Thursday, January 23, 2025
Homeព័ត៌មានជាតិប្រពន្ធពោះធំ សុំប្តីទៅខេត្តជាមួយមិនបាន រត់ចូលឡានសម្លាប់ខ្លួន

ប្រពន្ធពោះធំ សុំប្តីទៅខេត្តជាមួយមិនបាន រត់ចូលឡានសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឮប្តីប្រាប់ថាត្រូវចេញទៅធ្វើការនៅខេត្តឆ្ងាយ ក៏មិនទុកចិត្តសុំប្តីចេញទៅជាមួយ លុះប្តីប្រកែក ស្រាប់តែឈឺចិត្តស្អិតទ្រូង រត់ទៅឈរនៅកណ្តាលផ្លូវប៉ងឱ្យរថយន្តបុក ដើម្បីសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខចំណតរថយន្តក្រុង រិទ្ធ មុន្នី តាមបណ្តោយផ្លូវម៉ៅសេ ទុង ស្ថិតសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ស្ត្រីមានផ្ទៃពោះដែលរត់ទៅឈរកណ្តាលផ្លូវប៉ងឱ្យរថយន្តបុកសម្លាប់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីមានផ្ទៃពោះម្នាក់ ស្លៀករ៉ូបពណ៌ត្រួយចេក ខោពណ៌ក្រហម និងពាក់អាវដៃវែងពីខាងក្រៅ ពណ៌ប្រផេះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-0554 ដោយមានដឹកកូនប្រុសអាយុ៥ឆ្នាំម្នាក់ រួមនឹងស្ត្រីម្នាក់ទៀតត្រូវជាបងប្អូនរួមដំណើរពីក្រោយផង បានដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីមានផ្ទៃពោះខាងលើ ស្រាប់តែបានឈប់ម៉ូតូ រួចចុះរត់ទៅឈរនៅកណ្តាលផ្លូវក្នុងបំណងឱ្យរថយន្តបុក ដើម្បីសម្លាប់ខ្លួន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ នាំគ្នាជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានសួរនាំស្ត្រីខាងលើថាហេតុអ្វី បានជាប៉ងសម្លាប់ខ្លួនបែបនេះ ប៉ុន្តែស្ត្រីរូបនោះមិនព្រមនិយាយស្តីអ្វីទាំងអស់ និងចេះតែពោលពាក្យបែបអស់សង្ឃឹមក្នុងជីវិតថា នាងចង់ស្លាប់ៗ និងចេះតែព្យាយាមរត់ទៅឈរកណ្តាលផ្លូវរហូត។ លុះមួយសន្ទុះក្រោយមកស្ត្រីខាងលើ បានរត់ចូលទៅមើលក្នុងរថយន្តក្រុង១គ្រឿងដែលចតនៅក្នុងចំណតរថយន្តរិទ្ធ មុន្នី បំណងរកប្តីរបស់នាង តែដោយរកមិនឃើញ ក៏រត់មកអង្គុយនៅខាងក្រៅវិញ។

តាមសម្តីស្ត្រីដែលត្រូវជាបងប្អូនដែលរួមដំណើរជាមួយនឹងស្ត្រីមានផ្ទៃពោះខាងលើ បានបង្ហើបប្រាប់ថា ស្ត្រីមានផ្ទៃពោះដែលប៉ងសម្លាប់ខ្លួន ដោយរត់ទៅឈរកណ្តាលផ្លូវឱ្យរថយន្តបុកនេះ មានប្តី និងកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុក ហើយសព្វថ្ងៃកំពុងពពោះកូនទី៤ម្នាក់ទៀត។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នាងគ្រាន់តែដឹងថា ប្តីរបស់ស្ត្រីមានផ្ទៃពោះនេះ បានប្រាប់ថា គាត់ត្រូវចេញទៅធ្វើការនៅខេត្តឆ្ងាយ ប៉ុន្តែទំនងជាប្រពន្ធមិនទុកចិត្តប្តី ទើបទាមទារតាមទៅស្នាក់នៅខេត្តជាមួយប្តី ប៉ុន្តែប្តីប្រកែកមិនឱ្យទៅ ហើយក៏ធ្វើដំណើរទៅឡើង ឡានក្រុងចេញទៅខេត្ត ទើបស្ត្រីខាងលើជិះម៉ូតូដឹកកូន និងដឹកនាងដែលជាសាច់ញាតិតាមរកប្តី លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បែកគំនិតឈប់ម៉ូតូ រត់ចូលឡានប៉ងសម្លាប់ខ្លួនបែបនេះតែម្តង។

បន្ទាប់ពីសួរនាំដឹងពីដំណើរដើមទងអស់ហើយ សមត្ថកិច្ចមូលដ្ឋានបានជួយធ្វើការអប់រំណែនាំ និងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះខាងលើ ឱ្យបញ្ឈប់គំនិតប៉ុនប៉ងសម្លាប់នេះចោលទៅ គួររកដំណោះស្រាយដោយសន្តិវិធី ព្រោះការស្លាប់មិនអាចដោះស្រាយអ្វីបាន ក្រៅតែពីបន្សល់ទុកនូវសោកនាសកម្ម និងផលលំបាកសម្រាប់ក្រុមគ្រួសារ ពិសេសកូនៗតែម្តង។ បន្ទាប់មក ស្ត្រីមានផ្ទៃពោះខាងលើ ក៏បានសម្រេចឡើងជិះម៉ូតូ ដឹកកូនត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES