ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ក្រោយពីទទួល បានស្វាមីថ្មី (នាយកៃដ) រួចមក ស្រាប់តែបែក គំនិត បង្កើតបន្ថែមនូវមុខរបរថ្មីមួយទៀត គឺជា ផលិតផលសាច់ក្រកលក់។
អ្នកនាងខ្ញុង បានបង្ហោះសារនៅលើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះថា “ថ្ងៃនេះថតស្ពតនៅផ្សារតាកែវ ស្អែកបានអូនបានឡាយ (Live) ពីការធ្វើសាច់ក្រក កុំភ្លេចណា៎បងប្អូន មើលអូន ស្អែកជួយស៊ែរម្នាក់មួយផងណា៎…”។
គួរបញ្ជាក់ថា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ជាតារាកំប្លែងក្នុងក្រុមកំប្លែង CTN ដែលមាននាយពែកមី ជាប្រធានក្រុម មានឈ្មោះល្បីខ្លាំង ក្នុងវិស័យសិល្បៈកំប្លែង ចាប់តាំងពីកំឡុងឆ្នាំ២០១០មក។ ស្របទៅនឹងអាជីពជាតារាកំពុងកាក់កប តារាកំប្លែងស្រីល្បីឈ្មោះ ដែលទើបនឹងចាប់ដៃបង្កើតគ្រួសារថ្មី ជាមួយនាយកៃដ ដែលជាតារាកំប្លែងរួមក្រុមដែរនោះ ក៏បានចាប់យករបរបន្ថែមថ្មីមួយទៀត ដោយនាងឆ្លៀតធ្វើសាច់ក្រកលក់។
ជាមួយនឹងការប្រកាសលក់សាច់ក្រកតាមបណ្តាញសង្គមហ្វេសប៊ុក គេឃើញអ្នកនាងខ្ញុង បានបង្ហោះនូវរូបភាពសាច់ក្រកជាច្រើន ដែលនាងធ្វើដោយផ្ទាល់ដៃ ធ្វើឱ្យអ្នកគាំទ្រ និងអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបានឃើញ ពោលថា ទំនងជាឆ្ងាញ់ខ្លាំងណាស់ ដោយខ្លះក៏បានកុម្មង់ទិញពីតារាកំប្លែងរូបនេះ ដោយផ្ទាល់ទៀតផង ធ្វើឱ្យរបររបស់នាង ហាក់កាក់កប គួរសម។
យ៉ាងណា តារាកំប្លែងដែលទើបនឹងចាប់ ដៃសាងគ្រួសារថ្មីជាមួយមិត្តរួមអាជីពនេះ បានអះអាងថា សាច់ក្រកទាំងអស់ គឺសុទ្ធតែនាង បានធ្វើដោយផ្ទាល់ដៃខ្លួនឯង ដោយមានទាំងអនាម័យ និងរសជាតិឆ្ងាញ់ទៀតផង៕