ប្រជាពលរដ្ឋរស់នៅភូមិត្រែល ឃុំត្រែល ស្រុកអង្គរជ័យ ខេត្តកំពត បានខ្សឹបឱ្យឮតាម “នគរធំ” ថា សង្វៀនបញ្ជល់មាន់ ដែលមានការ ដាក់ភ្នាល់ស៊ីសងលុយកាក់ដ៏ធំមួយកន្លែង ស្ថិត នៅចំណុចមជ្ឈមណ្ឌលវិបស្សនាធុរៈភ្នំត្រែល កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង និងគ្មាន សមត្ថកិច្ច ឬអាជ្ញាធរដែនដីណា ចុះមកត្រួតពិនិត្យមកអើតឈ្ងោកអ្វីបន្តិចសោះ ដែលទំនង ជាដេកលង់លក់ ព្រោះត្រូវថ្នាំសណ្តំតែម្តង។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ម្ចាស់សង្វៀន បញ្ជល់មាន់ដ៏ធំខាងលើនេះ ត្រូវបានគេស្គាល់ ថា ឈ្មោះវង់ គឺជាមនុស្សដ៏មានឥទ្ធិពលម្នាក់ ដែលបានបើករបរភ្នាល់ល្បែងស៊ីសងបែបនេះ រាប់ឆ្នាំមកហើយ និងមិនដែលឃើញមានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ មិនដឹងជាខ្លាច អំណាចម្ចាស់សង្វៀនមាន់ ឬក៏ត្រូវថ្នាំសណ្តំក៏ មិនដឹង ទើបបានជាព្រងើយកន្តើយ មិនអើពើ អនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពសោះ និងធ្វើឱ្យអំពើចោរកម្ម ឆក់ប្លន់ ចេះតែកើតមាន ឡើងជាបន្តបន្ទាប់។
ប្រជាពលរដ្ឋបានខ្សឹបបន្តថា ម្ចាស់ទីតាំង សង្វៀនមាន់ ឈ្មោះវង់ តែងបង់លុយដាក់ខែ ឱ្យមន្ត្រីពាក់ព័ន្ធ ទើបអាចបើកល្បែងជល់មាន់ ផ្គើននឹងការហាមឃាត់របស់ច្បាប់បានដោយ រលូនបែបនេះ។ មិនតែប៉ុណ្ណោះ ទីតាំងសង្វៀន បញ្ជល់មាន់នេះ បានបង្កការរំខានដល់ការរស់ នៅរបស់ប្រជាពលរដ្ឋជិតខាងខ្លាំងណាស់ តាម រយៈសំឡេងហ៊ោកញ្ជ្រៀវអឺងកងរបស់ក្រុមអ្នកភ្នាល់ល្បែងជល់មាន់។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា សង្វៀន មាន់ខាងលើបើកទទួលអ្នកចូលលេងដោយ មិនរើសថ្ងៃ និងពេលវេលា ពោលគឺពីថ្ងៃច័ន្ទ ដល់អាទិត្យវិលជុំ និងពីព្រឹករហូតដល់កប់ព្រលប់ ក៏នៅតែមានអ្នកលេងដែរ។ ចំណែកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានវិញ មិនដែលចុះមកអន្តរាគមន៍ ឬបង្ក្រាបម្តងណាសោះឡើយ ហើយ ទោះជាប្រជាពលរដ្ឋល្អខំប្រឹងរាយការណ៍ជូន យ៉ាងណា ក៏មិនអើពើដែរ ដែលទំនងជាត្រូវ ថ្នាំសណ្តំ (លុយកាក់ ផលប្រយោជន៍) តែម្តង ទើបចេះតែបិទភ្នែក មើលរំលង មិនព្រមចាត់ វិធានការអ្វីទាល់តែសោះ ធ្វើឱ្យគោលនយោបាយភូមិមានសុវត្ថិភាព ត្រូវបរាជ័យ ដោយសារ វង់ល្បែងគ្រប់ប្រភេទ រីកដុះដាលដូចផ្សិត ចំណែកអំពើចោរកម្ម លួច ឆក់ ប្លន់ ក៏ចេះតែកើតមាន ឡើងជាហូរហែ ព្រោះតែក្រុមអ្នកចាញ់ល្បែង បែកគំនិត ប្រព្រឹត្តអំពើល្មើស ដើម្បីបានប្រាក់ យកទៅស្រង់ដើមបន្ត។ យ៉ាងណា ប្រជាពលរដ្ឋ បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ពិសេសលោក ស្នងការខេត្ត មេត្តាពិនិត្យលើករណីខាងលើ នេះផង ហើយបើអាចចុះមកពិនិត្យដោយផ្ទាល់ ភ្នែក កុំចាំស្តាប់របាយការណ៍ពីថ្នាក់ក្រោម ព្រោះ ពេលខ្លះនៅពេលបានសើមមាត់ សើមក សរសេរ របាយការណ៍ខុស ឬរាយការណ៍រំលងក៏មានដែរ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិត ណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពី សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានទេ កាល ពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
កុលបុត្រ