Wednesday, January 22, 2025
Homeព័ត៌មានជាតិប្រពន្ធរំខានពេលទូរស័ព្ទញ៉ែស្រី ប្តីខឹងខ្ទប់ទ្វារវ៉ៃប៉ោងមុខ

ប្រពន្ធរំខានពេលទូរស័ព្ទញ៉ែស្រី ប្តីខឹងខ្ទប់ទ្វារវ៉ៃប៉ោងមុខ

ភ្នំពេញ ៖ បុរសជាប្តីម្នាក់កំពុងនិយាយទូរស័ព្ទញ៉ែប៉ប្រែជាមួយស្រី លុះស្ត្រីជាប្រពន្ធតាមទាន់ស្តាប់ឮ ក៏ឆក់យកទូរស័ព្ទមកសួរនាំ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ក៏ស្ទុះទៅខ្ទប់ទ្វារចាប់ប្រពន្ធវាយទាត់ធាក់ បណ្តាលឱ្យរងរបួសប៉ោងមុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្តីប្រពន្ធដែលផ្ទុះហិង្សាខាងលើនេះ មិនត្រូវបានបង្ហាញឱ្យដឹងពីអត្តសញ្ញាណរបស់ខ្លួននោះទេ គ្រាន់តែដឹងថា សព្វថ្ងៃប្តីប្រពន្ធទាំងពីរស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងគឺជាមនុស្សខូចខិលណាស់ ពិសេសរឿងទូរស័ព្ទញ៉ែស្រីតែម្តង ហើយកន្លងមក នាងធ្លាប់ប៉ះសម្តីជាមួយនឹងនារីម្នាក់ដែលចេះតែទូរស័ព្ទរកប្តីនាងម្តងរួចមកហើយ រហូតដល់ត្រូវស្ត្រីនោះជេរប្រមាថនាងយ៉ាងចាស់ដៃទៀតផង។

ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នាងបានឃើញប្តីកំពុងនិយាយទូរស័ព្ទ លុះនាងលបស្តាប់ក៏ដឹងថា ប្តីកំពុងនិយាយញ៉ែស្រី ហើយស្រីម្នាក់នោះ គឺជាអ្នកដែលបានជេរនាងកាលពីលើកមុន ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏ទៅទាញយកទូរស័ព្ទបម្រុង មកសួរនាំ ស្រាប់តែភ្លាមនោះ ប្តីរបស់នាងច្រឡោតខឹង ក៏ស្ទុះទៅខ្ទប់ទ្វារបន្ទប់ជួលជាប់ រួចក៏បានវាយដំច្រំធាក់នាងយ៉ាងចាស់ដៃ បណ្តាលឱ្យនាងទទួលរងរបួសប៉ោងមុខមាត់ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋល្អថាមានករណីហិង្សាក្នុងគ្រួសារ មួយបានកើតឡើងនៅចំណុចបន្ទប់ជួលកើតហេតុខាងលើ ទើបភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុតែម្តង និងបានឃាត់ ខ្លួនបុរសជាប្តីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានសារភាពថា រូបគេពិតជាបានវាយតប់ប្រពន្ធមែន ដោយខឹងរឿងប្រពន្ធមករំខានរូបគេជាប្តីកំពុងនិយាយទូរស័ព្ទ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការអប់រំណែនាំបុរសជាប្តី និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាទៅលើប្រពន្ធតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES