ភ្នំពេញ៖ យុវជនម្នាក់ ចេញពីក្នុងក្លឹបមកដល់មុខក្លឹបត្រូវជនប្រដាប់អាវុធមួយក្រុមបាញ់ប្លន់ យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាពទាំងនៅមុខមន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែន ជ័យដែលយាមនៅមុខក្លឹប វ៉ាវ ឌីស្កូក្លឹប ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី២៨ ខែកក្តដា ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ែន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិ ត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកម៉ូតូដែលបាត់បង់ ម៉ាក MSX ពណ៍ស មិនចាំស្លាកលេខ ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា ៣នាក់ ស្រី២នាក់និងប្រុសម្នាក់ ជិះម៉ូតូម៉ាក MSX មួយគ្រឿង បានចូលទៅរាំលេង កំសាន្តនៅក្នុងក្លឹប វ៉ាវ ឌីស្កូ ក្លឹប លុះមកដល់ម៉ោងកើតហេតុ ពួកគេបានចេញមកវិញ បំណងត្រលប់ទៅផ្ទះ តែមិត្តស្រីរបស់គេ២នាក់ទៀត ឡើងជិះរ៉ឺម៉កម៉ូតូទៅផ្ទះមុន ចំណែក រូបគេបានជិះម៉ូតូចេញមកដល់មុខក្លឹប ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាក ស្មាស់ ពណ៍ខ្មៅ មិនចាំស្លាកលេខ មកស្ទាក់ពីមុខរួចដកកាំភ្លើងខ្លីមកភ្ជង់គំរាមជនរងគ្រោះប្លន់ យកម៉ូតូនៅមុខនឹងមន្រ្តីអាវុធហត្ថខណ្ឌពោធិសែនជ័យ និងសន្តិសុខដែលយាមនៅមុខក្លឹប ស្របពេលដែលជនសង្ស័យឃើញអាវុធហត្ថនៅទីនោះក៏បានរេកាណុងកាំភ្លើងទៅរកអាវុធហត្ថធ្វើឲ្យអាវុធ ហត្ថដែលមានកាំភ្លើងដែលនោះតែមិនបានដាក់នៅជិតខ្លួន ភ័យបានរត់ប្រាស់ចេញពីកាណុងកាំភ្លើង ដើម្បីរត់ទៅយកកាំភ្លើង ក៏ត្រូវជនសង្ស័យបាញ់ភ្ជុចដី២គ្រាប់ហើយប្លន់យកម៉ូតូ ទៅបាត់ដោយសុវត្ថិភាពហើយទើបអាវុធហត្ថរត់ទៅយកកាំភ្លើងបានបាញ់បង្អើល៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ។
ក្រោយពេលកើតហេតុ កំលាំងប៉ូលីសមូលដ្ធាន បាបចុះទៅដល់កន្លែងកើតហេតុ រកជនរងគ្រោះសួរនាំនិងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅដើម្បីកំណត់មុខសញ្ញា ។ ដោយឡែកប្រជាពលរដ្ធនៅកន្លែងកើតហេតុមានការភ័យ ស្លន់ស្លោ ដោយសារតែឃើញជនសង្ស័យហ៊ានធ្វើសកម្មភាពប្លន់នៅមុខមន្រ្តីអាវុធហត្ថ ហើយគំរាម រកបាញ់អាវុធហត្ថទៀតបែបនេះ ៕
ថោង ធីម