Sunday, December 22, 2024
Homeបរិយាយត្រូវ​ត្រាប់​កុក​សាប់ កុំ​ត្រាប់​កុក​ស

ត្រូវ​ត្រាប់​កុក​សាប់ កុំ​ត្រាប់​កុក​ស

សុភាសិតខ្មែរ១ឃ្លាថា ត្រូវត្រាប់កុកសាប់ កុំត្រាប់កុកស គឺជាមរតកសាសន៍ដ៏មានតម្លៃ ប៉ុន្តែ ដោយហេតុមនុស្ស ឥឡូវមិនសូវស្គាល់កុក ក៏ទុកសុភាសិតនេះឱ្យនៅតែលើក្រដាស គ្មានអ្នកបកស្រាយ។ ជាទូទៅគ្មានបុគ្គលណា ប្រទេសណា របបណា ធ្វើសកម្មភាពអ្វីដោយមិនត្រាប់តាមគេខ្លះនោះទេ ពោលគឺ បើតម្រាប់ណាល្អ ត្រូវដើរតាម បើតម្រាប់ណាអាក្រក់ តោងវៀរចាក សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បើចង់ឱ្យមានតម្លាភាព អាចទទួលយកបាន ទាំងអស់គ្នាត្រូវត្រាប់កុកសាប់ កុំត្រាប់កុកសនេះឯង ដែលនគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ កុកសាប់ និងកុកស គឺជាពូជបក្សីសីុត្រីជាអាហារដូចគ្នា ប៉ុន្តែ កុកសាប់ សម្បុរស លាយប្រផេះ វារហ័សរហួនណាស់ក្នុងការចាប់ត្រី បើទីណាមានត្រឹបត្រាញ់ច្រើន កុកសាប់ ក៏ចុះនៅទីនោះច្រើនដែរ។ រីឯ កុកស មានសម្បុរស ហៅថាកុកក្រកក៏បាន វាមិនសូវរវៀសរវៃក្នុងការចាប់ត្រីនោះទេ អ្នកស្រុកតែងដាក់អន្ទាក់វាបាន ជារឿយៗ ព្រោះវាដើរមិនសូវប្រយ័ត្ន រហូតមានចម្រៀងប្រជាប្រិយបន្សល់ទុកថា បើស្រីស្លកុក ស្លនឹងទឹកថ្លា ដ្បិតកុកវាថា សាច់វាស្អាតណាស់

បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប សំដៅដល់ គ..ប របស់ប្រទេសណាដែលធ្វើការបានល្អ មានតម្លាភាព ជាពិសេស ក្រោយពេលបោះឆ្នោតរួចរាល់ គ្មានការតវ៉ា បាតុកម្ម កូដកម្ម ចាត់ទុកថា គ..ប ប្រទេសនោះ ជា កុកសាប់។ ចំណែក គ..ប ប្រទេសណាដែលធ្វើការមិនល្អ ខ្វះតម្លាភាព គឺបន្ទាប់ពីបោះឆ្នោតរួច ស្រាប់តែផ្ទុះការតវ៉ាគគ្រឹកគគ្រេងនោះ ចាត់ ទុកថា ជា កុកស។ រវាងកុកទាំងពីរប្រភេទនេះ បុរាណាចារ្យតម្រូវឱ្យយកកុកសាប់ ជាគំរូ ព្រោះវាពូកែចាប់ត្រី មិនងាយជាប់អន្ទាក់មនុស្ស ផ្ទុយទៅវិញ កុកស ពូកែតែខាងស្រែកក្រកៗ មិនសូវខំចាប់ត្រី ដើរងើយក្បាលរហូត ដែលមិនអាចយកជាគំរូបាន។

