Thursday, November 28, 2024
Homeតារាខ្មែរនាយកុយ ទៅសួរសុខទុក្ខតាវីតាមីនសេ មានជំងឺដុះសាច់ជាប់ថ្លើម ប៉ុនពែងកាហ្វេ

នាយកុយ ទៅសួរសុខទុក្ខតាវីតាមីនសេ មានជំងឺដុះសាច់ជាប់ថ្លើម ប៉ុនពែងកាហ្វេ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងថា តារាកំប្លែងជើងចាស់ លោកតាវីតាមីនសេ បានធ្លាក់ខ្លួនឈឺធ្ងន់ និងទទួលការវះកាត់យកដុំសាច់មួយដុំដែលដុះនៅលើថ្លើមចេញរួចមកនោះ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាកំប្លែងជើងចាស់ល្បីឈ្មោះ គឺលោកជួង ជី ហៅនាយកុយ បានទៅសួរសុខទុក្ខលោកតាវីតាមីនសេ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី។

លោកជួង ជី ហៅនាយកុយ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបង្ហាញពីរូបលោកអង្គុយនៅក្បែរលោកតាវីតាមីនសេ ដែលកំពុងសម្រាកព្យាបាលក្រោយវះកាត់នៅក្នុងបន្ទប់មួយនៃមន្ទីរពេទ្យរុស្ស៊ី។ ជាមួយួនេះ នាយកុយ បានបង្ហោះសារខ្លីមួយថា “ថ្ងៃនេះ មកមើលបងវីតាមីនសេ ជាមួយប្អូនឡុង តំណាងឱ្យអ្នកស្រីប្រធានសមាគមសិល្បៈ ជូនពរឱ្យបងឆាប់ជា ដើម្បីបម្រើបងប្អូនកូនក្មួយបន្តទៀត”។

តារាកំប្លែង អ្នកនាងប៉េងប៉ោង ត្រូវជាកូនស្រីរបស់លោកតាវីតាមីនសេ បានបញ្ជាក់ឱ្យដឹងថា ឪពុករបស់នាងបានកើតមានអាការចុក និងហត់ៗច្រើនថ្ងៃមកហើយ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយនឹកស្មានថា នោះគ្រាន់តែជាជំងឺចាស់របស់គាត់ ដែលធ្លាប់ធ្វើទុក្ខដូចគ្រាមុនៗ ស្រាប់តែពេលថតស្កេនរួច គ្រូពេទ្យប្រាប់ថា ប្រទះឃើញដុំសាច់ចម្លែកមួយនៅលើថ្លើម ហើយដុំសាច់នោះមានទំហំប៉ុនពែងកាហ្វេទៅហើយ។

អ្នកនាងប៉េងប៉ោង បាននិយាយថា នាងពិតជាតក់ស្លុតខ្លាំងណាស់ នៅពេលដែលគ្រូពេទ្យ ពិនិត្យឃើញថា ឪពុករបស់នាងមានដុំសាច់មួយដុំធំនៅក្នុងថ្លើម ដោយមិនដឹងថា ដុំសាច់នោះបានកើតមានក្នុងខ្លួនរបស់ឪពុកនាង តាំងពីពេលណាមកនោះទេ ខណៈដែលមុននេះ ឪពុករបស់នាងមានតែជំងឺទឹកនោមផ្អែម និងលើសឈាម ប្រចាំកាយប៉ុណ្ណោះ។ យ៉ាងណា នាងរំពឹងទុកថា ដុំសាច់ដែលស្ថិតនៅលើថ្លើមឪពុករបស់នាង គឺជាដុំសាច់ស្លូត មិនមែនជាដុំសាច់មហារីកនោះទេ។

តាមសម្តីតារាកំប្លែងវីតាមីនសេ បានបញ្ជាក់ថា “ដោយសារតែដុំសាច់ដុះលើថ្លើមនោះ កាន់តែរីកធំឡើង ទំហំប៉ុនមាត់កែវ ទើបធ្វើឱ្យខ្ញុំមានអាការថប់ៗ ចុកអួលណែន ពិបាកក្នុងខ្លួន ដេកមិនបាន និងពិបាកនៅពេលអង្គុយយូរ…”។

យ៉ាងណា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានទទួលរ៉ាប់រងលើសេវា និងថ្នាំព្យាបាលតារាកំប្លែងវីតាមីនសេ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។

អ្នកនាងប៉េងប៉ោង បានបញ្ជាក់ប្រាប់ថា ជំងឺរបស់ឪពុកនាងត្រូវបានគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ (TYDA) ជួយជ្រោមជ្រែងក្នុងការព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ ប៉ុន្តែ យ៉ាងណា នាងនៅតែបារម្ភពីស្ថានភាពសុខភាពរបស់ឪពុក ដែលគាត់មានវ័យ៧០ឆ្នាំទៅហើយ ដោយរយៈពេលចុងក្រោយនេះ គាត់កាន់តែទ្រុឌទ្រោមខ្លាំង…៕

RELATED ARTICLES