
ភ្នំពេញ ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិត សូ ណារ៉ូ ដែលបានអមដំណើរសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានលើកឡើងថា «ក្នុងគ្រោះ មានលាភ» យុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀម ជាលទ្ធផលគឺ កម្ពុជា ទទួលបានទាំងសន្តិភាព និងពន្ធបដិការពីសហរដ្ឋអាមេរិក ចុះបានច្រើនជាងគេបំផុតលើពិភពលោក គឺពី៤៩% មកត្រឹម ១៩% ហើយមានទំនិញមួយចំនួនទៀត នឹងមានអត្រាពន្ធទាបជាងនេះ ។ ជាមួយនេះ លោកបណ្ឌិតសូ ណារ៉ូ បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១៣ នៅម៉ាឡេស៊ី នោះ ជាឱកាសរបស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការរឹតចំណងទំនាក់ទំនង កាន់តែជិតស្និទ្ធ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានជួបសន្ទនាផ្ទាល់យ៉ាងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក។


លោកបណ្ឌិត សូ ណារ៉ូ បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថា “ក្នុងគ្រោះ កម្ពុជា ពិតមានលាភ គឺទទួលបានទាំងសន្តិភាពមិនអាចកាត់ថ្លៃបាន និងទទួលបានពន្ធបដិការ ចុះបានច្រើនជាងគេបំផុតលើពិភពលោក គឺពី៤៩% មក១៩% ហើយមានទំនិញមួយចំនួនទៀត នឹងមានអត្រាពន្ធទាបជាងនេះ។ លើសពីនេះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចងចំណងទាក់ទងយ៉ាងជិតស្និទ្ធ ដោយផ្ទាល់ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដ៏មានអំណាចឥទ្ធិពលលើពិភពលោក»។
លោកបណ្ឌិត សូ ណារ៉ូ បានសរសេរបន្តថា «ឆ្លងតាមរយះការតស៊ូលះបង់ “ស្ងាត់តែមិនស្ងៀម” នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរ ម៉ាឡេស៊ី ដោយទទួលបានការចាប់អារម្មណ៍ ការសរសើរ ពីថ្នាក់ដឹកនាំប្រទេសជាច្រើន រាប់ទាំងប្រទេសអាមេរិក ចិន ម៉ាឡេស៊ី ថៃ ។ល។ ថាជាបុគ្គលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈការសន្ទនា ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឈានទៅរកសន្តិភាព នៅទីបញ្ចប់ និងធានាគោលការណ៍ឯកភាព សាមគ្គីភាពរបស់អាស៊ាន»។

លោកបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តទៀតថា «មានឥស្សរជនខ្មែរ ជាច្រើន ដែលអមដំណើរ និងជាសេនាធិការ ជួយសម្តេចធិបតី មានជាអាទិ៍ ៖
១- កំពូលអ្នកការទូតដ៏ចំណាន និងពោរពេញដោយបទពិសោធន៍ គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
២- ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមអ្នកចរចាដ៏ចំណាន និងរស់រវើក លើពន្ធបដិការជាមួយសហរដ្ឋអាមេរិក ជាស្ពានចម្លងទំនាក់ទំនងកម្ពុជា-អាមេរិក។
៣- មេទ័ពកំពូលដ៏អង់អាចក្លាហាន និងឈ្លាសវៃ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដោះស្រាយភាពស្មុគ្រស្មាញគ្រប់យ៉ាង តាមបណ្តោយខ្សែព្រំដែន។
៤- ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីកិច្ចការព្រំដែន ដែលជាមនុស្សដែកថែប ម៉ឺងម៉ាត់ មានគោលការណ៍ច្បាស់ ជួយដល់សម្តេចធិបតី ក្នុងការការពារព្រំដែនសីមា និងជាប្រធានគណៈកម្មការព្រំដែនចម្រុះ (JBC)។
៥- លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពោរពេញដោយភាពសកម្មរស់រវើក និងក្តាប់ណែនដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្រប់ប្រទេស។
ក្រៅពីនេះ នៅមានអ្នកជំនាញដ៏ពូកែម្នាក់ទៀត គឺឯកឧត្តម គង់ ភោគ។ ការសរសេរនេះ រៀបរាប់តែអ្នកអមដំណើរសម្តេចធិបតី ទៅប្រជុំនៅម៉ាឡេស៊ី ទេ។ នៅមានឥស្សរជនសំខាន់ៗ អាជ្ញាធរដែនដី មេទ័ព មេនគរបាល ជាច្រើន នៅក្នុងប្រទេស ដែលបានរួមចំណែកលះបង់កម្លាំងកាយចិត្ត ជួយដល់ប្រមុខរដ្ឋាភិបាល សម្រេចបេសកកម្មជូនជាតិមាតុភូមិ នាំមកនូវសន្តិភាព និងពន្ធបដិការសមរម្យ ជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជា មានឱកាសរីកចម្រើនទៅមុខ ដ៏ខ្លាំងក្លាបន្ថែមទៀត» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថា ដោយសារតែទំនាក់ទំនងនិងរូបភាពកាន់តែជិតស្និទ្ធ រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងបន្ទាប់ពីកិច្ចព្រមព្រៀងនៃសេចក្ដីថ្លែងការណ៍រួម ដើម្បីសន្តិភាពនោះ ធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា កាន់តែល្បីរន្ទឺ នៅលើឆាកពិភពលោក ហើយសង្ឃឹមថា ភ្ញៀវទេសចរ នឹងមកទស្សនាកម្ពុជា កាន់តែច្រើន ។
លោកបណ្ឌិត សូ ណារ៉ូ បានមានប្រសាសន៍ថា “បន្ទាប់ពីកិច្ចព្រមព្រៀងនៃសេចក្ដីថ្លែងការណ៍រួម ដើម្បីសន្តិភាពនេះ គឺកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា កាន់តែល្បីនៅលើឆាកពិភពលោក ដោយសារតែទំនាក់ទំនង រូបភាពរវាងសម្ដេចធិបតី និងឯកឧត្ដម ដូណាល់ ត្រាំ ហ្នឹង ។ អ៊ីចឹងនឹងទាក់ទាញទេសចរមកជាច្រើន ដោយសារតែមានបណ្ដាញទូរទស្សន៍ធំៗ សឹងតែធំបំផុតលើពិភពលោកហ្នឹង បានផ្សព្វផ្សាយអំពីព័ត៌មានដ៏វិជ្ជមាននេះ ទៅកាន់ពិភពលោក ។ អ៊ីចឹងហើយ ធ្វើឲ្យបណ្ដាប្រទេស ប្រជាពលរដ្ឋទាំងអស់ នៅលើពិភពលោក គេស្គាល់អំពីប្រទេសកម្ពុជា ហើយគេអាចនឹងមកទស្សនា មកទេសចរនៅកម្ពុជា កាន់តែច្រើន“ ។

ជាមួយគ្នានេះដែរ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថា កិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ វាជាសមិទ្ធផលមួយដែលកើតចេញអំពីការអត់ធ្មត់របស់កម្ពុជា ដែលឈរលើគោលការណ៍មួយ ហៅថា “ស្ងាត់តែមិនស្ងៀម” ឬអាចថាជាលាភក្នុងគ្រោះ ព្រោះបើសិនជាយើងខ្វះការអត់ធ្មត់ ហើយយើងប៉ះដៃ យកដៃ ប៉ះជើង យកជើង ដូចក្រុមប្រឆាំង គេចេះតែវ៉ៃប្រហារមក យើងប្រាកដជាគ្រោះជួបគ្រោះហើយ យើងអត់ជួបលាភទេ ព្រោះតែកាលណាផ្ទុះសង្គ្រាមហើយ វាធ្វើឲ្យបាត់បង់ជីវិតមនុស្ស ទាំងសងខាង ។ ក្នុងន័យនេះដែរ អ្វីដែលវាធ្លាប់តែល្អក់កករពីមុនមក ជាមួយអាមេរិក ក៏បានល្អប្រសើរឡើងវិញមួយកម្រិត ព្រោះប្រទេសទាំងពីរ កំពុងតែរឹតចំណងជិតស្និទ្ធនឹងគ្នា ហើយអាមេរិក ក៏ចាប់ផ្ដើមអនុគ្រោះដល់កម្ពុជា ច្រើន ដូចជាបញ្ចុះពន្ធបដិការ ដកបម្រាមលក់អាវុធឲ្យកម្ពុជា ជាដើម ។
លោក ជុំ កុសល បានមានប្រសាសន៍ថា “បាទ! ពិជាត្រឹមត្រូវ ពីព្រោះយើងត្រូវសម្លឹងមើលអំពីស្ថានការណ៍ដែលវាបានកើតឡើង ហើយនិងអំពីមហិច្ឆតានៃភាគីម្ខាងដែលគេចង់បានអីពីយើង ។ អ៊ីចឹងហេតុការណដែលវាកើតឡើង រហូតដលផ្ទុះអាវុធ ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហ្នឹង គឺវាផ្ដើមឡើងចេញពីការប៉ុនប៉ង ពីមហិច្ឆតាភាគីថៃ ហ្នឹងហើយ ហើយគេចាប់ផ្ដើមបាញ់មកលើយើងអីហ្នឹង ក៏វាផ្ទុះចំពោះព្រំដែនហ្នឹងកើតឡើង ។ អ៊ីចឹងក្រោយពីការទទួលយកបទឈប់បាញ់ ពីថ្ងៃ២៨ ខែកក្កដា រហូតមកទល់គ្នានឹងថ្ងៃទី២៦ ខែតុលា ២០២៥ ដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាព នៅក្រុងកូឡាឡាំពួរ នេះ វាជាសមិទ្ធផលមួយដែលកើតចេញអំពីការអត់ធ្មត់របស់កម្ពុជា ដែលឈរលើគោលការណ៍មួយ គេហៅថា ស្ងាត់តែមិនស្ងៀម ។ អ៊ីចឹងអ្វីដែលលើកឡើងថា ជាលាភក្នុងគ្រោះនេះ គឺខ្ញុំឯកភាព ត្រង់ថា បើសិនជាយើងខ្វះការអត់ធ្មត់ ហើយយើងប៉ះដៃ យកដៃ ប៉ះជើង យកជើង ដូចក្រុមប្រឆាំង គេចេះតែវ៉ៃប្រហារមក អាហ្នឹងប្រាកដជាគ្រោះជួបគ្រោះហើយ យើងអត់ជួបលាភទេ ព្រោះសង្រ្គាម តែកាលណាវាផ្ទុះហើយ ទី១ វាបង្កវិនាសកម្ម វាធ្វើឲ្យបាត់បង់ជីវិតមនុស្សទាំងសងខាង ទី២ទៀត គឺវាជាលេសនៃភាគីថៃ ដែលគេកំពុងតែរៀបចំផែនការវ៉ៃប្រហារយើង ឈ្លានពានយើង ដល់តែយើងផ្ទុះអាវុធទៅគេ អាហ្នឹងវាជាលេសមួយដែលគេអាចប្រើប្រាស់សង្រ្កាមពេញលេញ ។ ប៉ុន្តែនៅពេលដែលសង្រ្គាមកើតឡើង យើងត្រូវតែទប់ទល់ ប្រើសិទ្ធិស្របច្បាប់ ក្នុងការទប់ទល់ តែយើងដេកស្រមៃមើលទៅ បើកាលណាសង្រ្គាមរវាងគ្នានិងគ្នាហើយ អ្វីៗក៏វាត្រូវតែប៉ះពាល់ហើយ អាហ្នឹងអ៊ីចឹង»។

លោក ជុំ កុសល បានមានប្រសាសន៍បន្តថា “ប៉ុន្តែយុទ្ធសាស្រ្តស្ងាត់មិនស្ងៀម របស់ប្រមុខរាជរដ្ឋាភិបាលយើង គឺយើងគ្រងបាន ទី១ អារម្មណ៍របស់កងទ័ព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទី២ទៀត យើងតស៊ូផ្នែកការទូត ផ្នែកផ្លូវច្បាប់ ហើយយើងបានយកបេះដូងនៃបណ្ដាប្រទេសធំៗបានអ៊ីចឹងទៅ បានជាលាភមកដល់យើងហ្នឹង គឺលាភដែលយើងបញ្ចៀសង្រ្គាមបាន អាហ្នឹងគឺជាចំណុចសំខាន់ ។ យើងអាចថា ជាលាភធំ ដោយសារយើងបញ្ចៀសសង្រ្គាមបាន ហើយទី២ទៀត យើងទទួលបានការបញ្ចុះពន្ធបដិការ ពីរដ្ឋាភិបាលអាមេរិក ហើយថ្មីៗនេះ ក៏អាមេរិក បានដកទណ្ឌកម្មដែលដាក់ប៉ុន្មានឆ្នាំ រឿងឈប់លក់អាវុធឲ្យយើងអីជាដើមនោះ អាហ្នឹងយើងចាត់ទុកថា ជាលាភហើយ ។ ក្នុងន័យដែរ ចំពោះការលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅម៉ាឡេស៊ី ជាឱកាសសម្រាប់កម្ពុជា និងអាមេរិក ក្នុងការរឹតចំណងកាន់តែជិតស្និទ្ធនោះ ខ្ញុំក៏ឯកភាពមួយ ដោយសារអាហ្នឹងកន្លងមក យើងដឹងហើយថា រវាងកម្ពុជា និងអាមេរិក យ៉ាងម៉េចៗ ខ្ញុំមិនបរិយាយទេ ក៏ប៉ុន្តែនៅពេលដែលបញ្ហាជម្លោះព្រំដែន កើតឡើងរវាងថៃ និងខ្មែរ អាមេរិក ក៏មានការចាប់អារម្មណ៍ក្នុងការកិច្ចការងារនេះ វាជាឱកាសមួយ ដែលធ្វើឲ្យយើងមានឱកាសច្រើនជាមួយនឹងអាមេរិក ។ អ៊ីចឹងអ្វីដែលវាធ្លាប់តែល្អក់កករ ពីមុនមក ក៏វាបានល្អប្រសើរឡើងវិញមួយកម្រិត ដូចដែលយើងឃើញលទ្ធផលមកអ៊ីចឹង“ ៕ កុលបុត្រ