យ៉ាងណាមិញ ករណីអង្គការសង្គមសីុវិលនានាបើកការប្រជុំតុមូល ដើម្បីតស៊ូមតិ ស្នើឱ្យ គ..ប កម្ពុជា លុបបម្រាមថតរូបបោះឆ្នោតនោះ ជាករណីគួរពិចារណាដែរ។ ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល បានសរសេរក្នុងហ្វេសប៊ុក របស់លោកកាលពីពេលថ្មីៗនេះ ថា កំពុងតស៊ូមតិនៅក្នុងកិច្ចប្រជុំតុមូល ដើម្បីឱ្យ គ..ប លុបចោលបម្រាមថតរូប ថតវីដេអូ នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតប៉ុន្តែ លោកបញ្ជាក់ថា ការហាមថតរូបនៅកន្លែងគូសសន្លឹកឆ្នោត ជាការសមស្រប ហើយខ្ញុំគាំទ្រ។ ឆ្លើយតបនឹងការតស៊ូមតិនោះ លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ..ប បានលើកឡើងថា ..ប ស្វាគមន៍ចំពោះអនុសាសន៍ទាំងឡាយ ផ្ទុយទៅវិញ គ..ប ប្រហែលជាមិនអាចទទួលយក បើសិនជាមានការសម្លឹងមកដោយទឹកចិត្តមិនស្រឡាញ់នោះ ក៏អាចជាបញ្ហាដែល គ..ប ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយបច្ចុប្បន្ននេះ ព័ត៌មានមួយចំនួនត្រូវគេបំភ្លៃ។ ការឆ្លើយឆ្លងគ្នាដោយប្រយោលនេះ គឺខាងអង្គការ សង្គមសីុវិលមួយចំនួន ទាមទារសុំចូលថតរូប ថតវីដេអូ នៅពេលរាប់សន្លឹកឆ្នោត ប៉ុន្តែ គ..ប ខ្លាចគេយករូបថតនោះទៅ បំភ្លៃខុសពីការពិត ដែលមតិទាំងពីរនេះមានលក្ខណៈប្រទង់ប្រទាញ ប៉ុន្តែ គ..ប ស្វាគមន៍មតិយោបល់សាធារណជនជានិច្ច ទើប នគរធំសូមបញ្ចេញទស្សនៈខ្លះ ដោយលើកយកសុភាសិត ត្រូវត្រាប់កុកសាប់ កុំត្រាប់កុកស ទុកជាទឡ្ហីករណ៍ ឬ ជាសំអាងឱ្យមានភាពរឹងមាំ។

រួចមកហើយយើងឃើញថា ការបោះឆ្នោត៥អាណត្តិកន្លងមកនេះ មិនដែលឃើញស្រុះស្រួលគ្នានោះទេ គឺកាលពីអាណត្តិ ទី១ ហ៊្វុនសីុបិុច ឈ្នះឆ្នោត ត្រូវបានគណបក្សប្រជាជនកម្ពុជា កើតទុក្ខមិនសុខចិត្ត លុះអាណត្តិក្រោយៗមកទៀត គណបក្ស ប្រជាជនកម្ពុជា ឈ្នះ ក៏ត្រូវបក្សឯទៀតតវ៉ាម្តង។ ការតវ៉ាទាំងនោះ ក៏មានបាតុករបោះតង់ បោះដំបូល ដេកត្រាំត្រែងរាប់ខែ ជាពិសេស ការតវ៉ានៅអាណត្តិទី៥ ធ្ងន់ធ្ងរជាងមុន រហូតផ្ទុះអំពើហិង្សាចាប់អ្នកតវ៉ាដាក់គុកជាបន្តបន្ទាប់ ដែលខ្លះមិនទាន់ រួចខ្លួនផង។ ឥឡូវ គ..ប ថ្មី បានបង្កើតឡើងហើយ យើងគួររករូបមន្តថ្មីមកអនុវត្តម្តងវិញ ដោយឈប់អនុវត្តរូបមន្តណា ដែលមានភាពអសកម្ម ពោលគឺបើទិញឡានថ្មី សូហ្វ័រថ្មី ផ្លូវសម្រាប់រថយន្តបើកបរ ក៏ត្រូវតែជួសជុលឱ្យថ្មីដែរ។

ដូច្នេះ ត្រូវត្រាប់កុកសាប់ ជារឿងចាំបាច់ណាស់ ពោលគឺ គ..ប របស់យើង ត្រូវមើលគំរូ គ..ប ប្រទេសគេដែល ធ្វើការបានល្អ។ ឧទាហរណ៍នៅប្រទេសជប៉ុន នៅអាមេរិក អឺរ៉ុប គេមានពហុបក្សដូចយើងដែរ ប៉ុន្តែ ពេលបោះឆ្នោតរួចរាល់ មិនដែលលេចឮទំនាស់តវ៉ាអ្វីទេ បានន័យថា មកពី គ..ប របស់គេ មានសុចរិតភាព ឬមកពីកុកសាប់នោះពូកែគ្រប់គ្រង ទឹកបឹង ដែលសម្បូរត្រី។ រីឯ គ..ប នៅបណ្តាប្រទេសអាហ្វ្រិក មួយចំនួនឱ្យតែបោះឆ្នោតរួច ក៏រញ៉េរញ៉ៃ រហូតដល់អន្តរជាតិគាបសង្កត់ ទើបស្ងាត់ទៅ មិនខុសពីកុកស ឬកុកក្រកសំបកទំពាំង ដើរជាប់ជង់។ រីឯ គ..ប នៅបណ្តាប្រទេសកុម្មុយនិស្តមួយចំនួន ដូចជា ចិន រុស្សីុ វៀតណាម កូរ៉េខាងជើង ជាដើម ពេលបោះឆ្នោតរួចគ្មានការតវ៉ាអ្វីទេ ព្រោះច្បាប់គេមិនឱ្យមានការតវ៉ា ដែលប្រឈមនឹងទោសព្រហ្មទណ្ឌ។

