សម្តេចឪ ព្រះបរមរតនកោដ្ឋ កាលគង់ព្រះជន្ម ធ្លាប់មានព្រះរាជបន្ទូលថា “ឆ្មារលាកទឹកក្តៅ តែងតែខ្លាចទឹកត្រជាក់” ព្រោះតែព្រះអង្គ ធ្លាប់រងផលវិបាកពីគំនាបអន្តរជាតិ ការរិះគន់ពីអ្នកប្រឆាំង ជាពិសេស រងនូវការធ្វើរដ្ឋប្រហារពីពួក សាធារណរដ្ឋនិយម។ ព្រះរាជបន្ទូលនេះត្រូវបានអ្នកនយោបាយ ក៏ដូចជាបណ្ឌិត បញ្ញវន្តស្រករក្រោយ ចងចាំទុកជាមេរៀន ជីវិតគ្រប់គ្នា ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
គ្រួសារកសិករមួយ មានចិញ្ចឹមឆ្មាឈ្មោល១ក្បាល ទុកឱ្យចាប់កណ្តុរ ប៉ុន្តែ ឆ្មានោះឧស្សាហ៍លួចត្រីអាំងជារឿយៗ ធ្វើ ឱ្យម្ចាស់ស្រីរបស់វាខឹងសម្បា។ ថ្ងៃមួយ ពេលកំពុងដាំទឹកក្នុងឆ្នាំងត្រៀមស្ល ស្រាប់តែម្ចាស់ស្រីនេះក្រឡេកទៅឃើញឆ្មាកំហូច ពាំត្រីអាំង ក៏យកវែកដួសទឹកក្តៅកំពុងពុះក្នុងឆ្នាំង ជះទៅលើឆ្មា បណ្តាលឱ្យវារលាកខ្លួន ស្រែកម៉េវ!ៗ ទម្លាក់ត្រីអាំងចោល និងរត់ទៅសំងំលិទ្ធស្នាមរបួសក្នុងជង្រុកស្រូវ។ ដោយសារទឹកមាត់ឆ្មាពូកែ ទើបស្នាមរលាកទឹកក្តៅនោះ ជាសះស្បើយវិញ តែតាំងពីពេលនោះមក ឆ្មាត្រោសនេះខ្លាចទឹកត្រជាក់ខ្លាំងណាស់ សូម្បីពីមុនឃើញម្ចាស់ងូតទឹកពាង វាទៅឈរក្បែរ ក៏ លែងហ៊ានទៅជិត ព្រោះខ្លាចទឹកពាងនោះខ្ទាតទៅត្រូវ។
យ៉ាងណាមិញ មនុស្សដែលធ្លាប់ដួលម៉ូតូ តែងតែខ្លាចថ្លុកជង្ហុក ឯអ្នកធ្លាប់ពុលពងគីង្គក់ តែងតែខ្លាចពងត្រី ឬពងកង្កែប និងអ្នកធ្លាប់ពុលត្រប់ខារ តែងតែខ្លាចត្រប់ស្រួយ។ សម្រាប់អ្នកនយោបាយដែលធ្លាប់រងគំនាបពីអន្តរជាតិ តែងខ្លាចអ្នកកាសែត អន្តរជាតិ ឯអ្នកដែលធ្លាប់ឆ្លងកាត់រដ្ឋប្រហារ តែងតែខ្លាចការចល័តកងទ័ព ជាពិសេស សូម្បីប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់ សឹកសង្គ្រាម ឬធ្លាប់ត្រូវរបួសនឹងគ្រាប់រំសេវ តែងតែខ្លាចកាំភ្លើង សូម្បីកាំភ្លើងជ័រ ឬគ្រាប់បែកជ័រជាល្បែងក្មេង ក៏គាត់ខ្លាច ដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា នៅពេល បានឃើញក្បួនរថយន្តដឹកកងទ័ព ដោយនឹកស្មានថា សង្គ្រាមអាចនឹងកើតឡើងទៀត។ ទោះបីជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបកស្រាយបំភ្លឺថា ការចល័តទ័ពនេះគ្រាន់តែជាការផ្លាស់ប្តូរកម្លាំងកងទ័ព ដែលធ្វើឡើងរៀងរាល់៣ខែម្តង ក្នុង ការជួយសម្រួលកម្លាំងដល់កងទ័ពពីជួរមុខក្តី ក៏អ្នកបារម្ភនៅតែមិនអស់ចិត្ត។ ទិដ្ឋភាពក្បួនរថយន្តដឹកកងទ័ព និងការដឹកជញ្ជូន រថក្រោះចូលភ្នំពេញ នោះ សម្រាប់យុវវ័យស្រករក្រោយ គ្មានការភ្ញាក់ផ្អើលអ្វីទេ ប៉ុន្តែ ប្រជាពលរដ្ឋចាស់ៗដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម តាំងពីឆ្នាំ១៩៧០ រហូតដល់ខ្មែរក្រហម ចុះចូលធ្វើសមាហរណកម្មអស់ នាឆ្នាំ១៩៩៦ ប្រៀបបាននឹង “ឆ្មារលាកទឹកក្តៅ ខ្លាចទឹកត្រជាក់”។
បុរសវ័យជាង៦០ឆ្នាំម្នាក់ ពិការជើងខាងស្តាំ ដោយប្រើជើងសិប្បនិម្មិត បាននិយាយនៅក្នុងហាងកាហ្វេមួយថា “ខ្ញុំ ធ្លាប់ធ្វើទាហាន ដើរជាន់មីនខ្មែរក្រហម បណ្តាលឱ្យកំបុតជើង… ខ្ញុំកាន់កាំភ្លើងឆ្អែត និងក្លាហានណាស់ ប៉ុន្តែ តាំងពីធ្លាក់ ខ្លួនពិការមក ខ្ញុំខ្លាចគ្រាប់មីន ខ្លាចកាំភ្លើង សូម្បីឃើញប៉ូលិសស្ពាយកាំភ្លើងដើរក្បែរក៏ព្រឺខ្លួនដែរ”។ តាម្នាក់ទៀត មិន ពិការអ្វីទេ បាននិយាយថា “ខ្ញុំធ្លាប់រត់លូនក្រោមអំបែងគ្រាប់ តាំងពីសម័យលន់ នល់ ធីវគី និងរត់ឡើងភ្នំ ពេលទ័ពយួន វាយលុកចូលដើម្បីដេញខ្មែរក្រហម ខ្ញុំមិនចង់ឃើញសង្គ្រាមទៀតទេ សូម្បីតែឃើញរថក្រោះ ក៏ញាក់សាច់ដែរ”។
ការលើកឡើងរបស់បុរសវ័យចំណាស់ទាំងពីររូបនេះ ស្តែងឱ្យឃើញថា ពួកគាត់ជាប្រភេទ “ឆ្មារលាកទឹកក្តៅ ខ្លាចទឹក ត្រជាក់” ហ្នឹងឯង។ តាមពិតទៅ ដូចអ្វីដែលមន្ត្រីយោធាជាន់ខ្ពស់ បកស្រាយរួចហើយថា គ្រាន់តែជាការប្តូរកម្លាំងទ័ពប៉ុណ្ណោះ គ្មានសង្គ្រាមអ្វីទេ ប៉ុន្តែ ដោយសារពួកគាត់ធ្លាប់ជាន់មីនដាច់ជើង និងធ្លាប់រត់លូនក្រោមអំបែងគ្រាប់ផ្លោង ក៏ចេះតែនាំគ្នា ខ្លាចយ៉ាងនេះទៅ។ ផ្ទុយទៅវិញ ក្មេងៗសម័យនេះ មិនខ្លាចសង្គ្រាម ឬគ្រឿងសព្វាវុធនោះទេ ព្រោះតែពួកគេជាប្រភេទ “ឆ្មាមិនដែលរលាកទឹកក្តៅ មិនខ្លាចទឹកត្រជាក់”។ កុមារខ្លះពេលតាមម្តាយទៅផ្សារ ក៏រំអុកយំទារម្តាយទិញកាំភ្លើងជ័រឱ្យ លុះយកទៅដល់ផ្ទះ ក៏បញ្ចូលទឹកដេញបាញ់គ្នាលេង ដោយចាត់ទុកថា កាំភ្លើងជាគ្រឿងនាំមកនូវការសប្បាយរីករាយ។ ក្មេងគង្វាលដ៏អភ័ព្វខ្លះ រើសបានគ្រាប់បែក ឬក្បាលគ្រាប់ផ្លោងដែលកប់ក្នុងដីតាំងពីសម័យសង្គ្រាម ក៏យកមកដំលេង បណ្តាល ឱ្យផ្ទុះស្លាប់ទៅ ក៏ព្រោះតែពួកគេមិនធ្លាប់ឆ្លងកាត់សង្គ្រាម ទើបមិនខ្លាចគ្រឿងពិឃាតទាំងនេះ។ ដោយឡែក មន្ត្រីយោធាដែល ធ្លាប់កាន់កាំភ្លើងតាំងពីក្មេង មិនទាន់ចូលនិវត្តន៍នោះ មិនខ្លាចកាំភ្លើង ឬខ្លាចសង្គ្រាមនោះទេ ព្រោះតែការកាន់កាំភ្លើងរាប់ សិបឆ្នាំ ស៊ាំអស់ទៅហើយ។ ផ្ទុយទៅវិញ អ្នកធ្លាប់កាន់កាំភ្លើងយន្ត B-40, M-79 ឬកាំភ្លើងត្បាល់ កាំភ្លើងផ្លោងគ្រប់ ប្រភេទ លុះគាត់ខានកាន់វាយូរ បែរជាខ្លាចទៅវិញ។
ករណីដឹកជញ្ជូនកងទ័ពផ្លាស់ប្តូរជើងគ្នានោះ មិនឱ្យចាស់ៗបារម្ភម្តេចបាន ព្រោះតែពួកគាត់មួយចំនួនធ្លាប់ធ្វើទាហានដែរ និងដឹងថា បើមេបញ្ជាការឱ្យឡើងរថយន្ត បំពាក់អាវុធគ្រប់ដៃ ច្បាស់ជាមានការប្រយុទ្ធគ្នាមិនខាន។ ម៉្យាងទៀត ការចល័ត ទ័ព ស្របពេលដែលស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង បន្ទាប់ពីមានឃាតកម្មលោកបណ្ឌិតកែម ឡី អ្នកវិភាគ សង្គមដ៏ល្បី ដោយមានអ្នកចូលរួមហែសពលោកឡើងខ្នាប់ដូចស្រមោចនោះ ធ្វើឱ្យអ្នកធ្លាប់ឆ្លងកាត់សឹកសង្គ្រាម ចេះតែ ស្រៀវឆ្អឹងខ្នង។
បើវិភាគរឿងនេះឱ្យល្អិតល្អន់ គ្មានអ្វីគួរឱ្យខ្លាចនោះទេ ដោយហេតុថា មនុស្សសម័យនេះកំពុងរស់ក្នុងសុខសន្តិភាព ស្រឡាញ់ការអភិវឌ្ឍ មិនចង់ឃើញសង្គ្រាមទៀតទេ។ ម៉្យាងទៀត បក្សប្រឆាំងមានតែដៃទទេ ធ្វើសង្គ្រាមយ៉ាងម៉េចកើត? ជាពិសេស ទោះបីជាបុរសម្នាក់ក្នុងឯកសណ្ឋានយោធា ប្រកាសតាមហ្វេសប៊ុក បបួលគេធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នោះ ក៏មិនអាចទៅរួចដែរ ព្រោះថា មេដឹកនាំរដ្ឋប្រហារ លុះត្រាតែមានឋានៈជាមេទ័ព មានកងកម្លាំងប្រដាប់អាវុធគ្រប់គ្រាន់ ទើបធ្វើរដ្ឋប្រហារបាន។ ជាក់ស្តែង នៅប្រទេសទួរគី អ្នកដឹកនាំរដ្ឋប្រហារភាគច្រើន ជាឧត្តមសេនីយ៍ ទោះជារដ្ឋប្រហារ នោះមិនបានសម្រេច ក៏បង្ហាញថា មនុស្សគ្មានអាវុធក្នុងដៃ មិនអាចដឹកនាំយុទ្ធនាការនេះបានឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាល ដែលក្តាប់កងកម្លាំងប្រដាប់អាវុធណែនដៃ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងរដ្ឋប្រហារ ការពារប្រទេសមិនឱ្យ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមបាន។ ករណីរដ្ឋប្រហារនៅប្រទេសថៃ ដែលធ្វើបានសម្រេចក្នុងការផ្តួលរំលំនាយករដ្ឋមន្ត្រីនោះ មាន លក្ខណៈខុសពីប្រទេសទួរគី ប៉ុន្តែ រដ្ឋប្រហារនៅថៃ គ្មានការបង្ហូរឈាម។
ទោះយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យចាស់ ធ្លាប់រត់លូនស្ទើរស្លាប់ស្ទើររស់ក្រោមភ្លៀងគ្រាប់១៣០ មិល្លីម៉ែត្រ កាលពីអំឡុងឆ្នាំ១៩៧៩ នោះ មិនចង់រត់បែបនេះទៀតទេ។ ទោះជាតាៗខ្លះធ្លាប់កាន់កាំភ្លើងAK ឡើងក្រិន ដៃ និងកាន់គ្រាប់បែកផ្លែទៀប ផ្លែមង្ឃុត ឡើងរលោងបាតដៃនោះ គ្រាន់តែឃើញកាំភ្លើងជ័រក្មេងលេងក៏ខ្លាចដែរ។ ពុំមែន គាត់ខ្លាចកាំភ្លើងនោះទេ តែខ្លាចវប្បធម៌នាំកាំភ្លើងជ័រមកឱ្យក្មេងលេង ដូចបង្រៀនក្មេងឱ្យចង់តែបាញ់គ្នា មិនយល់ពីផល- វិបាក។
សរុបទៅ “ឆ្មារលាកទឹកក្តៅ ខ្លាចទឹកត្រជាក់” មានន័យយ៉ាងនេះឯង។ ការខ្លាចអំពើអាក្រក់ នៅពេលកំពុងដើរលើផ្លូវ ត្រូវ ពុំមែនជាការកំសាកនោះទេ តែជាឥរិយាបថល្អបំផុត នាំមនុស្សទៅរកមាគ៌ាសុខសន្តិភាព។ ព្រះពុទ្ធអង្គ ធ្លាប់ឆ្លងកាត់ សមុទ្រតណ្ហាឆ្អែតឆ្អន់ ទើបព្រះអង្គខ្លាចកិលេសតណ្ហា ដោយព្យាយាមធ្វើសមាធិ រហូតបានត្រាស់ដឹង។ បុគ្គលដែលធ្លាប់ធ្វើ សង្គ្រាម ក៏គួរតែនាំគ្នាខ្លាចសង្គ្រាមទើបល្អ ដោយកុំបញ្ចោញទិដ្ឋភាពអ្វី ដែលនាំឱ្យប្រជាពលរដ្ឋភ័យខ្លាច។ រីឯយុវវ័យ ដែល មិនធ្លាប់រត់ឡើងភ្នំគេចពីគ្រាប់ផ្លោង ក៏គួរឧស្សាហ៍សួរចាស់ៗពីផលវិបាកនៃសង្គ្រាម ដែលបន្សល់ទុកជនពិការរាប់ម៉ឺននាក់ ព្រោះឆ្មាធ្លាប់រលាកទឹកក្តៅ ស្គាល់ការឈឺចាប់ពីស្នាមរលាកនោះច្បាស់ណាស់៕
ដោយ ៖ អាចារ្យថាំ