ភ្នំពេញ ៖ យុវជនជានិស្សិតពេទ្យសត្វម្នាក់ កំពុងជិះម៉ូតូតាមផ្លូវនៅពេលយប់ លុះត្រូវរថយន្តមួយគ្រឿងបើកភ្លើងហ្វាចាំងភ្នែកពេក មើលផ្លូវមិនឃើញ ក៏ធ្វើឱ្យរេចង្កូតធ្លាក់ពីលើស្ពានគ្មានបង្កាន់ដៃមួយកន្លែង បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលេខ២១៧ ចំណុចស្ពានថ្មក្បែរស្ថានីយប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
យុវជនរងគ្រោះដែលជិះម៉ូតូធ្លាក់ស្ពានបណ្តាលឱ្យឈ្លក់ទឹកស្លាប់ មានឈ្មោះសុខ ចាន់រស្មី អាយុ២៦ឆ្នាំ មុខរបរជានិសិត្សពេទ្យសត្វ មានស្រុកកំណើតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT- 9079។
តាមប្រភព័ត៌មានពីអ្នកធ្វើដំណើរតាមផ្លូវម្នាក់ ដែលប្រទះឃើញហេតុការណ៍មុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចលើស្ពានដែលអត់មានបង្កាន់ដៃ មានតែបង្កាន់ដៃម្ខាង ស្រាប់តែប្រទះឃើញមានភ្លើងកុងទ័រម៉ូតូនៅក្នុងទឹក ទើបធ្វើឱ្យគាត់សង្ស័យក៏ឈប់ម៉ូតូមើល ក៏ប្រទះឃើញម៉ូតូ១គ្រឿងនៅក្នុងទឹក និងថែមទាំងមានមនុស្សម្នាក់នៅក្បែរនោះទៀតផង។ ភ្លាមនោះគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយមើល លុះពេលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ក៏នាំជួយស្រង់ជនរងគ្រោះឡើងមកលើគោក ដើម្បីសង្គ្រោះដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ដោយឡែកតាមសម្តីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងជិះម៉ូតូនៅលើផ្លូវ សុខៗ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាក និងស្លាកលេខ បើកក្នុងទិសដៅបញ្ច្រាសគ្នា បានបើកភ្លើងហ្វា ចាំងពេញផ្លូវ ទើបធ្វើឱ្យជនរងគ្រោះចាំងភ្នែកពេក មើលអ្វីមិនឃើញ ក៏រេចង្កូតធ្លាក់ស្ពាន ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។ ចំណែករថយន្តបង្កនោះ បានបន្តដំណើរទៅមុខទៀតបាត់ទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឆែកខ្លួនសាកសព និងបានរកឃើញឯកសារបញ្ជាក់អត្តសញ្ញាណ ព្រមទាំងទូរស័ព្ទ រួចក៏ទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារឱ្យមកទទួលយកសាកសព ជនរងគ្រោះ ទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