តារាសិចស៊ីកញ្ញាវិរីយ៉ា ហៅយ៉ាយ៉ា ឃ្វីន ទើបតែមានឱកាសចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងដែលបានហោះទៅកាលពីថ្ងៃទី២៥ វិច្ឆិកា កន្លងទៅនេះប៉ុន្តែនាងបានបង្ហើបឲ្យថា នាងចង់ផ្ញើរវាសនានៅលើទឹកដីដែនកោះដ៏ត្រជាក់មួយនោះ។
តារាចូលចិត្តបង្អួតសម្រស់សិចស៊ី កញ្ញាយ៉ាយ៉ា ឃ្វីន បានថ្លែងឲ្យដឹងមុនពេលឡើងយន្តហោះទៅអូស្ត្រាលីថា នាងត្រូវបានសមាគមធំមួយធានានាងរួមនឹងតារាសិល្បៈមួយចំនួនទៀតឲ្យចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល២ខែ ទើបត្រឡប់មកវិញ។នាងថា នាងបានសម្រិតសម្រាំងជាខ្លាំងជាមួយឱកាសចេញទៅសម្ដែងទៅអូស្ត្រាលី ជាលើកដំបូងនេះដែលបានប្រឹងប្រែងហាត់សមបទចម្រៀងពីដើមៗនិងបទសម័យរយៈពេលជាង២ខែមកហើយ ដើម្បីត្រៀមបម្រើអារម្មណ៍បងប្អូននៅទីនោះដោយមិនឲ្យពួកគាត់ខកចិត្តទេ។
យ៉ាយ៉ា ក៏បានឲ្យដឹងដែរថា ដើម្បីរកចំណូលបន្ថែមពីការច្រៀងនាងក៏បាននាំយកហូលផាមួងខ្មែរដែលជាផលិតផលរបស់ខ្មែរនិងជាអត្តសញ្ញាណរបស់ជាតិទៅលក់ផងដែរខណៈដែលនាងរំពឹងឱកាសទៅសម្ដែងនៅអូស្ត្រាលី ជាលើកដំបូងនេះនាងនឹងអាចឲ្យនាងរកចំណូលបានច្រើន។
តារាសិចស៊ី សម្បូរប្រុសចោមស្នេហ៍រូបនេះបានបង្ហើបឲ្យដឹងដែរថា គ្រាន់តែមានឱកាសចេញទៅសម្ដែងនៅអូស្ត្រាលី ជាលើកទី១ ស្រាប់តែនាងមានក្ដីស្រមៃចង់ទៅរស់នៅផ្ញើរវាសនានៅទីនោះតែម្ដងត្បិតអីមានអ្នករស់នៅទីនោះប្រាប់នាងថា ជាប្រទេសគួរឲ្យចង់រស់នៅនិងអាចរកស៊ីប្រកបមុខរបរបានប្រាក់ចំណូលច្រើន។យ៉ាយ៉ា បន្ថែមថា មួយរយៈមុនពេលនាងហោះទៅអូស្ត្រាលី ក៏មានបុរសមួយចំនួនតាមចែចង់នាងនិងចង់ធានានាងឲ្យទៅរស់នៅប្រទេសអូស្ត្រាលី ផងដែរ ប៉ុន្តែនាងមិនទទួលស្នេហ៍ទេ ត្បិតអីនាងមិនទាន់ទុកចិត្តគេ ខ្លាចគេមិនច្បាស់លាស់ជាមួយនាង។ម្យ៉ាងនាងចង់ទៅរស់នៅទីនោះដោយចង់បង្កើតមុខរបរគោលជំហរដោយខ្លួនឯង ពុំទៅតាមរយៈរឿងស្នេហានោះទេ។ប៉ុន្តែយ៉ាងណានាពេលខាងមុខប្រសិនបើជួបបុរសដែលស្រលាញ់នាងពិតប្រកដនៅលើទឹកដីអូស្ត្រាលី នាងនឹងពិចារណា។
យ៉ាយ៉ា បានបង្ហាញក្ដីរំពឹងថា នាងនឹងទទួលបានជោគជ័យលើការសម្ដែងនៅអូស្ត្រាលី ជាលើកដំបូងនេះហើយនាងនឹងប្រឹងប្រែងឲ្យអាជីពសិល្បៈរបស់នាងឲ្យកាន់តែមានសន្ទុះបន្ថែមទៀត៕