ដូច្នេះ គ..ប កម្ពុជា ដែលធ្លាប់រៀបចំការបោះឆ្នោត៤៥អាណត្តិ ឈ្លោះគ្នារហូតនោះ ត្រូវសម្លឹងមើល គ..ប ប្រទេស ណាដែលល្អបំផុត រួចយករបៀបធ្វើរបស់គេមកអនុវត្ត ឬ ត្រូវត្រាប់កុកសាប់ នេះឯង។ ផ្ទុយទៅវិញ បើឃើញ គ..ប ប្រទេសណាមិនល្អ ឱ្យតែបោះឆ្នោតរួចក៏រញ៉េរញ៉ៃ ផ្ទុះអំពើហិង្សានោះ ត្រូវបញ្ចៀសកុំយកតម្រាប់តាម។ ធម្មតាប្រទេសឯករាជ្យអធិបតេយ្យដូចកម្ពុជា មិនអនុញ្ញាតឱ្យប្រទេសក្រៅលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានឡើយ សូម្បីតែច្បាប់បោះឆ្នោត ក៏បរទេសមិនអាចមកជ្រៀតជ្រែកបានដែរ ប៉ុន្តែ ដោយសារយើងចេះតែមានទំនាស់មិនឈប់ឈរ ចាំបាច់ត្រូវតែយកគំរូតាមគេខ្លះទើបបាន។ កាលពីឆ្នាំមុន ជប៉ុន បានបញ្ជូនអ្នកជំនាញការខាងរៀបចំការបោះឆ្នោត មកសិក្សាស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា ដែរ ដោយគេសន្យាជួយជ្រោមជ្រែងផង ដឹងអី! ស្រាប់តែស្ងាត់ទៅ។នគរធំមើលឃើញថា គ..ប ជប៉ុន ល្អជាងគេ ក្នុងចំណោមប្រទេសដែលកាន់របប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចកម្ពុជា ដូច្នេះ បើយើង ចម្លងយករបៀបធ្វើការរបស់គេមកអនុវត្ត ប្រហែលជាអាចទប់ស្កាត់បាននូវជម្លោះនយោបាយ បន្ទាប់ពីបោះឆ្នោតរួចរាល់។ គ..ប ប្រទេសថៃ ក៏ល្អគួរសមដែរ ព្រោះក្រោយពេលបោះឆ្នោត យើងឃើញបក្សអាវក្រហមជាប់ឆ្នោតរហូត ហើយបក្សអាវលឿង ក៏មិនតវ៉ាអ្វីដែរ ឯរឿងធ្វើរដ្ឋប្រហារនោះ មិនពាក់ព័ន្ធដល់ គ..ប នោះទេ ដែលកម្ពុជា អាចយករបៀបធ្វើការរបស់ថៃ មកអនុវត្តក៏បាន បន្ទាប់ពីជប៉ុន។ យើងមិននិយាយពីអាមេរិក បារាំង អាល្លឺម៉ង់ ដែលកាន់របបសាធារណរដ្ឋនោះទេ ទោះជា គ..ប របស់គេ មានសុចរិតភាពយ៉ាងណាក៏ដោយ គឺចង់ឱ្យយកគំរូតាម គ..ប ប្រទេសណាដែលមានព្រះមហាក្សត្រសោយរាជ្យ តែកាន់អំណាចដោយនាយករដ្ឋមន្ត្រី ដូចកម្ពុជា។ ធម្មតា ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា យ៉ាងណាមិញ បើយើងគ្មានប្រភពទឹកពីលើភ្នំ មិនអាចកើតជាទឹកជ្រោះបានទេ ចាំបាច់ត្រូវតែងូតទឹកអណ្តូង មិនសូវថ្លាជារៀងរហូត។

សរុបទៅត្រូវត្រាប់កុកសាប់ កុំត្រាប់កុកសមានន័យយ៉ាងនេះឯង សំដៅដល់ គ..ប ប្រទេសគេដែលមានល្អ មាន អាក្រក់ គួរយកជាគំរូ ឬវៀរចាក។ ករណីអង្គការសង្គមសីុវិលមួយចំនួន តស៊ូមតិឱ្យ គ..ប លុបបម្រាមថតរូប ថតវីដេអូ នោះ នគរធំមិនអាចអារកាត់បានទេ ប៉ុន្តែ គួរយើងក្រឡេកមើល គ..ប ប្រទេសគេផង តើករណីនេះ គេធ្វើរបៀបម៉េច? មានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ថតរូប ថតវីដេអូ ក្នុងពេលរាប់សន្លឹកឆ្នោតបានឬទេ? តើមានអ្នកបំភ្លៃព័ត៌មានកាត់តរូបថត ដែរឬទេ? គឺមានតែការ ត្រាប់កុកសាប់ទើបធានាថា ការបោះឆ្នោតនាឆ្នាំ២០១៧២០១៨ ខាងមុខនេះ នឹងគ្មានជម្លោះ ឬការតវ៉ា អាចទទួលយកបានទាំងអស់គ្នា៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES