុនធឿន យកថ្នាំខ្លាំងមកលក់នៅព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានជួបស្រី២នាក់នោះតែម្តង។
ស្រីរងគ្រោះ បន្តថា “សម្ភារបាត់បង់រួមមាន ទី១. ខ្សែក១ខ្សែ ធ្វើអំពីមាសទំងន់៥ជីកន្លះ, ទី២. ចិញ្ចៀនចំរៀកផ្តៅ១វង់ ទំងន់១ជី ធ្វើអំពីមាស, ទី៣. ក្រវិល1វង់ ធ្វើអំពីមាសមានទំងន់១ជី និងទី៤. ទូរស័ព្ទដៃ១គ្រឿង ម៉ាកSamsung Note 2។ ហើយជនឆបោកទាំង២នាក់នោះ បានបន្សល់ទុកថង់ក្រណាត់ពណ៌ក្រហមចំនួន1 ក្នុងនោះមានគ្រាប់កង់ចំនួន189គ្រាប់ ទុកឲ្យគាត់៕