ភ្នំពេញ ៖ តុលាការកម្ពុជា បានសម្រេច ផ្តន្ទាទោសលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេសដោយពិន័យជាប្រាក់១៦០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈលើសម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោកសម រង្ស៊ី ពី បទបរិហារកេរ្តិ៍សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដែលប្តឹងដោយលោកគី តិច មេធាវី តំណាងអាណត្តិដោយសម្តេចហេង សំរិន កាល ពីចុងឆ្នាំ២០១៥ បន្ទាប់ពីប្រធានគណបក្ស ប្រឆាំង លោកសម រង្ស៊ី បានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សម្តេច ហេង សំរិន ជាអ្នកកាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាជាតិខ្មែរ ជាជនក្បត់ជាតិ។
ជាលទ្ធផលនៃសវនាការនោះ ចៅក្រម ជំនុំជម្រះ លោករស់ ពិសិដ្ឋ បានសម្រេចផ្តន្ទា- ទោសលោកសម រង្ស៊ី ដោយពិន័យជាប្រាក់ចំនួន ១០លានរៀល ចូលថវិការដ្ឋ និងសងសំណង ជំងឺចិត្តសម្តេចហេង សំរិន ចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ សវនាការជំនុំជម្រះនោះ ក្រៅពីមានលោក មេធាវី គី តិច តំណាងដើមបណ្តឹងសម្តេច ហេង សំរិន ទៅចូលរួម សម្រាប់លោកសម រង្ស៊ី ជា ចុងបណ្តឹង មិនមានភាគីតំណាងនោះទេ ដែល បញ្ហានេះ ត្រូវលោកអេង ឆៃអ៊ាង មន្ត្រីជាន់- ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា សំណុំរឿងនេះ មានលក្ខណៈនយោបាយ។ ដូច្នេះបញ្ជូន មេធាវីទៅការពារក៏អត់ប្រយោជន៍ ព្រោះមិន សម្រេចទៅតាមឆន្ទៈរបស់ចៅក្រម។ ដោយឡែកសម្រាប់លោកគី តិច មេធាវី តំណាងសម្តេចហេង សំរិន ក៏បានសម្តែងការ មិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនោះដែរ ដោយលោកបាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ សវនាការនៅថ្ងៃនោះថា អ្វីដែលលោកសម រង្ស៊ី លើកឡើង គឺជារឿងមិនពិត និងបំភ័ន្តសាធារណជន ក្នុងចេតនាកេងចំណេញនយោបាយ ព្រោះក្នុងរបបដែលដឹកនាំដោយសម្តេចហេង សំរិន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ មិនមានការ កាត់ទោសប្រហារជីវិតសម្តេចព្រះនរោត្តម សីហនុ ដូចការលើកឡើងនោះទេ។ ពោលគឺ ការលើកឡើងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសសម្តេចហេង សំរិន។ ដូច្នេះលោក នឹងពិភាក្សាជាមួយសម្តេចហេង សំរិន ថា តើ អាចទទួលយកការសម្រេចនេះ ឬក៏ត្រូវប្តឹង បន្តទៅសាលាឧទ្ធរណ៍ទៀត។
លោកមេធាវីគី តិច ថ្លែងថា “អ៊ីចឹង អាហ្នឹង ជាអំពើដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ សម្តេចហេង សំរិន ក្នុងនាមសម្តេចមានតួនាទី ជាន់ខ្ពស់ ទាំងក្នុងរបបឆ្នាំ១៩៧៩ និងបច្ចុប្បន្ន ហ្នឹង ហើយជាពិសេសប៉ះពាល់ដល់គណបក្ស ប្រជាជនទៀត…ការសម្រេចវាបានផ្តន្ទាទោស ហើយ ប៉ុន្តែគ្រាន់ថា វាមិនទាន់សមទៅនឹងអំពើ ដែលឯកឧត្តមសម រង្ស៊ី ធ្វើប៉ះពាល់ដល់សម្តេច ពញ្ញាចក្រី ហេង សំរិន ទេ”។
គួររំលឹកថា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោក ភ្ជាប់ជាមួយវីដេអូ មួយថា “យើងចងចាំថា របបកើតថ្ងៃ០៧ មករា ១៩៧៩ បានឱ្យតុលាការរបស់គេ កាត់ទោស ប្រហារជីវិតសម្តេចព្រះនរោត្តម សីហនុ ដោយ ចោទព្រះអង្គ ថា ជាជនក្បត់ជាតិ”។ ក្រោយមានការបង្ហោះហ្វេសប៊ុកនោះមក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកគី តិច មេធាវីតំណាងសម្តេចហេង សំរិន ក៏បានដាក់ ពាក្យប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជា សាធារណៈ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រធាន រដ្ឋសភា និងបានទាមទារជំងឺចិត្ត៣០០លាន រៀល។ ក្រៅពីរងបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ លើសម្តេចប្រធានរដ្ឋសភា លោកសម រង្ស៊ី ក៏ ត្រូវតុលាការចេញដីកា បង្គាប់ឱ្យចាប់ខ្លួនដាក់ ពន្ធនាគារ២ឆ្នាំ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងដែលប្តឹងដោយ លោកហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា បន្ទាប់ពីលោកសម រង្ស៊ី ថ្លែង នៅសារមន្ទីរជើងឯក កាលពីឆ្នាំ២០០៨ ថា លោកហោ ណាំហុង ជាអតីតមេគុកបឹងត្របែក សម័យខ្មែរក្រហម។
លោកសម រង្ស៊ី ក៏ជាប់ បណ្តឹងពីរទៀត គឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីលោកសោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុក និងបង្ហោះ អត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងបណ្តឹងមួយទៀត ពីបទសមគំនិតក្លែងបន្លំ ឯកសារសាធារណៈក្នុងសំណុំរឿងសមាជិកព្រឹទ្ធសភា លោកហុង សុខហួរ។ ទោះបីយ៉ាងណា ខណៈដែលកំពុងនិរទេស ខ្លួននៅបរទេសគេចពីការចាប់ខ្លួននោះ លោក សម រង្ស៊ី មិនបានទទួលស្គាល់ខ្លួនឯងជាទណ្ឌិត ទេ ដោយលោកបានចាត់ទុកអ្នកដែលហៅលោក ថា មានទោស ឬទណ្ឌិតនោះ គឺកំពុងមានបញ្ហា សរសៃប្រសាទ ហើយលោកសម រង្ស៊ី បាន លើកឡើងថា តុលាការស្រុកខ្មែរ ជាតុលាការ លេងសើច ជាឧបករណ៍របស់អ្នកនយោបាយ…៕
ដោយ ៖ កុលបុត្រ