ថៅកែស្រីស្អាតនៅម្នាក់ឯង ចោរម្នាក់ចូលច្របាច់កភ្ជង់គំរាម ម្នាក់ទៀតប្រមូលលុយ រួចជិះម៉ូតូចេញទៅបាត់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម បានធ្វើសកម្មភាពចូលភ្ជង់គំរាមប្លន់អាជីវករបើកកន្លែងវេរប្រាក់មួយកន្លែង ដោយប្រមូលយកបានលុយកាក់ប្រមាណជិត៤ពាន់ដុល្លារ បន្ទាប់មក ក៏នាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះវេរលុយមួយកន្លែង យីហោ ទ្រូម៉ាន់នី ហេង ហេង មានទីតាំងនៅផ្ទះលេខ៥១ តាមផ្លូវបេតុង ក្នុងបុរីសែនសុខ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវចោរចាប់ច្របាច់កភ្ជង់ប្លន់ មានឈ្មោះលន់ វ៉ាន់លីដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបើកកន្លែងវេរលុយ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានលំនៅមួយកន្លែងទៀត នៅភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីម្នាក់ទៀត ដែលនៅស្នាក់នៅជាមួយ មានឈ្មោះចាន់ រដ្ឋា អាយុ១៧ឆ្នាំ ជាកូនឈ្នួល ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិមាឃ២ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពពីនារីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងកំពុងនៅផ្ទះតែម្នាក់ឯង ចំណែកនារីជាកូនឈ្នួលរវល់ចេញទៅរកទិញបាយយកមកហូប លុះបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឃ្លីក មិនចាំស្លាកលេខ មានពាក់មួកការពារសុវត្ថិភាព ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើម បានចុះពីម៉ូតូ ដើរសំដៅចូលមកភ្ជង់គំរាមនាង និងថែមទាំងបានចាប់នាងច្របាច់កថែមទៀត រួចបក្ខពួកជនសង្ស័យម្នាក់ទៀត បានចូលទៅធ្វើសកម្មភាពរើកកកាយក្នុងទូប្រមូលយកប្រាក់អស់ចំនួន៥០០ដុល្លារ និងលុយខ្មែរ ចំនួន១២លានរៀល ព្រមទាំងទូរស័ព្ទដៃចំនួន២គ្រឿងបន្ថែមទៀត ហើយក៏ប្រញាប់នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

នារីរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ នាងបានព្យាយាមស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយដែរ តែទម្រាំមានការផ្អើលឆោឡោឡើង ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ទៅហើយ។

ជុំវិញករណីភ្ជង់ប្លន់ខាងលើនេះ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការសាកសួរ កំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ដើម្បីស្រាវជ្រាវចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