ភ្នំពេញ៖ ផ្ទះជួសជុលម៉ូតូមួយកន្លែង ម្ចាស់ផ្ទះរវល់តែទៅបុណ្យសពឪពុកនៅឯស្រុក ត្រូវបានចោរគាស់ផ្ទះយកម៉ូតូអស់មួយគ្រឿង ទូរទស្សន៍១ និងសំភារៈគ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀត បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា នៅក្បែរផ្ទះសំណាក់ យីហោសុខសាន្ត ផ្ទះជួសជុលម៉ូតូផ្ទះលេខ១២៣៩ ផ្លូវ៣៧១សឡា ភូមិអូរបែកខ្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុន ប៉ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយទ្រព្យសម្បត្តិដែលបាត់បង់មាន ម៉ូតូម៉ាកគុបជ្រុង សេ៥០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2N 4191 មួយគ្រឿង ទូរទស្សន៍មួយគ្រឿង និងគ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀត ។
តាមសម្តីសន្តិសុខនិងប្រជាការពារភូមិ បានឲ្យដឹងថា ខណៈពេលជិះម៉ូតូដើរល្បាតតាមផ្លូវ ខណៈពេលនោះ ពួកគាត់បានឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក មកឈប់នៅមុខផ្ទះកើតហេតុខាងលើ ពេលនោះពួកគាត់បានជិះម៉ូតូទៅជិតស្រាប់តែរថយន្តនោះបានបើកចេញទៅធ្វើដូចធម្មតាបាត់ ក៏បានក្រឡេកទៅមើលផ្ទះកើតហេតុខាងលើ ឃើញចំហរទ្វារ ដោយមានមន្ទិលសង្ស័យ ពួកបានស្រែករកម្ចាស់ តែមិនអ្នកណាឆ្លើយ ហើយពេលនោះក៍មានអ្នកជិតខាងចេញមកប្រាប់ថាអត់មាននាក់ណានៅទេ ព្រោះអីម្ចាស់ផ្ទះបានចាក់សោរទ្វារចោររួចទៅធ្វើបុណ្យឲ្យឪពុកស្លាប់នៅឯខេត្តកំពង់ចាម រយៈពេលពីបីថ្ងៃហើយ ។ លឺសំដីអ្នកជិតខាងនិយាយដូច្នេះ ទើបពួកគាត់ដឹងថា ពិតជាមានចោរគាស់ផ្ទះ ក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកមើល កន្លែងកើតហេតុ និងទំនាក់ទំនងទៅប្រាប់បងប្អូនដែលនៅក្បែរនោះឲ្យមកជួយមើលដូចគ្នា ព្រោះអីម្ចាស់ផ្ទះរវល់បុណ្យនៅឯស្រុកកំណើត ។
ក្រោយពេលកើតហេតុ បងប្អូនរបស់ម្ចាស់ផ្ទះបានមកដល់ទូរសព្ទទៅសាកសួរម្ចាស់ផ្ទះថាក្នុងផ្ទះមានរបស់អ្វីខ្លះ លុះដល់ម្ចាស់ផ្ទះឆ្លើយតបវិញថាមានម៉ូតូ និងទូរទស្សន៍ និងសំភារៈគ្រឿងបន្លាស់ម៉ូតូមួយចំនួន ត្រូវបានជនសង្ស័យយកទៅបាត់អស់ហើយ ។
បន្ទាប់ពីសួរនាំដឹងរឿងហើយសមត្ថកិច្ចបានយកសោរចាក់ទ្វារដែលក្រុមចោរបន្សល់ទុក យកទុកធ្វើវត្ថុតាង ហើយបាននិយាយប្រាប់បងប្អូន ពេលម្ចាស់ត្រលប់មកពីស្រុកវិញ ឲ្យទៅដាក់ពាក្យបណ្តឹង៕
ណន រ៉ាត់