ខណៈដែលមិត្តរួមអាជីពជាច្រើន បានដឹកដៃគូស្នេហ៍ ដើរចូលរោងការជាបន្តបន្ទាប់ គេនៅពុំទាន់ឃើញសញ្ញាណាមួយពីគូស្នេហ៍តារាភាពយន្ត ជុយ វរ៉ាថ្យា និងលោក ភុត ភុទ្ទិឆៃ ថានឹងបន្លឺឈ្មោះអាពាហ៍ពិពាហ៍ពេលណាទេ។ ករណីនេះ តារាឯកស្រី ជុយ វរ៉ាថ្យា ប្រាប់ថា មិនបាច់បារម្ភទេ។ នាងស្រលាញ់លោក ភុត ពិត មានបំណងរៀបការមែនទែន ព្រោះការដែលបានស្រលាញ់បុរសម្នាក់នេះ ចាត់ទុកថា ជាសំណាងល្អលើសពីត្រូវឆ្នោតទៅទៀត…។
ជុយ វរ៉ាថ្យា និងភុត ភុទ្ធិឆៃ ពុំមែនត្រឹមតែជាគ្រូស្នេហ៍ក្នុងជីវិតពិតទេ សូម្បីតែការសម្តែងក្នុងរឿង “អង្គរក្សស្នេហ៍” របស់ស្ថានីយ MyTV នៅពេលនេះ ក៏អ្នកទាំងពីរត្រូវបានគេផ្គូផ្គងជាគូស្នេហ៍ដែរ។ ថ្វីបើពួកគេមានគម្លាតអាយុបន្តិចបន្តួច ដោយភាគីស្រីអាយុច្រើនជាង តែក៏ពុំមានឧបសគ្គអ្វីសម្រាប់ពួកគេឡើយ។ ពួកគេតែងតែបង្ហាញឱ្យឃើញនូវរូបភាពផ្អែមល្ហែម រ៉ូមែនទិកជាមួយគ្នាជាប្រចាំ ហើយក៏ញឹកញាប់ណាស់ដែរ ដែលពួកគេឆ្លងដែនទៅផ្អែមល្ហែមដល់បរទេស ដូចជាដែនដីរ៉ូមែនទិកកូរ៉េខាងត្បូង ជាដើម។
អាចនិយាយបានថា ស្នេហាពួកគេមានលក្ខណៈទុំជោរហើយ តែហេតុអ្វីពួកគេនៅពុំទាន់ចូលរោងការទៀត?
បញ្ហានេះត្រូវបានតារាឯក ជុយ វរ៉ាថ្យា បកស្រាយថា ថ្វីបើនាងពុំទាន់ដឹងច្បាស់ថា នឹងត្រូវរៀបការនៅពេលណា តែប្រិយមិត្តទាំងឡាយមិនបាច់បារម្ភទេ ព្រោះស្នេហារវាងពួកនាងជាស្នេហាពិតប៉ងរៀបការ មិនមែនជាការស្រលាញ់គ្នាលេងសើចទេ។
កន្លងមកមានប្រិយមិត្តជាអ្នកគាំទ្រលោក ភុត ខ្លះប្រតិកម្ម ដោយសារតែបុរសសង្ហារូបនេះ ទាក់ទងស្រលាញ់នារីដែលមានវ័យចាស់ជាង។ ជុយ ទទួលស្គាល់ថា ពិតជាមានមនុស្សជាច្រើនច្រណែននឹងរូបនាងមែន ដោយសារតែនាងមានសំណាងបានសង្សារវ័យក្មេងរូបសង្ហា មានអធ្យាស្រ័យល្អ ហើយថែមទាំងមានចិត្តស្មោះស្មគ្រ័ភក្តីទៀត។ តាំងពីថ្ងៃដំបូងដែលពួកនាងស្រលាញ់គ្នារហូតមក ទល់នឹងពេលនេះ ភុត មិនដែលបង្ហាញកាយវិការព្រាននារី ងាករេទៅរកស្រីផ្សេងម្តងណាឡើយ។ នាងប្រាប់ថា សង្សារល្អបែបនេះ ពិតជាពិបាករកណាស់ក្នុងសម័យបច្ចុប្បន្ន។ នាងចាត់ទុកថា ខ្លួនឯងមានសំណាងជាងត្រូវឆ្នោតជាតិរង្វាន់លេខ១ ទៅទៀត ដែលមានសង្សារល្អយ៉ាងនេះ។
ដោយសារតែមានសង្សារល្អបែបនេះហើយ ទើបនាងមិនព្រមបណ្តោយឱ្យគេរបូតពីដៃដោយងាយៗឡើយ។ នាងប្រាប់ថា បានជជែកជាមួយ ភុត ពីរឿងរៀបការមួយរយៈមកហើយ។ ចំណែកឯរឿងរៀបការ នៅពេលនោះ នាងប្រាប់ថា រង់ចាំឱ្យអីៗ ច្បាស់លាស់ជាងនេះសិន ព្រោះទាំងនាងនិង ភុត ត្រៀមលក្ខណៈជានិច្ច ដើម្បីនឹងផ្តល់ចម្លើយ។
ប៉ុន្តែ ពេលនេះជាពេលដែលរាសីការងាររបស់នាង និង ភុត កំពុងតែឡើងខ្ពស់ត្រដែតត្រដឹម។ ដូច្នេះពួកនាងសុំធ្វែកីរាកើបលុយ ទុកកសាងគ្រឹះសុភមង្គលសិន មុននឹងដឹកដៃគ្នាដើរចូលរោងការ៕