Saturday, April 20, 2024
Homeព័ត៌មានជាតិបុរស២នាក់ផឹកស្រាស្រវឹង ម្នាក់សុំទៅផ្ទះមុនមិនបាន ទាញច្រវាក់វាយរយះក្បាល

បុរស២នាក់ផឹកស្រាស្រវឹង ម្នាក់សុំទៅផ្ទះមុនមិនបាន ទាញច្រវាក់វាយរយះក្បាល

ភ្នំពេញ ៖ បុរស២នាក់ បានអង្គុយផឹកស្រាជាមួយគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែភាគីម្ខាងប្រាប់ថា សុំទៅផ្ទះមុនហើយ តែត្រូវភាគីម្ខាងទៀតឃាត់ថា កុំទាន់ទៅ ចាំបន្តិចទៀតទៅជាមួយគ្នា រួចក៏កើតជាទំនាស់ពាក្យសម្តី រហូតដល់ផ្ទុះជាអំពើហិង្សាទាញច្រវាក់វាយក្បាលបុរសដែលឃាត់មិនឱ្យទៅផ្ទះមុន បណ្តាលឱ្យរយះក្បាលហូរឈាមជោកខ្លួន។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទល់មុខអគ្គស្នងការនគរបាលជាតិ តាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះដែលត្រូវមិត្តភក្តិវ៉ៃរយះក្បាល មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង៣០ឆ្នាំ មុខរបរអ្នករត់រ៉ឺម៉កម៉ូតូកង់៣។ ចំណែកជនបង្កហេតុ មិនស្គាល់អត្តសញ្ញាណ និងមានអាយុជាង៣០ឆ្នាំដូចគ្នា ប្រកបរបរអ្នករត់ម៉ូតូឌុប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានអង្គុយផឹកស្រាជុំគ្នា តាំងពីក្បាលព្រលប់ រហូតដល់វេលាម៉ោង១០យប់ ភាគីបង្កហេតុដែលចាប់ផ្តើមស្រវឹងស្រឿងៗ ក៏សុំជនរងគ្រោះត្រឡប់ទៅផ្ទះមុន តែភ្លាមនោះជនរងគ្រោះបាននិយាយថា កុំទាន់ទៅចាំបន្តិចទៀតចាំទៅជាមួយគ្នា តែជនបង្កហេតុ មិនព្រមក៏ងើបដើរចេញ និងត្រូវជនរងគ្រោះស្ទុះទៅចាប់ឱ្យមកអង្គុយផឹកជាមួយគ្នាវិញ ទើបធ្វើឱ្យជនបង្កហេតុខឹងក៏ទាញច្រវាក់ចាក់ម៉ូតូមកកាន់ រួចស្រែកថា កុំចូលប្រយ័ត្នអញវ៉ៃ ដឹងអីភាគីបុរសអ្នករត់ម៉ូតូកង់៣នៅតែដើរចូល ព្រោះនឹកស្មានថា មិត្តភក្តិគ្រាន់តែនិយាយគំរាមលេង ស្រាប់តែភ្លាមនោះជនបង្កហេតុ បានវាយទៅលើជនរងគ្រោះ១ច្រវាក់ បណ្តាលឱ្យបែកក្បាល ហូរឈាមជោគខ្លួនតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប្រចាំការនៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកជួយអន្តរាគមន៍ចាប់ខ្លួនជនបង្កហេតុ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផងដែរ៕

RELATED ARTICLES