Thursday, April 25, 2024
Homeព័ត៌មានជាតិម៉ែបង្ខំឱ្យរៀបការជាមួយបុរសមិនស្រលាញ់ កូនស្រីសម្រេចចិត្តចងកសម្លាប់ខ្លួន បញ្ចប់បញ្ហាគ្រប់យ៉ាង

ម៉ែបង្ខំឱ្យរៀបការជាមួយបុរសមិនស្រលាញ់ កូនស្រីសម្រេចចិត្តចងកសម្លាប់ខ្លួន បញ្ចប់បញ្ហាគ្រប់យ៉ាង

ខេត្តព្រៃវែង ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានម្តាយផ្សំផ្គុំឱ្យរៀបការជាមួយនឹងបុរសម្នាក់ ដែលនាងមិនពេញចិត្ត ប៉ុន្តែទោះជាកូនស្រីព្យាយាមប្រកែកយ៉ាងណា ក៏ម្តាយនៅតែបង្ខំឱ្យកូនស្រីរៀបការដដែល រហូតធ្វើឱ្យកូនស្រីឈឺចិត្តស្អិតទ្រូងខ្លាំងពេក ក៏ដាច់ចិត្តចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្តាម បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។

ករណីកូនស្រីតូចចិត្តម៉ែបង្ខំឱ្យរៀបការប្តី បែរជាគិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣៩នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ។

នារីគិតខ្លីចងកសម្លាប់ខ្លួន ដើម្បីគេចពីការបង្ខំឱ្យរៀបការនោះ មានឈ្មោះសុខា ដេត ហៅដេត អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុនេះ នារីរងគ្រោះបានកើតមានទំនាស់ពាក្យសម្តីក្នុងរង្វង់គ្រួសារបន្តិចបន្តួច និងមើលទៅនាងហាក់មានទឹកមុខស្រងូតស្រងាត់ផងដែរ ប៉ុន្តែមិនមានអ្នកណានឹកស្មានដល់ថា នាងអាចនឹងមានគំនិតខ្លីដល់ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចរួច ក្រុមគ្រួសារបាននាំគ្នាចូលទៅសម្រាករៀងៗខ្លួនអស់ ស្រាប់តែយប់បន្តិច ក៏បាត់នារីរងគ្រោះមិនឃើញនៅក្នុងផ្ទះសោះ ទើបនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរក ស្រាប់តែប្រទះឃើញនារីរងគ្រោះបានចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្តាមក្បែរផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យមានការស្រែកឆោឡោផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា តាមពិតនារីរងគ្រោះត្រូវបានឪពុកម្តាយផ្សំផ្គុំឱ្យរៀបការជាមួយបុរសម្នាក់ដែលសាមីខ្លួននារីរងគ្រោះ មិនមានចិត្តស្រលាញ់នោះទេ ជាហេតុធ្វើឱ្យនារីរងគ្រោះបានព្យាយាមប្រកែក មិនព្រមរៀបការដែរ ប៉ុន្តែមិនឈ្នះក្រុមគ្រួសារ ពោលគឺម្តាយនារីរងគ្រោះនៅតែបង្ខំឱ្យកូនស្រីរៀបការទាល់តែបាន ទើបធ្វើឱ្យកូនស្រីកើតទុក្ខមិនសុខចិត្ត បែរជាជ្រើសយកវិធីបញ្ចប់ជីវិត មកបញ្ចប់បញ្ហាគ្រប់យ៉ាងតែម្តង ព្រោះថា បើនាងយល់ព្រមរៀបការជាមួយមនុស្សប្រុសដែលនាងមិនស្រលាញ់ គឺច្បាស់ជាមិនមានសុភមង្គលនោះទេ ប៉ុន្តែប្រសិនបើនាងមិនព្រមរៀបការ មានន័យថា មិនគោរពឪពុកម្តាយ ហេតុនេះមានតែការស្លាប់តែមួយមុខគត់ ដែលអាចដោះស្រាយបញ្ហាបាន។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ នារីរងគ្រោះមានទឹកមុខក្រៀមស្រពោនចម្លែក និងបានទម្លាយប្រាប់មិត្តភក្តិជិតស្និទ្ធរបស់នាងថា នាងលំបាកចិត្តខ្លាំងណាស់ ព្រោះតែម្តាយបង្ខំឱ្យរៀបការជាមួយបុរសដែលនាងមិនស្រលាញ់ ហើយទោះជាប្រកែកយ៉ាងណា ក៏មិនឈ្នះដែរ ហេតុនេះនាងចង់តែស្លាប់ឱ្យផុតទុក្ខមួយនេះទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏កើតមានការផ្អើលឆោឡោ ប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយនៅត្រង់កមានស្នាមជាំជារង្វង់។

សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES