ស៊ូប៊ី ចណ្ឌណា (Surbhi Chandna) ជាតារាសម្តែងស្រីល្បីល្បាញរបស់ឥណ្ឌា ដែលពេលនេះកំពុងលេចធ្លោនៅកម្ពុជា តាមរយៈការសម្តែងក្នុងរឿង “ឥទ្ធិពលស្នេហ៍” ដែលនាងសម្តែងជាតួឯកស្រីឈ្មោះ អានីកា (Anika) កំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV។
ស៊ូប៊ី ចណ្ឌណា កើតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៨៩ (អាយុ២៨ឆ្នាំ) នៅបុមបៃ ប្រទេសឥណ្ឌា។ លំនៅឋានសព្វថ្ងៃនៅ Powai, ទីក្រុងបុមបៃ ឥណ្ឌា។ នាងបានប្រឡូកក្នុងអាជីពសម្តែងនៅឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន តាមរយៈការសម្តែងរឿងភាគរបស់ទូរទស្សន៍ឥណ្ឌា Zee TV។ មុនពេលក្លាយជាតារាភាពយន្ត ស៊ូប៊ី ចណ្ឌណា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារ (Marketing) ពីវិទ្យាស្ថានគ្រប់គ្រងការសិក្សានៅ Atharva។ ក្រោយមក នាងបានធ្វើការនៅ Atharva Group ហើយបានធ្វើដំណើរទៅកន្លែងផ្សេង។ នាងបានចូលរួមការប្រកួតប្រជែងសម្រស់ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “ឥណ្ឌាព្រីន” ព្រមទាំងបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនទៀត។ ក្រោយមក ដោយមានការជំរុញពីមិត្តភក្តិរបស់ម្តាយ ទើបនាង ស៊ូប៊ី ចណ្ឌណា បានសម្រេចចិត្តចូលប្រឡូកក្នុងការសម្តែង។
នៅដំណាក់កាលដំបូងនៃអាជីពរបស់នាង ស៊ូប៊ី ចណ្ឌណា បានថតស្ពតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើន។ នាងទទួលបានការកោតសរសើរតាមរយៈការសម្តែងជាបន្តបន្ទាប់ រហូតក្លាយជាតារាមួយដួងដ៏ពេញនិយមរបស់ឥណ្ឌា ជាពិសេសនាពេលចុងក្រោយនេះ ស៊ូប៊ី ចណ្ឌណា កំពុងលេចធ្លោនៅកម្ពុជា តាមរយៈការសម្តែងក្នុងរឿង “ឥទ្ធិពលស្នេហ៍” ដែលកំពុងចាក់បញ្ចាំង តាមប៉ុស្តិ៍ទូរទស្សន៍ MyTV ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ម៉ោង១២ថ្ងៃត្រង់ និងម៉ោង១០យប់។
រឿង “ឥទ្ធិពលស្នេហ៍” នេះ ស៊ូប៊ី ចណ្ឌណា សម្តែងជាតួឯកស្រីឈ្មោះ អានីកា (Anika) គូជាមួយលោក ណាគុល មេហ៍តា (Nakuul Mehta) អាយុ៣៤ឆ្នាំ ដែលសម្តែងជាតួឯកប្រុសឈ្មោះ ស៊ីវ៉ាយ ស៊ីង្ហអូបេរ៉យ (Shivaay Singh Oberoi) ហើយរឿងនេះក៏មានការចូលរួមសម្តែងរបស់អតីតតួឯកស្រីឈ្មោះ អាស្ថា ក្នុងរឿង “បេះដូងលាក់ស្នេហ៍” ផងដែរ គឺនាង ស្ហ្រេនុ ប៉ារិខ (Shrenu Parikh) ដែលសម្តែងជាតួអង្គឈ្មោះ គុរី៕